អូស្រា្តលីផ្តល់ឥតសំណងចំនួន៦៥លានដុល្លារដល់កម្ពុជាក្នុងការអភិវឌ្ឍ   វិស័យសំខាន់ៗចំនួន៤

0

ដោយៈ សុផារី

ភ្នំពេញ: ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន៦៥លានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍វិស័យ០៤សំខាន់ៗ សម្រាប់រយៈពេល៥ឆ្នាំ ចាប់ពីខែមិថុនា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៧។

ជំនួយឥតសំណងនេះ នឹងអភិវឌ្ឍផ្តោតគាំទ្រទៅលើវិស័យចំនួន៤សំខាន់ៗ រួមមាន ទី១ ហេដ្ឋារចនាសម្ព័ន្ធ ទី២ពាណិជ្ជកម្ម និងវិនិយោគ ទី៣កសិកម្ម និងកសិឧស្សាហកម្ម និងទី៤ យេនឌ័រ និងបរិយាប័ន្ន។

នេះបើតាមពិធីចុះហត្ថលេខា លើកិច្ចសម្របសម្រួលបំពេញបន្ថែមសម្រាប់កម្មវិធីភាពជាដៃគូ កម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ “Cambodia-Australia Partnership for Resilient Economic Development (CAP RED) Program” នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

តាមរយៈកម្មវិធី CAP RED ការអភិវឌ្ឍវិស័យគោលទាំងនេះ ធ្វើឡើងដោយមានកិច្ចសហការអនុវត្តន៍ រួមគ្នារវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់និងរិះរកដំណោះស្រាយ ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកប ដោយនិរន្តភាព ភាពធន់ និងបរិយាប័ន្ន។

លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាលអូស្ត្រាលី ដែលតែងតែបានជួយគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍលើវិស័យសេដ្ឋកិច្ច សង្គម និងសុខមាលភាពប្រជាជន ព្រមទាំងបានចូលរួមគាំទ្រកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ តាមរយៈការផ្តល់នូវជំនួយជាវ៉ាក់សាំង និងការចូលរួមការងារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្នុងពេលអន្តរកាលនេះ៕

LEAVE A REPLY

Please enter your comment!
Please enter your name here