សម្តេចតេជោបង្ហើបពីគំរោងសាងសង់ស្ពានថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅកាន់តតំបន់ល្វាឯមជាមួយផែនការចំណាយ២០០លានដុល្លារ

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបង្ហើបឲ្យដឹងពីគំរោងសាងសង់ស្ពានថ្មីមួយ ដែលជាស្ពានឆ្លងទន្លេតភ្ជាប់ពីផ្លូវជាតិលេខ១ ទៅស្រុកល្វាឯម ដែលគ្រោងនឹងចំណាយថវិកា២០០លានដុល្លារអាមេរិក។

ថ្លែងក្នុងពិធីសំណេះសំណាល ជាមួយបងប្អូនរស់នៅបណ្ដាប្រទេសអឺរ៉ុបកាលពីយប់ថ្ងៃទី១២ ធ្នូ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ដោយសារតែកម្ពុជាត្រូវសាងសង់ផ្លូវល្បឿនលឿនមួយខ្សែទៀត តភ្ជាប់ពីភ្នំពេញ ទៅកាន់ព្រំដែនកម្ពុជាវៀតណាម ( បាវិត ) ហើយដើម្បីសម្រួលឱ្យការឡើងចុះ ផ្លូវល្បឿនលឿននេះបានស្រួល រដ្ឋាភិបាលសម្រេចធ្វើស្ពានមួយខ្សែ ពីផ្លូវជាតិលេខ១ទៅកាន់ល្វាឯម។

សម្ដេចមានប្រសាសន៍ថា “ដំបូងឡើយមានអ្នកផ្ដល់ជាយោបល់ថាស្ពាននេះ តម្រូវឱ្យពលរដ្ឋបង់លុយពេលឆ្លងកាត់ តែសម្ដេចមិនយល់ព្រមនិងមិនតម្រូវឱ្យពលរដ្ឋបង់លុយឡើយ ពីព្រោះស្ពាននេះមានការចាំបាច់សម្រាប់ពលរដ្ឋត្រូវឆ្លងកាត់ចុះឡើងៗ ដោយខ្លះឆ្លងព្រឹកល្ងាច ខ្លះទៀតឆ្លងមួយថ្ងៃបួនទៅប្រាំដង”។

សម្ដេចមានប្រសាសន៍បន្ថែមថា សម្ដេចបានចង្អុលបង្ហាញ និងបានបញ្ចេញថវិកា២០០លានដុល្លារអាមេរិក ដើម្បីសង់ស្ពាននេះ ហើយបើមិនធ្វើស្ពាននេះ ផ្លូវល្បឿនលឿននឹងពិបាកឆ្លង ព្រោះមិនអាចឆ្លងសាឡាងហើយឡើងទៅផ្លូវល្បឿនលឿននោះទេ។ ដូច្នេះពលរដ្ឋដែលធ្វើដំណើរតាមផ្លូវល្បឿនលឿន នឹងត្រូវបង់លុយតែឆ្លងស្ពានមិនចាំបាច់បង់លុយឡើយ។

សម្ដេចបញ្ជាក់ថា “ស្ពាននេះបានសិក្សារួចហើយ និងមានទំហំធំទៅពីរមកពីរ ហើយវាជាគម្រោងដែលអាចជួយជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យមានដំណើរការបានលឿនមួយម្រិតទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here