យុវជនកម្ពុជាមួយក្រុមផលិតយន្តហោះពីស្នោលក់ និងទទួលបាន ការចាប់អារម្មណ៍ខ្លាំង

0

ដោយៈ ជេស៊ីកា

       ភ្នំពេញៈ វាជាសមិទ្ឋផលដ៏គួរឲ្យអបអរសាទរមួយ ដែលយុវជនខ្មែរមួយក្រុមបានផលិតយន្តហោះស្នោលក់ និងទទួលបានការបញ្ជាទិញយ៉ាងច្រើនពីអតិថិជន ប៉ុន្តែក្តីសុបិនរបស់ពួកគេមិនបញ្ចប់ត្រឹមនេះទេ។

​គិត​ចាប់ពី​ត្រឹម​ឆ្នាំ​២០១៨ មកទល់នឹង​ចុងឆ្នាំ​២០១៩ ក្រុម​ផលិត​យន្តហោះ​តូចៗ​ពី​ស្នោ​របស់​លោក ជឿន ចននី ដែល​គេ​ស្គាល់​តាម​ក្រុម​ឈ្មោះ “គំនិត​-Khomnit” បាន​ឆ្លងកាត់​ការផលិត​យន្តហោះ​ចំនួន៥ ​ម៉ូដែល​មាន (​ធុន​) ​ចំនួន​សរុប​ប្រមាណ​២០០​គ្រឿង តែ​ក៏បាន​លក់ដាច់​អស់គ្មានសល់ ។

បច្ចុប្បន្ន ក្រុម​នេះ​កំពុងតែ​សស្រោក​សស្រាំ ​ក្នុង​ការផលិត​យន្តហោះ​តូចៗ​ពី​ស្នោ សម្រាប់​គប់​លេង​ឱ្យ​អតិថិជន​ មិនទាន់​តាម​ការ​កុម្ម៉ង់​ឡើយ​។

ក្រុម​គំនិត ក៏​សកម្ម​នឹង​ការផលិត​យន្តហោះ​ស្នោ​ខ្នាតតូច ដែល​អាច​បញ្ជា​បាន​តម្លៃ​ ១​ គ្រឿង​ចន្លោះ​ពី​៣០ដុល្លារ ទៅ៤០​ដុល្លារ​ឡើង ទៅ​តាម​ការកុម្ម៉ង់ និង​មាន​គម្រោង​ផលិត​យន្តហោះ​ស្នោ​ខ្នាត​ធំ​ទម្ងន់៧​គីឡូក្រាម អាច​បញ្ជា​ហោះហើរ​ដូច “​ដ្រូន”​ ទៀតផង​។

ស្ថាបនិក​ក្រុម “គំនិត​-Khomnit” វ័យ៣០​ឆ្នាំ លោក ជឿន ចននី បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា បច្ចុប្បន្ន យើង​ផលិត​យន្តហោះ​ពី​ស្នោ ដែល​បាន​ប្រើ​រូបមន្ត​ពិសេស ​ក្នុង​ការរក្សា​ភាពស្វិត​បាន​យូរ​នៃ​គុណភាព​ស្នោ​។ យើង​បាន​ផលិត២​ប្រភេទ​នៃ​យន្តហោះ​ស្នោ​ទាំងនេះ​។ ទី​១ ជា​យន្តហោះ​សម្រាប់​គប់​លេង និង​ទី​២ ជា​យន្តហោះ សម្រាប់​បញ្ជា​ហោះហើរ​នៅលើ​អាកាស​បាន​ដូចដ្រូន​។

លោកបានចននីពន្យល់ថា​ សម្រាប់​យន្តហោះ​ប្រភេទ​គប់​លេង​យើង​បាន​ផលិត៣​ម៉ូដែល​ គឺ​ប្រភេទ Boeing 747 ម៉ូដែល A350 និង​ម៉ូដែល A320​។ ឯ​ប្រភេទ​ទី​ ២ គឺ​យន្តហោះ​បញ្ជា Airbus A350 remote contor RC ទម្ងន់៧គីឡូក្រាម វា​មាន​ប្រវែង​ជាង៣​ម៉ែត្រ​ឯណោះ។

លោកបញ្ជាក់ថា “​ប្រភេទ​យន្តហោះ​បញ្ជា​នេះ ខ្ញុំ​ក៏​គ្រោង​នឹង​បន្ត​ការពិសោធ​បន្ថែមទៀត ហើយ​លទ្ធផល​នឹង​ដឹង​ច្បាស់លាស់​ក្នុង​ពេល​ឆាប់ៗ”។

លោក ចននី ដែលជា​កូនកំព្រា​ឪពុកម្តាយ​តាំងពី​វ័យ៥​ឆ្នាំ និង​បានរស់នៅ​មណ្ឌល​កុមារ​កំព្រា​ រហូត​បាន​រៀនសូត្រ​ចប់​ជំនាញ​ព័ត៌មានវិទ្យា​ ពី​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកវិទ្យា​កម្ពុជា (NPIC) និង​មាន​ទេពកោសល្យ​យល់ដឹង​ខ្ពស់​ផ្នែក​យន្តកម្ម​។

ដោយ​គ្រាន់តែ​មើល​សៀវភៅ ក៏​លោក​អាច​សម្រេច​ជោគជ័យ ក្នុង​ការច្នៃ​ផលិត​យន្តហោះ​តូចៗ​ផលិត​ពី​ស្នោ តាំងពី​ឆ្នាំ​ ២០១៨មក ខណៈ​គំនិត​​ ​ផ្តួចផ្តើម និង​ស្រាវជ្រាវ​ស្វ័យ​សិក្សា​ខ្លួនឯង​ បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០០៥ ​កន្លងមក។

