រដ្ឋបាលខេត្តក្រចេះជំរុញឱ្យក្រុមហ៊ុនឥណ្ឌូណេស៊ីនានា ចូលមកបណ្តាក់ទុនវិនិយោគលើវិស័យផ្សេងៗ

0

ដោយ: លាងហួរ

ក្រចេះ: នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោកឯកអគ្គរាជទូតឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា លោកវ៉ា ថន អភិបាលខេត្តក្រចេះ បានស្នើសុំដល់ក្រុមហ៊ុនឥណ្ឌូណេស៊ីនានា មកបណ្តាក់ទុនលើវិស័យកសិកម្ម និងវិស័យផ្សេងៗទៀតនៅកម្ពុជា ជាពិសេសក្នុងខេត្តក្រចេះ ។

លោកអភិបាលខេត្តក្រចេះ បានជួបជាមួយឯកអគ្គរដ្ឋទូតឥណ្ឌូណេស៊ី លោក Sudirman Haseng កាលពីព្រឹកថ្ងៃពុធ ទី០៧ ខែធ្នូ  និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ភាពជាដៃគូថ្នាក់ខេត្តក្នុងខេត្តក្រចេះ។

លោក វ៉ា ថន បានមានប្រសាសន៍ថា ផ្អែកលើទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេរភាគី រវាងប្រទេសទាំងពីរ ទំនាក់ទំនងកម្ពុជា-ឥណ្ឌូណេស៊ី ត្រូវបានពង្រឹង និងពង្រីកកាន់តែខ្លាំងបន្ថែមទៀត។

លោកបានបន្តថា យើងសង្ឃឹមយ៉ាងមុតមាំថា ភាគីទាំង២នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ជាមួយនឹងភាពជាដៃគូដ៏ល្អនៅក្នុងតំបន់អាស៊ាន។

លោកឯកអគ្គរាជទូត Haseng បានមានប្រសាសន៍ថា ប្រទេសទាំងពីរបានសហការ និងប្តេជ្ញាចិត្តក្នុងការទប់ស្កាត់ រាល់ឧក្រិដ្ឋកម្មឆ្លងដែន ហើយជារៀងរាល់ឆ្នាំ ឥណ្ឌូណេស៊ីបានផ្តល់អាហារូបករណ៍ជាច្រើន ដល់និស្សិតកម្ពុជា ទៅសិក្សានៅប្រទេសឥណ្ឌូនេស៊ីផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here