សញ្ញាវិជ្ជមានប្រទេសចិនបន្ឋូរការរឹតបន្តឹងលើបញ្ហាកូវីដ ជម្រុញឲ្យផ្សារហ៊ុនចិនហក់ឡើងដល់១ទ្រីលានដុល្លារអាមេរិក

0

 

ដោយៈ សុខុម

ហុងកុង: បណ្ដាវិនិយោគិនក្រៅប្រទេសនៅពេលនេះ បានងាកមកសម្រុកទិញចូលវិញ នូវភាគហ៊ុនរបស់ប្រទេសចិន គួរឱ្យអបអរសាទរ បន្ទាប់ពី២ខែមកនេះ ពួកគេបានសម្រុកលក់ចេញភាគហ៊ុនចិន ដោយសារគោលនយោបាយសូន្យកូវីដ-១៩ ដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។

ការសម្រុកទិញរបស់វិនិយោគិន ក្នុងបរិមាណយ៉ាងច្រើនសន្ធឹកសន្ធា​ប់គួរឱ្យភ្ញាក់ផ្អើលនេះ បានជួយឱ្យតម្លៃផ្សារហ៊ុនចិន ទាំងមូលឈានដល់១ទ្រីលានដុល្លារអាមេរិក ដែលនេះជាសញ្ញាល្អសម្រាប់ទីផ្សារអាស៊ី ទាំងមូល ព្រោះមហាយក្សចិន ជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក។ នេះបើយោងតាមសារព័ត៌មាន South China Morning Post ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី៥ ខែធ្នូ។

វិនិយោគិនក្រៅប្រទេស បានសម្រុកទិញភាគហ៊ុនក្នុងស្រុករបស់ប្រទេសចិន រហូតដល់ទៅ៨,៥ពាន់លានដុល្លារអាមេរិក ក្នុងខែវិច្ឆិកា តាមរយៈការតភ្ជាប់ Stock Connect ជាមួយក្រុងហុងកុង បន្ទាប់ពីពួកគេបានសម្រុកលក់ចេញភាគហ៊ុនសរុប រហូតដល់ទៅ៩,៨ពាន់លានដុល្លារអាមេរិក ក្នុងខែកញ្ញា និងខែតុលា។

នេះក៏ជាការសម្រុកទិញច្រើនបំផុតទី២ ប្រចាំឆ្នាំនេះផងដែរ បន្ទាប់ពីពួកគេបានសម្រុកទិញ ក្នុងទំហំ១០,៤៦ពាន់លានដុល្លារអាមេរិក កាលពីខែមិថុនា។

ដោយប្រឈមនឹងបាតុកម្មនៅតាមដងផ្លូវ មិនធ្លាប់មានប្រឆាំងនឹងការបិទខ្ទប់កូវីដ-១៩ ក្នុងទីក្រុងនានាទូទាំងប្រទេសចិន រដ្ឋាភិបាលក្រុងប៉េកាំង បានបន្ទន់ឥរិយាបថយ៉ាងប្រញាប់ ដោយសុខចិត្តបន្ធូរបន្ថយវិធានការកូវីដ ព្រមទាំងសន្យាបង្កើនកម្មវិធីចាក់វ៉ាក់សាំង សម្រាប់មនុស្សចាស់ផងដែរ។ កត្តាទាំងពីរនេះហើយ ដែលបានទាក់ទាញវិនិយោគិន ទូទាំងពិភពលោក ដែលពឹងផ្អែកលើការបើកសេដ្ឋកិច្ចចិនឡើងវិញ។

លោក David Chao អ្នកជំនាញខាងធ្វើយុទ្ធសាស្ត្រប្រចាំក្រុមហ៊ុន Invesco ដែលគ្រប់ក្រងទ្រព្យសកម្ម មានតម្លៃសរុបប្រមាណ១,៣៦ទ្រីលានដុល្លារអាមេរិក នៅទូទាំងពិភពលោកបានលើកឡើងថា “បណ្ដាវិនិយោគិន បានចាប់ផ្ដើមមើលឃើញពន្លឺ នៃការបញ្ចប់វិបត្តិកូវីដ-១៩ ដ៏អូសបន្លាយនៅក្នុងប្រទេសចិនហើយ”។

អ្នកជំនាញរូបនេះបានបន្ថែមទៀតថា “យើងមានសុទិដ្ឋិនិយមជាងមុន ចំពោះទ្រព្យសកម្មមានហានិភ័យរបស់ចិន សម្រាប់ឆ្នាំ២០២៣ ដោយ​សារតែមានតម្លៃទាប និងកំណើនសេដ្ឋកិច្ច ដែលជំរុញដោយការបើកប្រទេ​សឡើងឡើងវិញ ក្រោមការគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់នៅឆ្នាំក្រោយ”៕ South China Morning Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here