តើគួរវិនិយោគលើផ្នែកណាមួយនៃអចលនទ្រព្យនៅក្នុងឆ្នាំ២០២៣ទើបបានផលចំណេញខ្ពស់?

0

ដោយ៖ សុផារី

ភ្នំពេញ៖ ទោះស្ថានភាពអចលនទ្រព្យក្នុងប្រទេសហាក់មានសញ្ញាវិជ្ជមាននៅក្នុងផ្នែកជាច្រើនក៏ដោយ ក្តីបារម្ភចំពោះភាពមិនប្រាកដប្រជានៃវិបត្តិសេដ្ឋកិច្ច និងផលប៉ះពាល់ពីវិបត្តិជំងឺនៅតែបន្តកើតមាន។ យ៉ាងណាក្តី អ្នកជំនាញណែនាំថា ទោះស្ថានភាពទីផ្សារមានការលំបាកបន្តិច ប៉ុន្តែផ្នែកចំនួនពីរនឹងមានសកម្មភាពល្អប្រសើរ ហើយអំណោយផលដល់ការវិនិយោគនៅក្នុងឆ្នាំ២០២៣។

លោក ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ​ Advance​ បានឱ្យ​ដឹង​ថា​ ជម្រើសវិនិយោគចំនួនពីរជាជម្រើសវិនិយោគល្អប្រសើរហើយនឹងផ្តល់ផលចំណេញ នៅក្នុងឆ្នាំ២០២៣ នោះគឺលំនៅឋានតម្លៃសមរម្យ មានទីតាំងនៅតំបន់ជាយក្រុងភ្នំពេញ និងការវិនិយោគលើដីធ្លី។

លោកថា “នៅតែមានចំណែកខ្លះ ដែលអាចដំណើរការទៅបាន គ្រាន់តែមិនសូវជាប្រែប្រួលខ្លាំងនោះទេ ទីផ្សារផ្ទះតម្លៃសមរម្យ មានតម្លៃចន្លោះពី៦ទៅ៧ម៉ឺនដុល្លារចុះក្រោម ដែលមានទីតាំងល្អ នៅក្បែរៗជាយក្រុង យើងមើលឃើញនៅមានទីផ្សារ”។

អ្នកជំនាញរូបនេះបញ្ជាក់ថា ចំណែកទីផ្សារតម្លៃខ្ពស់ជាងនេះហាក់មានការលំបាកបន្តិច ដោយសារតម្រូវការ ដែលមានជានិច្ចនោះគឺ តម្រូវការមធ្យមចុះក្រោម។ ម្យ៉ាងទៀត ក្នុងរយៈពេលដែលប្រឈមនឹងវិបត្តិ៣ឆ្នាំនេះបានធ្វើឱ្យទីផ្សារអចលនទ្រព្យប្រភេទតម្លៃថ្លៃរៀងពិបាកលក់បន្តិច។

លោកគូសបញ្ជាក់ថា “សម្រាប់អ្នកចង់វិនិយោគ ឆ្នាំ២០២៣ អាចជាឆ្នាំសម្រាប់អ្នកស្វែងរកទិញដីធ្លីសម្រាប់ទុកវិនិយោគអ្វីមួយ នៅក្នុងឆ្នាំបន្ទាប់”។

លោកបានបន្តថា នៅក្នុងដំណាក់កាលនេះ ជាពេលដែលអ្នកវិនិយោគអាចចរចាតម្លៃទ្រព្យបានសមរម្យជាងកាលពី២ទៅ៣ឆ្នាំមុន ដោយយើងអាចសង្កេតឃើញថា នៅក្នុងតំបន់មួយចំនួនតម្លៃអចលនទ្រព្យបានធ្លាក់ចុះបន្តិចបន្តួច ខណៈតំបន់ខ្លះក៏នៅទ្រឹង។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា សម្រាប់ស្ថានភាពនៅក្នុងឆ្នាំ២០២៣ ដីធ្លីនៅភ្នំពេញ និងជាយរាជធានីភ្នំពេញ និងតាមបណ្ដាក្រវាត់ក្រុងទី៣ ទី៤ ជាចំណុចសំខាន់ ដែលនឹងផ្ដល់សក្ដានុពលក្នុងការវិនិយោគអាចទទួលបាន ប្រាក់ចំណេញគួរសម នៅពេលស្ថានភាពគាប់ប្រសើរឡើងវិញ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here