អ្នកច្នៃប្រឌិត​រូបនេះ មាន​ស្រុកកំណើត​នៅ​ខេត្ត​កំពង់ចាម និង​ជា​អ្នកដឹកនាំ​ការផលិត​យន្តហោះ​បញ្ជា​ខ្នាតតូច​ក្រុម “គំនិត​-Khomnit” បញ្ជាក់​ពី​គោលបំណង ដែល​នាំឱ្យ​លោក​ផលិត​យន្តហោះ ​បញ្ជា​ទាំងនេះ​ឡើង គឺ​ដោយសារ​តែ​ជា​ចំណង់​ចំណូលចិត្ត​តាំងពីក្មេង និង​ព្រោះតែ​លោក​មាន​ចំណេះ​​ជំនាញ​ផ្នែក​មួយ​នេះ​ផងដែរ​។

លោក​បញ្ជាក់ថា “ការបង្កើត​វា​ឡើង ​ក្នុង​គោលបំណង​ចង់ឱ្យ​ប្រជាជន​ខ្មែរ​បាន​ប្រើប្រាស់​ ប្រភេទ​យន្តហោះ​បញ្ជា​ខ្នាតតូច​ទាំងនោះ និង​ចង់​ពញ្ញាក់​ស្មារតី​យុវជន​ខ្មែរ ក៏​ដូចជា​ប្រជាជន​ខ្មែរ​ឱ្យ​ស្គាល់​ពី​គុណតម្លៃ ​នៃ​បច្ចេកវិទ្យា​ក្នុង​វិស័យ​មួយ​នេះ និង​បង្ហាញ​ទៅកាន់​បរទេស​ថា ខ្មែរ​ក៏​អាចធ្វើ​បាន”។

ចំពោះ​អានុភាព​នៃ​យន្តហោះ​បញ្ជា​ពិសេស​ខ្នាតតូច លោក ចននីបានឱ្យ​ដឹងថា វា​មាន​លក្ខណៈ​ខុសពី​ផលិតផល​ផ្សេងៗ​ត្រង់​ថា វា​មាន​រាង​តូច​ល្មម សម្រាប់​ប្រើប្រាស់ ហើយ​រូបរាង​គឺ​ដូច​យន្តហោះ​មែនទែន ថែមទាំង​មាន​លក្ខណៈ​ងាយស្រួល ក្នុង​ការដោះ​ផ្គុំ​។ ខណៈ​គ្រឿង​ផលិត​មាន​លក្ខណៈ​រឹងមាំ និង​ទទួល​បាន​ការតេស្ត​យ៉ាង​ត្រឹមត្រូវ ដើម្បី​រក្សាបាន​នូវ​គុណភាព​។

លោក​បញ្ជាក់ថា “​ពួកយើង​បាន​ផ្តើម​ពី​ចំណុចសូន្យ​ មក​ដល់​បង្កើតបាន​ផលិតផល​ស្តង់ដា​មួយ ដែល​មាន​ការវេចខ្ចប់​ត្រឹមត្រូវ និង​ត្រៀម​រុញ​ចូល​ប្រជែង​ទីផ្សារ ក៏​ដោយសារ​តែ​ការគាំទ្រ​របស់​បងប្អូន​”។

តួយ៉ាង​ដូចជា​យន្តហោះ​បញ្ជា ANA តម្លៃ៣០$ ល្អ​លេង​មែនទែន​។ បញ្ជា​បាន​ចម្ងាយ១០០ ​ម៉ែត្រ មាន​ថ្ម​១ វា​ហោះ​បាន១៥​នាទី ហើយ​ថ្ម​បញ្ចូលភ្លើង​បាន​ងាយស្រួល​ដោះ​ផ្គុំ ចូល​ទឹក​មិន​ខូច និង​ហោះ​ធ្លាក់​ក៏​មិន​បែកបាក់​។

ទោះជា​យ៉ាងណា មុន​នឹង​ឈាន​មក​បង្កើត​យន្ត​បញ្ជា​ប្រភេទ Airbus A350 remote contor RC ដោយមាន​ទម្ងន់​ដល់​ទៅ៧គីឡូក្រាម លោក ជឿន ចននី និង​សមាជិក​ចំនួន៧​នាក់ ​ក៏​ធ្លាប់បាន​សាកល្បង​ជោគជ័យ​ប្រភេទ​តូច​មួយ​រួចមកហើយ កាលពី​ពេល​កន្លងទៅ ដែល​សមត្ថភាព​អាច​ហោះ​បាន​ក្នុង​កម្ពស់​ពី៤០ ​ម៉ែត្រ ទៅដល់៨០ម៉ែត្រ ទើប​ជាហេតុ​នាំ​ឱ្យ​លោក​មាន​គំនិត​ឈាន​ទៅរក​ការបង្កើត​ធុន​ធំ​ជាង​មុន​។

លោក ចននី បន្តថា​ ការរចនា​តាម​ការកុម្ម៉ង់ (Custom Design) ​តម្លៃ​ត្រឹមតែ៤០$ ​យើង​អាច​រចនា​ តាម​ការចង់​បាន​របស់​អតិថិជន ដោយ​គ្រាន់តែ​ផ្ញើlogo មកកាន់​យើង​ជាការ​ស្រេច”​។ លោកបន្តថា “គំនិត សូម​អរគុណ​អតិថិជន ជា​ជនជាតិ​ឥណ្ឌូនេស៊ី ដែល​បាន​គាំទ្រ និង​មាន​ទំនុកចិត្ត​ចំពោះ​ផលិតផល​របស់​គំនិត​”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here