ដោយវុត្ថា
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសចិនបានប្តេជ្ញាកៀងគរអ្នកវិនិយោគលើគ្រប់វិស័របស់ខ្លួនយមកអភិវឌ្ឍន៍នៅលើទឹកដីខេត្តបាត់ដំបងឲ្យមានការរីកចំរើនបន្ថែមទៀតនិងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជាដៃគូល្អនាពេលអនាគត តបតាមការស្នើសុំពីមន្ត្រីជាន់ខ្ពស់របស់ខេត្តបាត់ដំបងនៅក្នុងជំនួបពិភាក្សាការងារកាលពីថ្ងៃទី ១៨ ខែធ្នូ ម្សិលមិញនេះ។
លោក ងួន រតនៈ នៅក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូកំណែទម្រង់ និងអភិវឌ្ឍន៍ខេត្តអានហ៊ុយ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលដឹកនាំដោយ លោកលោក Da Yiwu ប្រធានវិស្វករនៃគណៈកម្មាធិការកំណែទម្រង់និងខេត្តអានហ៊ុយ បានសំណូមពរដល់គណៈប្រតិភូចិន ជួយដល់ភាគីកម្ពុជាក្នុងការវិនិយោគលើការកែច្នៃកសិផលទៅជាផលិតផលសម្រេចតាមបែបទំនើបដើម្បីនាំចេញលក់បានថ្លៃ និងសម្រួលការនាំចេញផលិតផលឱ្យបានលឿនប្រកបដោយគុណភាពនិឥងប្រសិទ្ធិភាព ដើម្បីលើកស្ទួយជីវភាពប្រជាជនក្នុងខេត្តមានជីវភាពកាន់តែរីកចំរើនឡើង។
លោក បានលើកឡើងពីសក្តានុពលនិងប្រជាជនកម្ពុជារស់នៅខេត្តបាត់ដំបង ដែលភាគច្រើនបានប្រកបរបរកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗទៀត នៅលើទឹកដីខេត្តបាត់ដំបងមានធនធានធម្មជាតិជាច្រើន ហើយត្រូវការអ្នកវិនិយោគិនបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍ខេត្តបាត់ដំបង ហើយបានផ្តល់ទីផ្សារការរងារនៅនឹងកន្លែងជាច្រើនដល់ប្រជាជនកម្ពុជា មានការងារធ្វើ មានជីវភាពធូធារ កាត់បន្ថយការចំណាកស្រុក បង្កើនជីវភាពរស់នៅជួបជុំគ្រួសារ ឱ្យកាន់តែប្រសើឡើង។
លោក Da Yiwu ប្រធានវិស្វករនៃគណៈកម្មាធិការកំណែទម្រង់និងខេត្តអានហ៊ុយ បានរីករាយនិងទទួលសំណូមពររបស់លោកអភិបាលខេត្តបាត់ដំបងយកទៅសិក្សាបន្ថែម និងណែនាំកៀងគរអ្នកវិនិយោគលើគ្រប់វិស័យមកអភិវឌ្ឍន៍នៅលើទឹកដីខេត្តបាត់ដំបងឲ្យមានការរីកចំរើនបន្ថែមទៀតនិងបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាជាដៃគូល្អនាពេលអនាគត់។
លោកអភិបាលខេត្តបាត់ដំបងបានថ្លែងអំណរគុណដល់ក្រុមហ៊ុនចិនមួយចំនួនដែលបានវិនិយោគនៅខេត្តបាត់ដំបងកន្លងមកនិងបន្តសហការគ្នារកស៊ីជាមួយគ្នាធ្វើឲ្យខេត្តបាត់ដំបងមានការអភិវឌ្ឍន៍កាន់តែរីចំរើនតទៅ៕