ទំហំនៃការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកហក់ឡើង ដល់១០ពាន់លានដុល្លារ

0

ដោយ: លាងហួរ

ភ្នំពេញ: ការិយាល័យជំរឿនសហរដ្ឋអាមេរិក បានរាយការណ៍កាលពីម្សិលមិញនេះថា ប្រទេសកម្ពុជាបាននាំចេញផលិតផល មានតម្លៃទឹកប្រាក់រហូតដល់១០.៦៤៩លានដុល្លារ  ទៅកាន់សហរដ្ឋអាមេរិក គិតចន្លោះខែមករា ដល់ខែតុលានៃឆ្នាំ២០២២នេះ  ពោលគឺកើនឡើង៤៧,៥ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចំណែក កម្ពុជាបាននាំចូលផលិតផល មានតម្លៃ៤០៣លានដុល្លារពីសហរដ្ឋអាមេរិក ពោលគឺកើនឡើង១៦,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយអតិរេកពាណិជ្ជកម្មរបស់កម្ពុជា ជាមួយសហរដ្ឋអាមេរិកមានចំនួន១០.២៤៦លានដុល្លារ។

កាលពីខែតុលាកន្លងទៅ ទំហំនៃការនាំចេញរបស់កម្ពុជា ទៅកាន់សហ​រដ្ឋអាមេរិកមានចំនួន១.០៣១លានដុល្លារ ខណៈការនាំចូលមានតម្លៃ៣០,៥លានដុល្លារ។

ផលិតផលនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិកភាគច្រើនជាសម្លៀកបំពាក់ ហើយរួមបញ្ចូលទាំងទំនិញដូចជា ស្បែកជើង កង់ និងគ្រឿងសង្ហារឹម  ក្រោមការអនុគ្រោះពន្ធពាណិជ្ជកម្ម  ហើយផលិតផលធ្វើដំណើរត្រូវបាននាំចេញ ក្រោមអនុគ្រោះទូទៅពិសេស (GSP)។ ចំណែក ផលិតផលនាំ​ចូល​របស់​កម្ពុជា​ រួម​មាន​រថយន្ត គ្រឿងចក្រ គ្រឿង​អគ្គិសនី និង​គ្រឿង​អេឡិច​ត្រូនិក។

កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានអំពាវនាវដល់សមាជិកសភាអាមេរិក ដែលកំពុងបំពេញទស្សនកិច្ច ឱ្យដំណើរការប្រព័ន្ធអនុគ្រោះពន្ធដល់កម្ពុជាឡើងវិញ ។

លោកបានបន្តថា “កម្ពុជាបានទទួលផលប្រយោជន៍ជាបណ្តើរៗ ពីប្រព័ន្ធអនុគ្រោះពន្ធទូទៅ របស់សហរដ្ឋអាមេរិក និងបានផ្តល់ការងារបន្ថែមទៀតដល់ប្រជាជនកម្ពុជា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here