ឧកញ៉ាហួត អៀងតុងៈធនាគារហត្ថាសម្រេចបានតាមផែនការប្រចាំឆ្នាំ ជាមួយនឹងផែនការវិនិយោគលើបច្ចេកវិទ្យាក្នុងឆ្នាំ២០២៣

0

 ដោយៈ វិវឌ្ឍន៍

       ភ្នំពេញៈ ទោះប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកលក្តី ប៉ុន្តែធនាគារហត្ថានៅតែសម្រេចបានវឌ្ឍនភាព និងតាមផែនការរបស់ខ្លួននៅឆ្នាំ២០២២នេះ ខណៈការរឹតបន្តឹងឥណទាននៅតែបន្តធ្វើ។

ប្រធានអគ្គនាយកធនាគារហត្ថា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័​ព្ទកាលពីរសៀលថ្ងៃទី៩ ធ្នូកន្លងមកថា ក្នុងវិស័យនេះមិនមានសញ្ញាអ្វីគួរឲ្យកត់សំគាល់នៅឡើយទេ ដូចគ្នានឹងធនាគារហត្ថា គឺយើងនៅតតែសម្រេចបានតាមផែនការរបស់ខ្លួន ទាំងការបញ្ចេញឥណទាន និងការដាក់ប្រាក់បញ្ញើររបស់អតិថិជន។

លោកឧកញ៉ាបានបន្តថា “ការសម្រេចបាននេះ ដោយសារធនាគារបានពង្រីកសក្តានុពល បច្ចេកវិទ្យាហិរញ្ញវត្ថុរបស់យើង ក៏ដូចជាសេវាកម្មរបស់យើងបានផ្តល់ទំនុកចិត្ត និងភាពលឿនរហ័សដល់អតិថិជន”។លោក​បន្តថា “នៅឆ្នាំ២០២៣ខាងមុខនេះ យើងមិនពង្រីកសាខាថ្មីនោះទេ ប៉ុន្តែយើងនឹងពង្រីកការវិនិយោគលើបច្ចេកវិទ្យា ដើម្បីឲ្យអតិថិជនកាន់តែងាយស្រួលប្រើប្រាស់”។

បច្ចុប្បន្នធនាគារមានសាខាចំនួន១៧៧ និងមានបុគ្គលិកជិត៧០០០នាក់នៅទូទាំងប្រទេស។

លោកឧកញ៉ាហួត អៀងតុងបានបន្តថា ទោះបីជាមានបញ្ហាប្រឈមនៅឆ្នាំាំ២០២៣ក្តី ក៏ធនាគារមិនកាត់បន្ថយបុគ្គលិកនោះទេ ប៉ុន្តែយើងនៅតែបន្តជ្រើសរើសបុគ្គលិកបន្ថែម ដើម្បីពង្រីកសេវាកម្មរបស់យើង កាន់តែប្រសើ​រដល់អតិថិជន ដើម្បីពង្រឹងទំនុកចិត្តផង ជួយសម្រួលសេវាកម្មកាន់តែងាយស្រួលដល់អតិថិជនផង។

ធនាគារហត្ថា បានប្រែក្លាយពីមីក្រូហិរញ្ញវត្ថុកសិករ បន្ទាប់ពីមានការទិញយកភាគហ៊ុនពីធនាគារក្រុងស្រ៊ី ជាធនាគារធំមួយនៅប្រទេសថៃ ហើយ​បន្ទាប់ពីក្លាយជាធនាគារពាណិជ្ជ ធនាគារហត្ថាបានក្លាយជាធនាគារឈានមុខមួយ ក្នុងចំណោមធនាគារឈានមុខធំៗនៅកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here