អ៊ុយក្រែនត្រូវការទឹកប្រាក់រហូតដល់១ពាន់ពាន់លានដុល្លារដើម្បីកសាងប្រទេសឡើងវិញពីសង្គ្រាម

0

ដោយ៖ សុខុម

ក្រុងគៀវ: ទំហំថវិកាដែលអ៊ុយក្រែន នឹងត្រូវការសម្រាប់កសាងប្រទេសឡើងវិញបានបន្តកើនឡើងឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ខណៈកងទ័ពរុស្ស៊ី បន្តបង្កើនការវាយប្រហារទៅលើប្រទេសនេះទាំងយប់ទាំងថ្ងៃ ដោយតម្រង់គោលដៅបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដើម្បីឱ្យប្រទេសនេះទន់ដៃទន់ជើងឆាប់ចុះចាញ់សង្គ្រាម។

កាលពីខែកញ្ញា កន្លងទៅនេះ ធនាគារពិភពលោក ឬ World Bank បានប៉ាន់ប្រមាណថា អ៊ុយក្រែន នឹងត្រូវការទំហំថវិកាដល់ទៅប្រមាណ៣៥០ពាន់លានដុល្លារអាមេរិក សម្រាប់កសាងប្រទេសឡើងវិញ ក្រោយពីភ្លើងសង្គ្រាមរលត់។

ទោះជាយ៉ាងណា កាលពីមួយខែមុន រដ្ឋាភិបាលអ៊ុយក្រែន បានប៉ាន់ប្រមាណថា ខ្លួននឹងត្រូវការទំហំថវិការហូតដល់ទៅប្រមាណ៧៥០ពាន់លានដុល្លារអាមេរិក ហើយពេលនេះប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡិនស្គី បញ្ជាក់ថា អ៊ុយក្រែន នឹងត្រូវការថវិការហូតដល់ទៅ១ទ្រីលានដុល្លារអាមេរិក ឯណោះសម្រាប់កសាងប្រទេសឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃអាទិត្យ ទី៤ ខែធ្នូ។

ទន្ទឹមនេះ យោងតាមសារព័ត៌មាន The Wall Street Journal ចុះផ្សាយកាលពីថ្ងៃទី២៦ ខែកញ្ញា កន្លងទៅបង្ហាញថា សង្គ្រាមរុស្ស៊ី នៅក្នុងប្រទេសអ៊ុយក្រែន នឹងធ្វើឱ្យសេដ្ឋកិច្ចពិភពលោកខាតបង់រហូតដល់ទៅ២,៨ទ្រីលានដុល្លារអាមេរិក។

ប្រាកដណាស់ ទំហំថវិកាសម្រាប់កសាងប្រទេសឡើងវិញនេះនឹងបន្តកើនឡើងទៀត ប្រសិនបើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បន្តអូសបន្លាយកាន់តែយូរ។

រដ្ឋាភិបាលក្រុងមូស្គូ ក្រោមការដឹកនាំដោយបុរសខ្លាំង ពោលគឺប្រធានាធិបតី វ៉្លាឌីមៀ ពូទីន បានបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២ នេះដោយសារខ្លាចអ៊ុយក្រែន សុំចូលជាសមាជិកសហភាពអឺរ៉ុប និងជាពិសេសសមាជិកអង្គការបក្សសម្ព័ន្ធយោធាណាតូ បានសម្រេច ខណៈខ្លួនចង់ទុកប្រទេសនេះជាតំបន់ទ្រនាប់ដើម្បីការពារសន្តិសុខជាតិរបស់ខ្លួន។

ទន្ទឹមនឹងនេះ លោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានទម្លាយឱ្យដឹងថា ទាហានអ៊ុយក្រែន សរុបចំនួន១៣,០០០នាក់ត្រូវបានពលីជីវិតក្នុងសមរភូមិ ចាប់តាំងពីរុស្ស៊ី បានឈ្លានពានប្រទេសនេះកាលពី៩ខែមុន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃសុក្រ ទី០២ ខែធ្នូ។

សារព័ត៌មានដដែលបញ្ជាក់ថា កាលពីខែមុន ឧត្តមសេនីយ៍កំពូលរបស់សហរដ្ឋអាមេរិក បានប៉ាន់ប្រមាណថា ទាហានរុស្ស៊ី រហូតដល់ទៅជាង១០០.០០០នាក់បានស្លាប់ ឬរបួសនៅអ៊ុយក្រែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here