ដំណឹង​ល្អ! JICA ផ្តល់​ហិរញ្ញប្បទាន ៣០លាន​ដុល្លារ​លើ​គម្រោង​ការពារ​ទឹកជំនន់ និង​ប្រព័ន្ធ​ប្រឡាយ​លូ

0

ដោយ​គង់ សូរិយា

ភ្នំពេញ៖ មន្ត្រី​ជំនាញ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន (JICA) បានផ្តល់​ហិរញ្ញប្បទាន​ទឹកប្រាក់​ចំនួន៣០លាន​ដុល្លារ​អាមេរិក សម្រាប់​ប្រើប្រាស់​លើ​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ ជំហាន​ទី៤ ។

គម្រោង​ទាំងនេះ​រួមបញ្ចូល​ទាំង​ការដាក់​បណ្តាញ​លូ​មេ  សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី សាងសង់​ស្ថានីយ៍​បូមទឹក និង​ការ​តម្លើង​របា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៃ​ស្ថានីយ៍​បូមទឹក​ជាដើម។

ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក​សាំ ពិសិដ្ឋ​បាន​មានប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី២០ ធ្នូ​នេះ​ថា គម្រោង​នេះ​នឹង​អនុវត្ត​នៅតាម​ការដ្ឋាន​ជាច្រើន រួមមាន​ទី ១-ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌទួលគោក​ប្រវែង៨.២គីឡូម៉ែត្រ។ ទី ២ដាក់​បណ្តាញ​លូ​មេ នៅក្នុង​ភូមិសាស្ត្រ​ខណ្ឌដូនពេញ ប្រវែង៤.៤គីឡូម៉ែត្រ។ ទី៣ សាងសង់​អាង​ស្តុក​ទឹក​ក្រោម​ដី និង​សាងសង់​ស្ថានីយ៍​បូមទឹក នៅ​សួនច្បារ​មុខ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC។ ទី ៤-តម្លើង​របា​មេកានិច​ស្វ័យប្រវត្តិ ដើម្បី​ប្រមូល​សំរាម​នៅមុខ​ផ្លូវ​បង្ហូរទឹក​នៅ​ស្ថានីយ៍​បូមទឹក​ចតុមុខ ព្រះ​គម្លង់១ ព្រះ​គម្លង់២ និង​ផ្សារ​ចាស់។ និង៥-ផ្តល់​រថយន្ត​បូមទឹក​ចល័ត​ចំនួន២គ្រឿង។

ជាមួយគ្នានេះ លោក ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​នាពេល​កន្លងមក​ក៏បាន​ធ្លាប់បាន​លើកឡើង​ដែរ​ថា គម្រោង​ជំ​ហាប​ទី៤នៃ​ការការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​នេះ បាន​ផ្តោតទៅលើ​ការងារសំខាន់ៗមួយចំនួន​ដូចជា ការងារ​រំដោះ​ទឹក ដែល​ការងារ​រំដោះ​ទឹក​នេះ​ចែកចេញជា​ពីរ​ផ្នែក ដែល​ផ្តល់​អត្ថប្រយោជន៍​ធំ គឺ​ទទួលបាន នៅ​ផ្នែក​ខាងជើង​វត្តភ្នំ នៅក្នុង​តំបន់​ផ្លូវ​អម​ផ្លូវ និង​ផ្លូវ១៤៧ ដោយ​ចាប់ពី​វត្តភ្នំ​រហូត​ទៅដល់​រង្វង់​មូល​គួច​កាណុង មាន​ផ្ទៃ​ប្រមាណ​ជិត៧០ហិកតា ដែល​នឹងត្រូវ​រៀបចំ​និង​គិតគូរ​ឲ្យ​មាន​ជា​ស្ថានីយ៍​បូមទឹក​មួយកន្លែង ដែល​ស្ថានីយ៍​បូមទឹក​នេះ ជា​ស្ថានីយ៍​ទី៥ ស្របតាម​មាត់ទន្លេ មាន​ទីតាំងនៅ​ទល់មុខ​សួនច្បារ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​សេដ្ឋកិច្ច CDC។

នៅក្នុង​ស្ថានីយ៍​បូមទឹក​នេះ នឹង​រៀបចំ​ឲ្យ​មាន​អាង​ស្តុក​ទឹក​ក្រោម​ដី ដែលមាន​សមត្ថភាព​អាច​ស្តុក​ទឹក​ប្រមាណ៦.០០០ម៉ែត្រគូប មុននឹង​ធ្វើការ​បូម​ទម្លាក់​ទឹកភ្លៀង​ពី​អាង​ស្តុក​ទឹក​ចូលទៅក្នុង​ទន្លេ។ លើសពីនេះ​រដ្ឋបាល​ក្រុង​នឹង​រៀបចំ​ស្ថានីយ៍​បូមទឹក​នេះ នឹងមាន​ការដំឡើង​ជា​ម៉ាស៊ីន​ចាប់យក​សំរាម​ដោយ​ស្វ័យប្រវត្តិ ដែល​កិច្ចការ​នេះ​ជា​ចំណែក​មួយ​នៃ​គម្រោង​ជំ​ហ៊ាន​ទី៤ ហើយ​គម្រោង​នេះ នឹង​យកទៅ​បំពាក់​នៅ​គ្រប់​ស្ថានីយ៍​ទាំង៤ នៅជាប់​មាត់ទន្លេ គឺ​ស្ថានីយ៍​បូមទឹក​ផ្សារ​ចាស់ ស្ថានីយ៍​ព្រះ​គម្លង់ ស្ថានីយ៍​ផ្សារកណ្តាល និង​ស្ថានីយ៍​ចតុមុខ ដែលជា​ស្ថានីយ​ស្ថាបនា​រួចហើយ តាំងពី​គម្រោង​ជំហាន​ទី២មកម្ល៉េះ​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here