វិស័យសំណង់ស្រូបយកឥណទានច្រើនជាងគេក្នុងទំហំជាង១៤,១២ពាន់លានដុល្លារ

0

ដោយៈសុផារី

ភ្នំពេញៈ ឥណទានជាប្រភពទុនយ៉ាងសំខាន់ ក្នុងការគាំទ្រដល់សកម្ម​ភាពសេដ្ឋកិច្ច និងបានបែងចែកទៅតាមប្រភេទជំនួញសំខាន់ៗ ក្នុងវិស័យសេដ្ឋកិច្ច រួមមាន វិស័យសំណង់ ការជួញដូរដុំនិងរាយ សេវាកម្ម កសិកម្ម អង្គភាពគ្រួសារ និងកម្មន្តសាលជាដើម។

យោងតាមរបាយការណ៍ចុងក្រោយបង្អស់ របស់ធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា គិតត្រឹមចុងត្រីមាសទី២ ឆ្នាំ២០២២ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុបានផ្តល់ឥណទានដល់វិស័យឯកជន សរុប២១៦ពាន់ពាន់លានរៀល (ប្រហែល៥៣,១ពាន់លានដុល្លារអាមេរិក)។

ទំហំឥណទានដល់វិស័យឯកជននេះ បានកើនឡើងចំនួន២៣,៦% ធៀបនឹងចុងត្រីមាសទី២ ឆ្នាំ២០២១។ ក្នុងនោះ ឥណទានតាមវិស័យសេដ្ឋកិច្ច ទីផ្សារសំណង់ ដែលរាប់បញ្ចូលទាំងសំណង់ អចលនទ្រព្យ និងការទិញផ្ទះជាកម្មសិទ្ធផ្ទាល់ខ្លួន ស្រូបបានឥណទានច្រើនជាងគេ ក្នុងទំហំជាង៥៨,៤ពាន់ពាន់លានរៀល (ប្រហែល១៤,១២ពាន់លានដុល្លារអាមេរិក) កើនឡើងចំនួន៣០% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

តាមពីក្រោយដោយទីផ្សារជួញដូរដុំ និងរាយមានទំហំឥណទានចំនួន៥៣,៥ពាន់ពាន់លានរៀល កើនឡើងចំនួន២៥,៦% ទីផ្សារសេវាកម្មមានទំហំឥណទាន២១,៣ពាន់ពាន់លានរៀល កើនឡើងចំនួន១៤,៥% ទីផ្សារកសិកម្ម មានចំនួន២០,៣ពាន់ពាន់លានរៀល កើនឡើងចំនួន២៤,៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ដោយឡែកអង្គភាពគ្រួសារ ទទួលបានឥណទានក្នុងទំហំជាង១១,៧ពាន់ពាន់លានរៀល កើនឡើងចំនួន១២,១% កម្មន្តសាលទទួលបានឥណទានទំហំជាង៧,២ពាន់ពាន់លានរៀល កើនឡើងចំនួន២៤,៣% ហើយផ្សេងៗទៀត មានទំហំចំនួន៤៣,៦ពាន់ពាន់លានរៀល កើនឡើងចំនួន២០,៧%៕

LEAVE A REPLY

Please enter your comment!
Please enter your name here