ដោយ: លាងហួរ
ប៉េកាំង: ធនាគារកណ្តាលរបស់ប្រទេសចិន បានឱ្យដឹងកាលពីថ្ងៃពុធ ទី០៧ ខែធ្នូ ថា ខ្លួនបានបន្ថែមមាសចំនួន៣២តោន ដែលមានតម្លៃប្រហែល១,៨ពាន់លានដុល្លារអាមេរិក ទៅក្នុងទុនបំរុងរបស់ខ្លួន។ នេះជាលើកទី១ហើយនៃការកើនឡើង បើគិតចាប់តាំងពីឆ្នាំ២០១៩មក។
ការបូកបន្ថែមនេះ នាំឱ្យការកាន់កាប់មាសរបស់ប្រទេសចិន នៅដំណាច់ខែវិច្ឆិកា កើនឡើងរហូតដល់១.៩៨០តោន ដែលមានតម្លៃប្រហែល១១២ពាន់លានដុល្លារអាមេរិក។
ចិនគឺជាប្រទេស មានទុនបំរុងមាសផ្លូវការធំជាងគេទី៦ លើពិភពលោក បន្ទាប់ពីប្រទេសមួយចំនួនដូចជា ប្រទេសរុស្ស៊ី អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកជាដើម។
ក្រុមប្រឹក្សាមាសពិភពលោក(WGC) បានរាយការណ៍ឱ្យដឹងកាលពីខែមុននេះថា ធនាគារកណ្តាលទូទាំងពិភពលោក បានទិញមាសចំនួន៣៩៩តោនក្នុងត្រីមាសទី៣ នៃឆ្នាំ២០២២នេះ។
ក្រុមប្រឹក្សាមាសពិភពលោក បាននិយាយថា មាសភាគច្រើនត្រូវបានទិញដោយធនាគារកណ្តាលនានា ប៉ុន្តែធនាគារទាំងនោះមិនបានរាយការណ៍ជាសាធារណៈឡើយ។
ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ តម្លៃមាសបានធ្លាក់ចុះ ដោយសារការកើនឡើងអត្រាការប្រាក់ និងការកើនឡើងផលចំណូលលើមូលបត្របំណុល ដែលបានធ្វើឱ្យលោហៈធាតុមាស មិនសូវមានភាពទាក់ទាញដល់វិនិយោគិនហិរញ្ញវត្ថុនៅអឺរ៉ុប និងនៅសហរដ្ឋអាមេរិក។
ការកើនឡើងនៃទុនបំរុងមាស របស់ប្រទេសចិនគឺជាទិន្នន័យ ដែលចេញផ្សាយ ដោយធនាគារប្រជាជននៃប្រទេសចិន ដើម្បីបង្ហាញថាប្រាក់បម្រុងរូបិយប័ណ្ណបរទេសរបស់ចិន បានកើនឡើងច្រើនជាងការព្យាករណ៍នៅក្នុងខែវិច្ឆិកា៕