ដោយ: លាងហួរ
ព្រះសីហនុ: កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) កំពុងស្ថិតក្នុងដំណើរការផ្ទេរកម្មសិទ្ធិទៅឱ្យអ្នកទិញ បន្ទាប់ពីពួកគេបានចុះកិច្ចសន្យាលក់ និងទិញលក់ដីទំហំ១៣០ហិកតា ស្ថិតក្នុងឃុំបិតត្រាំង ខេត្តព្រះសីហនុ។
នេះបើតាមរបាយការណ៍ចុងក្រោយ ដែលចេញផ្សាយកាលពីម្សិលមិញ នៅលើផ្សារហ៊ុនកម្ពុជា។
យោងតាមរបាយការណ៍ប្រចាំត្រីមាសទី៣ឆ្នាំ២០២២របស់ PAS ចេញផ្សាយនៅលើផ្សារមូលបត្រកម្ពុជា (CSX) បានបង្ហាញថា ក្រុមហ៊ុនកំពង់ផែចុះបញ្ជីបានទទួលប្រាក់កក់ចំនួន២លានដុល្លារ នៅថ្ងៃចុះហត្ថលេខាលើកិច្ចព្រមព្រៀងពីអ្នកទិញ ដែលសន្យាថា នឹងបង់ចំនួនដែលនៅសេសសល់នៅពេលបញ្ចប់សំបុត្រកម្មសិទ្ធិ (LMAP) ក្រោយពីភាគីទាំង២បានព្រមព្រៀងគ្នាកំណត់តម្លៃ២០ដុល្លារក្នុងមួយម៉ែត្រការ៉េ។
របាយការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា កិច្ចសន្យាសរុបមានតម្លៃ២៦លានដុល្លារ ហើយដំណើរការនៃការផ្ទេរកម្មសិទ្ធិមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ រហូតមកដល់ពេលនេះ។ ទំហំដីនោះអាចនឹងត្រូវបានកាត់បន្ថយ ដោយសារការសាងសង់ផ្លូវសាធារណៈកំពុងតែកើតឡើងនៅទីនោះ។
ចំណែកការគ្រប់គ្រងកំពុងស្ថិតក្នុងដំណើរការផ្ទេរកម្មសិទ្ធិប្លង់រឹង ហើយទំហំដីជាក់ស្តែងនឹងត្រូវបានបញ្ជាក់ឱ្យដឹងនៅពេលដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (MLMUPC) ចេញប័ណ្ណកម្មសិទ្ធិ។
របាយការណ៍ដដែលបានបន្តបង្ហាញផងដែរថា អ្នកទិញនឹងទូទាត់តាមទំហំ ដែលបានបញ្ជាក់ក្នុងតម្លៃ២០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ PAS បានចុះហត្ថលេខាលើកិច្ចសន្យាលក់ និងទិញ ជាមួយអ្នកទិញដើម្បីលក់ក្បាលដីនៅទំនេរកាលថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២១៕