អារ៉ាប៊ីសាអូឌីតចេញលិខិតអនុញ្ញាតគម្រោងឧស្សាហកម្មតម្លៃ២៦៥ពាន់លានដុល្លារក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២

1

សុខុម

ក្រុងរីយ៉ាដ: អារ៉ាប៊ីសាអូឌីតបានចេញលិខិតអនុញ្ញាតដល់គម្រោងឧស្សាហកម្មចំនួន៧២៥គម្រោង ដែលមានតម្លៃសរុប២៦៥ពាន់លានដុល្លារ ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២២។ នេះបើយោងតាមទិន្នន័យពីក្រសួងឧស្សាហកម្ម និងធនធានរ៉ែនៃប្រទេសនេះ។

ការចេញលិខិតអនុញ្ញាតយ៉ាងច្រើនសន្ធឹកសន្ធាប់នេះធ្វើឡើង ស្របពេលប្រទេសនេះកំពុងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្ម និងផលិតកម្មក្នុងស្រុក ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ខ្លួន ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចឱ្យឃ្លាតឆ្ងាយពីសេដ្ឋកិច្ច ដែលពឹងផ្អែកទាំងស្រុងលើប្រេង។

យោងតាមសារព័ត៌មាន Arab News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៦ ខែធ្នូ ឱ្យដឹងថា៨៤%នៃគម្រោងទាំងនេះត្រូវបានកាន់កាប់ដោយវិនិយោគិនជាតិ កាលពីខែកញ្ញា ខណៈ១៦%ជាគម្រោងដែលកាន់កាប់ដោយជនបរទេស ឬជាការបណ្តាក់ទុនរួមគ្នាជាមួយប្រទេសក្រៅ។

លោក Khalid Al-Mudaifer អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងធនធានរ៉ែនៃប្រទេសអារ៉ាប៊ីសាអូឌីត បានលើកឡើងថា អារ៉ាប៊ីសាអូឌីត នឹងក្លាយជាប្រទេសឈានមុខគេក្នុងពិភពលោកផ្នែកផលិតកម្មលោហៈប្រកបដោយនិរន្តរភាព ខណៈព្រះរាជាណាចក្រមួយនេះកំពុងប្រឹងប្រែងបញ្ចេញសក្តានុពលនៃការយករ៉ែរបស់ខ្លួន។

លោកបានបន្ថែមទៀតថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺស្របតាមគោលដៅ ដែលបានគូសបញ្ជាក់នៅក្នុងចក្ខុវិស័យឆ្នាំ២០២៣។

ថ្លែងក្នុងសន្និសីទស្ដីពីរ៉ែ និងរូបប័ណ្ណកាលពីដើមខែនេះនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស លោក Khalid Al-Mudaifer លើកឡើងថា រ៉ែពិតជាមានសារៈសំខាន់ណាស់ ចំពោះអន្តរកាលថាមពល ដែលផ្លាស់ប្ដូរពីការប្រើប្រាស់អ៊ីដ្រូកាបូន ឆ្ពោះទៅរកការប្រើប្រាស់ថាមពលកកើតឡើងវិញ៕

1 COMMENT

  1. និយាយពីអារ៉ាប់ប៊ីសាអូឌីត តែបែរជាទៅយករូបភាពក្រុងឌូបៃរបស់ប្រទេសអារ៉ាប់រួមមកចុះវិញ លោកព្រះក្រុមហ៊ុនសារព័ត៌មានទ្រពង។ គាំទ្រការថ្កោលទោសជនក្បត់ជាតិបីជំនាន់តាមមាត់ជនម្នាក់ចោទដោយមាត់ទទេរគ្មានភស្តុតាងអ្វីមកគាំទ្របញ្ជាក់ Sic 🤣😂

LEAVE A REPLY

Please enter your comment!
Please enter your name here