ទំហំនៃការបញ្ជាទិញពីប្រទេសចិនដាំក្បាលចុះ៤០ភាគរយ ខណៈតម្រូវការកំពុងដួលរលំ

0

ដោយ: លាងហួរ

អន្តរជាតិ: អ្នកគ្រប់គ្រងផ្នែកភស្តុភាររបស់សហរដ្ឋអាមេរិកកំពុងត្រៀមខ្លួននឹងការពន្យារពេលដឹកជញ្ជូនទំនិញពីប្រទេសចិន នៅដើមខែមករាខាងមុខ ដែលបណ្តាលមកពីការលុបចោលការដឹកជញ្ជូនតាមរយៈកប៉ាល់ផ្ទុកកុងតឺន័រ និងការពន្យារពេលនៃការនាំចេញ ដោយក្រុមហ៊ុនដឹកជញ្ជូនតាមផ្លូវសមុទ្រ។

ក្រុមហ៊ុនដឹកជញ្ជូនបាន និងកំពុងអនុវត្តលើយុទ្ធសាស្ត្រគ្រប់គ្រងសមត្ថភាពយ៉ាងសកម្ម ដោយប្រកាសអំពីការផ្អាកសេវាកម្ម ដើម្បីធ្វើឱ្យមានតុល្យភាព រវាងការផ្គត់ផ្គង់ និងតម្រូវការ។

លោក Joe Monaghan នាយកប្រតិបត្តិ នៃក្រុមហ៊ុនដឹកជញ្ជូនពិភពលោក បានមានប្រសាសន៍ថា ការធ្លាក់ចុះឥតឈប់ឈរ នៃអត្រាដឹកទំនិញកុងតឺន័រពីតំបន់អាស៊ី បណ្តាលមកពីការដួលរលំនៃតម្រូវការ។

យោងតាមទិន្នន័យចុងក្រោយបង្អស់របស់ CNBC Supply Chain Heat Map បានឱ្យដឹងថា ការបញ្ជាទិញផលិតផលរបស់សហរដ្ឋអាមេរិកពីប្រទេសចិនបានធ្លាក់ចុះ៤០ភាគរយ។ ជាលទ្ធផលនៃការថយចុះការបញ្ជាទិញនេះ ក្រុមហ៊ុន Worldwide Logistics បានបញ្ជាក់ឱ្យដឹងថា ក្រុមហ៊ុនប៉ាន់ស្មានថា រោងចក្រនានាក្នុងប្រទេសចិនអាចនឹងបិទទ្វារចំនួន២សប្តាហ៍មុនថ្ងៃបុណ្យចូលឆ្នាំចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣។

លោក Monaghan បានមានប្រសាសន៍ថា ក្រុមហ៊ុនផលិតជាច្រើននឹងត្រូវបិទនៅដើមខែមករាសម្រាប់ថ្ងៃឈប់សម្រាក ដែលលឿនជាងឆ្នាំមុន។

ក្រុមហ៊ុនស្រាវជ្រាវខ្សែសង្វាក់ផ្គត់ផ្គង់ Project 44 បានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីពាណិជ្ជកម្មឈានដល់កម្រិតបំបែកកំណត់ត្រាក្នុងកំឡុងពេលបិទខ្ទប់ ចំនួននាវា ដែលដឹកទំនិញពីប្រទេសចិនទៅសហរដ្ឋអាមេរិក បានត្រឡប់មកវិញយ៉ាងច្រើន ចាប់តាំងពីចុងរដូវក្តៅឆ្នាំ២០២២ រួមទាំងការធ្លាក់ចុះ២១ភាគរយ នៅក្នុងបរិមាណកុងតឺន័រ សរុបរវាងខែសីហា និងវិច្ឆិកា៕

LEAVE A REPLY

Please enter your comment!
Please enter your name here