ដោយវុត្ថា
ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិបានគាំទ្រគម្រោងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករក្នុងខេត្ត ដែលមានសក្តានុពលក្នុងការផលិតស្រូវ-អង្ករ ហើយមានសមត្ថភាពសម្ងួតស្រូវសើមដល់ទៅ១០ម៉ឺនតោនក្នុងមួយថ្ងៃ និងមានសមត្ថភាពស្តុកស្រូវ អង្ករស្ងួតបានដល់ទៅ១លានតោន ដើម្បីចូលរួមអនុវត្តគោលនយោបាយស្តីពីការជំរុញ នាំចេញអង្ករឱ្យបាន១លានតោនរបស់រាជរដ្ឋាភិបាលកម្ពុជា។

លោកប៉ាន សូរស័ក្តិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងបែបនេះក្នុងជំនួបជាមួយ លោកBI GUANGMIN ប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុនHenan Yuguang International Economic & Technical Cooperation និងប្រតិភូនៅក្រសួងពាណិជ្ជកម្មកាលពីល្ងាចថ្ងៃទី២១ ធ្នូកន្លងមកនេះ។

ក្នុងជំនួបនោះ លោកBI GUANGMIN បានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនលោកមានគម្រោងនឹងសាងសង់ប្រព័ន្ធឃ្លាំងស្តុក និងឡសម្ងួតស្រូវ-អង្ករនេះ រំពឹងថានឹងអាចជួយជំរុញ និងបង្កើនការនាំចេញអង្ករកម្ពុជាទៅក្នុងទីផ្សារអន្តរជាតិក្នុងមួយឆ្នាំ៥០ម៉ឺនតោន ព្រមទាំងអាចបង្កើនសមត្ថភាពសម្ងួត និងស្តុកស្រូវ-អង្ករ កាត់បន្ថយការហូរចេញស្រូវទៅប្រទេសជិតខាង ពង្រឹងខ្សែចង្វាក់ផ្គត់ផ្គង់ស្រូវ បង្កើនការបញ្ជាទិញសម្រាប់ការនាំចេញ និងចំណូលក្នុងវិស័យស្រូវ-អង្ករកម្ពុជា ពិសេសធ្វើឱ្យតម្លៃស្រូវមានស្ថិរភាពសម្រាប់កសិករ។






