សម្តេចតេជោអញ្ជើញជាអធិបតីក្នុងពិធីប្រគល់និងទទួលប្រាក់កម្ចី១៥០០លានដុល្លារសំរាប់សាងសង់ស្ពានមិត្តភាពកម្ពុជាកូរ៉េ និងគំរោង ជាច្រើនទៀត

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅព្រឹកថ្ងៃទី៩ ធ្នូនេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ និងទទួលប្រាក់កម្ចីសរុប១៥០០លានដុល្លារអាមេរិក សម្រាប់គាំទ្រការអភិវឌ្ឍនៅកម្ពុជា។

យោងតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ពិធីចុះហេត្ថលេខានេះមានចំនួនពីររួមមាន ទី១ ការចុះហត្ថលេខាលើកិច្ចសម្របសម្រួលក្របខណ្ឌ ស្ដីពីការផ្ដល់ឥណទានសម្បទាន នៃមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច សម្រាប់ឆ្នាំ២០២២-២០២៦ ដែលមានទំហំទឹកប្រាក់ចំនួន១៥០០លានដុល្លារអាមេរិក។

ឯកសារនេះ ត្រូវចុះហត្ថលេខារវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង លោក ប៉ាក ហឹងឃ្យង (PARK Heung-kyeong) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា។

ទី២ ការចុះហត្ថលេខាលើគម្រោងពង្រឹង សមត្ថភាពប្រព័ន្ធបណ្ដាញបញ្ជូនអគ្គិសនីនៅខេត្តព្រះសីហនុ ដែលមានទឹកប្រាក់ចំនួន៧០លានដុ​ល្លា​រអាមេរិក និងគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា -សាធារណរដ្ឋកូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ និងជ្រោយចង្វារ-អរិយក្សត្រ) ដែលមានទឹកប្រាក់ចំនួន ២៤៥,៩០៩,០០០ដុល្លារអាមេរិក។

គម្រោងទាំងពីរនេះ ចុះហត្ថលេខាដោយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Minnie CHEY ប្រធានមូលនិធិសម្រាប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច នៃធនាគារនីហ័រណអាហ័រណកូរ៉េប្រចាំកម្ពុជា។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ ឥណទានសម្បទានដែលផ្ដល់ដោយរដ្ឋាភិបាល នៃសាធារណរដ្ឋកូរ៉េនាពេលនេះ នឹងចូលរួមចំណែកដ៏សំខាន់ ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច ព្រមទាំងពង្រឹងបន្ថែមទៀត នូវទំនាក់ទំនងល្អ ដែលមានស្រាប់រវាងប្រជាជាតិទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here