ដោយ: លាងហួរ
ប៉េកាំង: ក្រុមសេដ្ឋវិទូបានឱ្យដឹង នៅក្នុងការស្ទង់មតិរបស់សារពត៌មានReuters ថា វិស័យអចលនទ្រព្យរបស់ប្រទេសចិន នឹងងើបឡើងវិញបន្តិចម្តងៗនៅឆ្នាំ២០២៣ ដោយរំពឹងថា នឹងមានវិធានការជំរុញបន្ថែមទៀត និងការបន្ធូរបន្ថយការទប់ស្កាតជំងឺកូវីដ ដើម្បីគាំទ្រដល់វិស័យដែលជួបនូវវិបត្តិនៅឆ្នាំក្រោយ។
តម្លៃផ្ទះថ្មីត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះនៅក្នុងឆមាសទី១ នៃឆ្នាំក្រោយ មុនពេលកើនឡើងពេញមួយឆ្នាំ២០២៣ ខណៈពេលដែលការលក់ត្រូវបានគេមើលឃើញថា នឹងធ្លាក់ចុះកាន់តែយឺត។ នេះបើយោងតាមអ្នកវិភាគ និងសេដ្ឋវិទូចំនួន១៦រូប ដែលត្រូវបានស្ទង់មតិដោយសារពត៌មានReutersនៅចន្លោះថ្ងៃទី៩ដល់ថ្ងៃទី១៧ខែវិច្ឆិកា។
-->
យោងតាមការស្ទង់មតិបានឱ្យដឹងថា តម្លៃផ្ទះថ្មីត្រូវបានគេមើលឃើញថានឹងធ្លាក់ចុះ០,៥ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ប៉ុន្តែតម្លៃនេះ នឹងកើនឡើងវិញ១,៨ភាគរយពេញមួយឆ្នាំ។
លោក Li Zongguang ប្រធានក្រុមសេដ្ឋវិទូនៅក្រុមហ៊ុន China Renaissance Holdings Limited បានមានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៣ខាងមុខនេះ សន្ទស្សន៍អចលនទ្រព្យត្រូវបានគេរំពឹងថា នឹងមានចំណុចរបត់មួយ ហើយទំនុកចិត្តរបស់អ្នកប្រើប្រាស់ នឹងប្រសើរឡើងវិញជាមួយនឹងសេដ្ឋកិច្ចមានស្ថេរភាពទាំងស្រុង បន្ទាប់ពីមានការកាត់បន្ថយនូវការរឹតបន្តឹងជំងឺកូវីដ១៩។

វិបត្តិនៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន ដែលរួមចំណែកប្រហែលមួយភាគបួន នៃសេដ្ឋកិច្ចទំហំ១៧ពាន់ពាន់លានដុល្លាររបស់ប្រទេសនេះ បានបណ្តាលមកពីការទប់ស្កាត់ជំងឺកូវីដដ៏តឹងរ៉ឹង និងបញ្ហាឧស្សាហកម្មទាំងមូល។
វិធានការគាំទ្រមួយចំនួននាពេលថ្មីៗនេះ រួមមានការពន្យារពេលសងប្រាក់កម្ចី ក្នុងគោលបំណងធ្វើឱ្យប្រសើរឡើង នូវលំហូរសាច់ប្រាក់ងាយស្រួលក្នុងវិស័យអចលនទ្រព្យ បានគាំទ្រដល់អារម្មណ៍នៃទីផ្សារ។
យ៉ាងណាមិញក្រុមអ្នកវិភាគ និងអ្នកសេដ្ឋកិច្ចមានក្តីបារម្ភអំពីការធ្លាក់ចុះនៃតម្លៃផ្ទះ ការរឹតបន្តឹងលើជំងឺកូវីដ និងការពន្យារពេលក្នុងការសាងសង់ដែលនឹងបន្តធ្វើឱ្យតម្រូវការមានការធ្លាក់ចុះ។
ចំណែកឯទំហំនៃការលក់អចលនទ្រព្យ ត្រូវបានគេមើលឃើញថា នឹងធ្លាក់ចុះ៥ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ ពោលគឺទាបជាងការព្យាករណ៍ថា នឹងអាចធ្លាក់ចុះរហូតដល់១៥ភាគរយ នៅក្នុងការស្ទង់មតិកាលពីខែកញ្ញាកន្លងទៅ។
យោងតាមការស្ទង់មតិបានបង្ហាញថា ក្រុមសេដ្ឋវិទូរំពឹងថា ការលក់នឹងធ្លាក់ចុះត្រឹមតែ១ភាគរយប៉ុណ្ណោះ សម្រាប់ឆ្នាំ២០២៣ទាំងមូល។
លោកស្រី Huang Yu អនុប្រធាននៃ ស្ថាប័នស្រាវជ្រាវផ្នែកអចលនទ្រព្យ ឯករាជ្យChina Index Academy បានរំពឹងទុកថា ទីផ្សារនឹងមានស្ថិរភាពជាបណ្តើរៗ ដោយសារវិធានការផ្តល់ហិរញ្ញប្បទាន បានបង្កើននូវទំនុកចិត្ត ប៉ុន្តែលោកស្រីមិនរំពឹងថា វានឹងមានការកើនឡើងឆាប់រហ័សពេកនោះទេ ដោយលោកស្រីសង្កត់ធ្ងន់ លើតម្រូវគោលនយោបាយបន្ថែមទៀតដើម្បីផ្តោតលើតម្រូវការ។
លោកស្រី Huang Yu បានមានប្រសាសន៍បន្ថែមថា គោលនយោបាយគាំទ្រការទិញផ្ទះកាន់តែច្រើន គឺត្រូវការជាចាំបាច់ណាស់ ជាពិសេសគឺសកម្មភាព ដើម្បីបន្ធូរបន្ថយការទប់ស្កាត់ ការទិញផ្ទះមួយចំនួននៅក្នុងបណ្តាទីក្រុងធំៗ៕