សញ្ញាវិជ្ជមានៈសេដ្ឋកិច្ចអាមេរិកនឹងគេចផុតពីវិបត្តិនៅឆ្នាំ២០២៣

0

ដោយៈ សុខុម

ញូវយ៉ក: នៅសហរដ្ឋអាមេរិក អតិផរណាកំពុងបង្អង់ល្បឿន ខណៈអ្នកប្រើប្រាស់នៅតែបន្តចាយលុយដូចធម្មតា។ ហើយអត្រាជួលហាក់មានសន្ទុះយឺតជាងមុន ប៉ុន្តែវាមិនដល់ថ្នាក់ដួលរលំឡើយ។

ចំណុចទាំងនេះជាមូលហេតុធ្វើឱ្យលោក Mark Zandi ប្រធានក្រុមសេដ្ឋវិទូប្រចាំក្រុមហ៊ុនវិភាគសេដ្ឋកិច្ច Moody’s Analytics ដ៏ល្បីល្បាញមានទំនុកចិត្តខ្លាំងជាងមុនថា សេដ្ឋកិច្ចអាមេរិក នឹងគេចផុតពីវិបត្តិយ៉ាងប៉ផុតប៉ផើយ។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានប្រាប់សារព័ត៌មាន CNN Business ក្នុងបទសម្ភាសន៍តាមទូរស័ព្ទនៅដើមសប្តាហ៍នេះថា “ស្ថានភាពនឹងលំ​បាកខ្លាំង គឺវាមិនងាយស្រួលឡើយ ប៉ុន្តែខ្ញុំយល់ថា យើងនឹងធ្វើឱ្យវាមានតុល្យភាព”។

ការព្យាកររបស់លោក Mark Zandi ត្រូវបានសេតវិមានលើកយកមកធ្វើជាអំណះអំណាងជាញឹកញាប់ ហើយលោកលើកឡើងថា សូចនាករសេដ្ឋកិច្ច និងទីផ្សារកាលពីពេលថ្មីៗនេះបង្ហាញថា សេដ្ឋកិច្ចអាមេរិក នឹងមិនដាំក្បាលចុះខ្លាំងឡើយ ទោះបីជាមជ្ឈដ្ឋានទូទៅមានការព្រួយបារម្ភអំពីវិបត្តិសេដ្ឋកិច្ចយ៉ាងណាក្ដី។

លោកបន្ថែមទៀតថា “ទិន្នន័យក្នុងរយៈពេលពីរបីខែចុងក្រោយនេះគឺល្អជាងអ្វីដែលខ្ញុំបានគិតទុក។ គ្មានសូចនាករទីផ្សារហិរញ្ញវត្ថុណា ដែលបង្ហាញថា យើងមានវិបត្តិសេដ្ឋកិច្ចនៅខាងមុខនោះទេ”។

តួលេខថ្មីៗ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះបង្ហាញថា អតិផរណាដែលត្រូវបានវាស់ស្ទង់ ដោយធនាគារកណ្ដាលអាមេរិក (Federal Reserve) បានធ្លាក់ចុះក្នុងខែតុលា។ កត្ដានេះបាននាំមកនូវក្ដីសង្ឃឹមជាងមុនថា ធនាគារកណ្តាលអាមេរិក អាចនឹងបង្អង់ល្បឿនដំឡើងអត្រាការប្រាក់យ៉ាងសម្បើមនៅខែនេះ។

សេដ្ឋកិច្ចអាមេរិក នៅក្នុងត្រីមាសទី៣ ក៏មានសន្ទុះលឿនជាងការប៉ាន់ស្មានដំបូងផងដែរ បើធៀបនឹងត្រីមាសទី២។

ទន្ទឹមនេះ វាក៏ផ្ដល់សញ្ញាវិជ្ជមានដ៏ធំ សម្រាប់អ្នកប្រើប្រាស់ផងដែរ ខណៈថ្លៃឧស្ម័នហ្គាសបានធ្លាក់ចុះទាប។ ថ្លៃឧស្ម័នជាមធ្យមទូទាំងសហរដ្ឋអាមេរិក នាពេលនេះបានធ្លាក់ចុះទាបជាងកាលពីពេលរុស្ស៊ី ឈ្លានពានអុយក្រែន ដំបូងៗ ហើយបានធ្លាក់ចុះខ្លាំងក្នុងខែមិថុនា។

លោក Mark Zandi និយាយថា “ការអង្កេតជាមូលដ្ឋានរបស់ខ្ញុំឃើញថា គឺនៅតែគ្មានវិបត្តិសេដ្ឋកិច្ច ហើយវាមិនបានផ្លាស់ប្តូរឡើយ។ ប៉ុន្តែខ្ញុំកាន់តែមានជំនឿចិត្តជាងកាលពីពីរបីខែមុន”។លោកបន្ថែមថា “អតិផរណាមានកម្រិតមធ្យម ហើយតម្លៃប្រេងក៏កំពុងធ្លាក់ចុះ។ ទន្ទឹមនេះកំណើនការងារកំពុងធ្លាក់ចុះ ហើយការបញ្ឈប់បុគ្គលិកពីការងារកើតមានជាធម្មតា”៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here