ក្នុងឆ្នាំ២០២៣ ទីផ្សារដីធ្លីលំហែនៃខេត្តកំពតបន្តឈានមុខទីផ្សារអចលនទ្រព្យផ្សេងៗ

0

ដោយ៖ សុផារី

កំពត៖ អំណោយផលពីធម្មជាតិ បូកផ្សំនឹងទីតាំងនៅជិតរាជធានីភ្នំពេញ បានជំរុញឱ្យទីផ្សារទិញលក់អចលនទ្រព្យប្រភេទដីធ្លីលំហែរនៅក្នុងខេត្តកំពត នៅបន្តមានភាពមមាញឹក និងមិនសូវជារងផលប៉ះពាល់ច្រើនដូចទីផ្សារដ៏ទៃទៀតឡើយ។ នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ អ្នកជំនាញនៅក្នុងមូលដ្ឋាននៅបន្តមានសុទិដ្ឋិនិយមចំពោះទីផ្សារដីធ្លីលំហែរក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។

លោក សុខ គែន អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Kompot Street Real Estate បានមានប្រសាសន៍ប្រាប់ Property Area Asia នៅព្រឹកថ្ងៃទី១២ ខែធ្នូនេះថា ទំនោរនៃការលក់ទិញដីធ្លីនៅក្នុងខេត្តជាប់ឆ្នេរមួយនេះនៅតែបន្តមានជាហូរហែ។ សម្រាប់ការលក់ទិញកន្លងមក មិនមានភាពខុសពីឆ្នាំកន្លងមកឡើងពោលគឺ នៅបន្តអាចលក់បានជាហូរហែរ ដោយសារខេត្តកំពតជាខេត្តអំណោយផលលើទីផ្សារទេសចរណ៍ស្រាប់ ព្រោះមានដីជាប់មាត់សមុទ្រ ជាប់ព្រែក ហើយមានទីតាំងនៅជិតភ្នំពេញផងដែរ។

លោកមានប្រសាសន៍ថា “ក្នុងចំណោមនោះ ប្រភេទដីដែលមានតម្រូវការខ្ពស់ភាគច្រើន គឺជាប្រភេទដីលំហែរកាយ សម្រាប់ធ្វើជាផ្ទះទី២ ដោយសារក្រុមអតិថិជនមកពីរាជធានីភ្នំពេញ និងខេត្តផ្សេង បានបន្តស្វែងរកផ្ទះលំហែរសម្រាប់ការកំសាន្តចុងសប្តាហ៍ជាដើម”។

អ្នកជំនាញរូបនេះបានបន្តថា “ស្របពេលដែលសេដ្ឋកិច្ចមានការធ្លាក់ចុះបន្តិច តម្លៃដីធ្លីនៅខេត្តកំពតជាទូទៅបានធ្លាក់ចុះបន្តិចដែរ។ ខ្ញុំយល់ថា នេះជាឱកាសសម្រាប់អ្នកចង់ស្វែងរកទិញដីធ្លីនៅទីនេះ ដោយសារទីផ្សារលំហែរនៅរក្សាបានទីផ្សារមួយល្អជានិច្ច”។

យោងតាមលោក សុខ គែន នៅក្នុងឆ្នាំ២០២៣ខាងមុខនេះ ទីផ្សារដីធ្លីនៅក្នុងខេត្តកំពត ដែលអាចកែច្នៃជាប្រភេទអចលនទ្រព្យលំហែរបាន ដូចជា រីសត បឹងកាឡូ តំបន់អេកូទេសចរណ៍ និងតំបន់កសិទេសចរណ៍ នៅតែបង្ហាញភាពល្អប្រសើរច្រើន ព្រោះខេត្តនេះមានទីតាំងនៅជិតភ្នំពេញ មានសក្តានុពលគ្រប់គ្រាន់ បូកផ្សំនឹងការបញ្ចប់ការសាងសង់ និងការជិតបើកដំណើរការកំពង់ផែកំពត ដែលនឹងទាក់ទាញបាននូវទេសចរអន្តរជាតិមកពីបណ្តាប្រទេសជិតខាងផងដែរ។

ជាមួយគ្នានេះ លោក កែវ សុជាតិ ប្រធានក្រុមហ៊ុនអចលនទ្រព្យ KW ប្រចាំខេត្តកំពត បានមានប្រសាសន៍ប្រាប់ Property Area  Asia កាលពីសប្តាហ៍មុនថា ដោយសារតែអំណោយផលពីធម្មជាតិ បូកផ្សំនឹងទីតាំងនៅជិតរាជធានីភ្នំពេញ ទីផ្សារទេសចរណ៍កំពតនៅបន្តមានភាពល្អប្រសើរជាងគេក្នុងចំណោមទីផ្សារដ៏ទៃ។ មួយរយៈចុងក្រោយនេះ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តក៏មានការយកចិត្តទុកដាក់ពង្រីកទីតាំងសម្រាប់ការលំហែរបន្ថែម ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តកំពតបន្ថែមទៀត។

លោកបញ្ជាក់ទៀតថា តំបន់ដែលមានការពេញនិយមក្នុងស្វែងរកការទិញលក់ ក្នុងកំឡុងចុងឆ្នាំ២០២២នេះ ភាគច្រើនជាតំបន់ដែលមានទីតាំងនៅជាប់នឹងមាត់សមុទ្រ ព្រែក បឹង និងតំបន់ភ្នំ ហើយតម្លៃដីនៅក្នុងតំបន់ទាំងនោះក៏មិនមានការធ្លាក់ចុះថ្លៃដែរ៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here