តើគេអាចទាញយកប្រយោជន៍អតិបរមាពីគម្រោងផ្លូវល្បឿនលឿន បានយ៉ាងដូចម្តេច?

0

ដោយៈ សុផារី

ភ្នំពេញៈ ផ្លូវល្បឿនលឿន គឺជាសសៃឈាមសេដ្ឋកិច្ច ដែលជួយសម្រួ​លក្នុងការដឹកជញ្ជូន និងបម្រើឱ្យវិស័យនានា ប៉ុន្តែវាត្រូវបានហំព័ទ្ធ ដែលធ្វើឱ្យកំណើនតម្លៃ អចលនទ្រព្យមិនសូវជាឡើងថ្លៃខ្ពស់ លើកលែងតែទីតាំងច្រកចេញតែប៉ុណ្ណោះ។

យ៉ាងណាមិញ អ្នកជំនាញផ្តល់យោបល់ទាក់ទង នឹងការទាញយកប្រយោជន៍ជាអតិបរមាពីគម្រោងផ្លូវល្បឿនលឿន។

លោកឧកញ៉ា នួន រឹទ្ធី អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ KFA បានមានប្រសាសន៍ប្រាប់ Property Area Asia នៅថ្ងៃទី២ ខែធ្នូថា គម្រោងផ្លូវល្បឿនលឿន ជាផែនការក្នុងការជំរុញ និងបម្រើឱ្យការដឹកជញ្ជូន មិនដូចជាគម្រោងផ្លូវក្រវាត់ក្រុង ដែលបម្រើឱ្យការដឹកជញ្ជូន ហើយថែមទាំងបានធ្វើ  ឱ្យមានការអភិវឌ្ឍ នៅតាមបណ្តោយផ្លូវនេះទៀតផង។

ផ្ទុយទៅវិញ ដីធ្លីនៅតាមផ្លូវល្បឿនលឿន មិនអាចធ្វើអ្វីបានច្រើន ប៉ុន្តែមិនមែនមានន័យថា មិនអាចធ្វើអ្វីបាននោះទេ។

លោកឧកញ៉ាបានពន្យល់ថា ទោះបីជាគម្រោងផ្លូវល្បឿនលឿនមិនអនុញ្ញាតឱ្យមានផ្លូវចេញចូលឆ្លងកាត់ក្តី ប៉ុន្តែសម្រាប់ទីតាំងដែលនៅជិតនឹងច្រកចេញ ប្រាកដជាទទួលបានផលប្រយោជន៍ខ្ពស់បំផុត ហើយដីធ្លីនៅតាមបណ្តោយផ្លូវល្បឿនលឿន ដែលមានទីតាំងនៅជិតច្រកចេញ ចូលក៏អាចកែច្នែ ជាគម្រោងអចលនទ្រព្យប្រភេទឧស្សាហកម្ម មានដូចជា រោងចក្រ សហគ្រាស ឃ្លាំងស្តុកទំនិញ ។ល។

លោកបានពន្យល់ថា ការទាញយកប្រយោជន៍ ពីទីតាំងជាប់ផ្លូវល្បឿនលឿន ផ្តល់ផលចំណេញច្រើន សម្រាប់គម្រោងប្រភេទនេះ ដោយសារតម្លៃដីធ្លីនៅមានភាពសមរម្យ ហើយការធ្វើដំណើរមកកាន់ច្រក ចេញចូលមាន    រយៈចម្ងាយជិតជាងទីតាំងនៅទីក្រុងច្រើន។ ដូច្នេះការដឹកជញ្ជូនផលិតផលពីទីតាំងឃ្លាំង ទៅកាន់គោលដៅនឹងកាន់តែងាយស្រួល ហើយចំណាយថវិកាតិចជាង។

ជាមួយគ្នានេះ លោក ច្រឹក សុខនីម  ជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានឱ្យដឹងថា តម្លៃដីធ្លីនៅតាមបណ្តោយផ្លូវល្បឿនលឿន មិនមានអំណោយផលដល់ការឡើងថ្លៃ គ្រប់កន្លែងនោះទេ ដោយសារផ្លូវមួយនេះជាយន្តការ ដែលជួយសម្រួលដល់ការដឹកជញ្ជូនជាចម្បងច្រើនជាង។

លោកបានបញ្ជាក់ថា “សម្រាប់គម្រោងផ្លូវល្បឿនលឿន ដីធ្លីនៅក្នុងផ្លូវនេះអាចនឹងឡើងថ្លៃ ប៉ុន្តែការឡើងថ្លៃនេះ មិនអំណោយផលគ្រប់កន្លែងនោះទេ ព្រោះផ្លូវល្បឿនលឿនត្រូវបានបិទ និងហ៊ុំព័ទ្ធគ្រប់កន្លែងនៅសងខាងផ្លូវ”។ លោកបន្ថែមថា ៣វាជាចំណែកជួយសម្រួល ក្នុងការធ្វើដំណើរឱ្យកាន់តែលឿន ប៉ុន្តែប្រសិនបើឱ្យដីនៅតំបន់នោះឡើងថ្លៃខ្លាំង គឺមិនច្រើនពេកនោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here