រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មថាឆ្នាំ២០២៥ប្រជាជនទូទាំងប្រទេសនឹងមាន ទឹកស្អាតប្រើប្រាស់

0

​ដោយដែន ចែងចាំង
​ភ្នំពេញ: មន្រ្តីជាន់ខ្ពស់ក្រសួងឧស្សាហក​ម្ម និងសិប្បកម្មបានថ្លែងថា ប្រជាពលរដ្ឋ​កម្ពុជាទូទាំងប្រទេសនឹងមានទឹកស្អាត ប្រកបដោយគុណភាព សុវត្ថិភាព និងតម្លៃសមរម្យជូនប្រជាពលរដ្ឋប្រើប្រាស់នៅឆ្នាំ២០២៥ខាងមុខនេះ។

​លោកទេសរដ្ឋមន្រ្តីចម ប្រសិទ្ឋរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្មបានថ្លែងក្នុងសិក្ខាសាលាស្តីពីទឹកស្អាត និងប្រព័ន្ឋអនាម័យកម្ពុជាកាលពីចុងសប្តាហ៍មុនថា ប្រមុខរដ្ឋាភិបាល ក៏ដូចជាក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានកំណត់គោលដៅយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រជាតិ ដែលបានកំណត់ថា នៅត្រឹមបំណាច់ឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូប នឹងទទួលបានទឹកស្អាតដែលមានគុណភាព សុវត្ថិភាព ថ្លៃសមរម្យ ប្រកបដោយចីរភាព ក្នុងនោះប្រជាពលរដ្ឋនៅ

ទីប្រជុំជន៩០ភាគរយ នឹងទទួលបានសេវាទឹកស្អាតពីប្រព័ន្ធបំពង់ និង១០ភាគរយនឹងទទួលបានទឹកស្អាតពីប្រភពផ្សេងៗទៀត។
លោកបន្តថា “ក្នុងអាណត្តិរាជរដ្ឋាភិបាលទី៦នេះ ក្រសួងក៏ចាំបាច់ត្រូវរៀបចំគោលនយោបាយក្នុងការកំណត់ថ្លៃលក់ទឹកឱ្យបានសមស្រប និងគិតគូការផ្គត់ផ្គង់ទឹកស្អាតដល់ទីជនបទតាមមធ្យោបាយផ្សេងៗ ដើម្បីចូលរួមចំណែកលើកកម្ពស់ជីវភាព សុខភាពរប​ស់​ប្រជាពលរដ្ឋ”។

លោកចម ប្រសិទ្ឋបានអះអាងថា ក្រសួងឧស្សាហកម្ម និងសិប្បកម្ម មានទិសដៅការងារអាទិភាពសំខាន់ៗមួយចំនួនលើវិស័យទឹកស្អាតតាមទីប្រជុំជនដូចជា ការកសាងបណ្តាឯកសារគតិយុត្ត និងបទដ្ឋានបច្ចេកទេស សម្រាប់ធ្វើជាមូលដ្ឋានក្នុងការគ្រប់គ្រង និងដឹកនាំវិស័យ ការបង្កើនសមត្ថភាពផ្គត់ផ្គង់ទឹកស្អាត តាមរយៈគម្រោងវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ក្រោមហិរញ្ញប្បទានជំនួយឥតសំណង និងហិរញ្ញប្បទានឥណទាន របស់ដៃគូអភិវឌ្ឍន៍នានា ការផ្តល់ប្រកាសអនុញ្ញាតអចិន្រ្តៃយ៍ ផ្ទាល់ ជំនួស និងប្រកួតប្រជែង ការរៀបចំផែនការសកម្មភាពយុទ្ធសាស្រ្ត រយៈពេលខ្លី មធ្យម និងរយៈពេលវែងសម្រាប់វិស័យទឹកស្អាតទីប្រជុំជន និងផែនការកសាងធនធានមនុស្ស សម្រាប់វិស័យទឹកស្អាតតាមទីប្រជុំជនជាដើម។

លោកបន្តថា ការរៀបចំសិក្ខាសាលានេះ មានគោលបំណងបង្ហាញអំពីទស្សនវិស័យទឹកស្អាតនៅកម្ពុជា និងការចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍន៍វិស័យទឹកស្អាតរបស់ប្រទេសជប៉ុន ព្រមទាំងការជួយគាំទ្ររបស់រដ្ឋាភិបាលជប៉ុន ដល់វិស័យទឹកស្អាតកម្ពុជា ក្រៅពីនេះ អ្នកជំនាញការជប៉ុន ក៏បានធ្វើបទបង្ហាញអំពីលទ្ធផលនៃការចុះសិក្សាដោយផ្ទាល់ ដើម្បីស្វែងយល់អំពីស្ថានភាព និងបញ្ហាប្រឈមរបស់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាតឯកជន និងការផ្តល់ជាអនុសាសន៍កែលម្អ តាមស្ថានភាពជាក់ស្តែងនីមួយៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here