“ពាមក្រសោប” ក្នុងខេត្តកោះកុងត្រូវបានចាត់ទុកជាសហគមន៍ព្រៃកោងកាងធំជាងគេនៅអាស៊ី

0

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍បវានថ្លែងថា  តំបន់ព្រៃកោងកាង “ពាមក្រសោប” អាចចាត់ថា ព្រៃកោងកាងធំជាងគេនៅតំបន់អាស៊ី។

       រដ្ឋលេខាធិការក្រសួងទេសចរណ៍លោកនី ផល្លី បានមានប្រសាសន៍បែបនេះកាលព៏ចុងសប្តាហ៍មុន អំឡុងពេលលោកនិងមន្រ្តីជាន់ខ្ពស់ក្រសួងពាក់ព័ន្ឋបានដឹកនាំគណៈប្រតិភូក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើពិភពលោក បានចុះសិក្សាពីសក្តានុពលជីវៈចម្រុះ នៅក្នុងតំបន់សហគមន៍ព្រៃកោងកាងពាមក្រសោប ខេត្តកោះកុង។

       បន្ទាប់ពីចូលរួមអបអរសាទរពិធីបុណ្យសមុទ្រ ជុំទី៣ លើកទី៩ នៅខេត្តព្រះសីហនុ ក្រសួងទេសចរណ៍​បានរៀបចំ ជាដំណើរទស្សនៈកិច្ចសិក្សាស្វែងយល់តាមដែនកោះ និងតំបន់សហគមន៍ព្រៃកោងកាងពាមក្រសោប ក្រោយមានការយកចិត្តទុកដាក់ របស់គណៈប្រតិភូក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើពិភពលោក។

លោក នី ផល្លីបានឱ្យដឹងបន្តថា នេះជាដំណើរ​ទស្សនៈកិច្ចកម្រមួយរបស់គណៈប្រតិភូក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើពិភពលោកមកកាន់តំបន់ព្រៃកោងកាង “ពាមក្រសោប” ដែលចាត់ថា ព្រៃកោងកាងធំជាងគេនៅតំបន់អាស៊ី។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានលើកឡើងផងដែរថា ព្រៃកោងកាងជារបៀង​យុទ្ធ​សាស្រ្ត តភ្ជាប់ប្រព័ន្ធអេកូឡូស៊ីពីតំបន់ដីគោក ឆ្នេរ និងសមុទ្រ ហើយក៏ជារនាំងប្រឆាំង​នឹងគ្រោះធម្មជាតិ និងការ​ប្រែប្រួលអាកាសធាតុ ហើយមិនតែប៉ុណ្ណោះ​បានចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួមចំណែក​ក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ជាកន្លែ​ងរក្សាផលស្តុក ជាដែនជម្រក និងប្រភពមេពូជ​នៃមច្ឆធម្មជាតិ ដែលជាប្រភពធនធានសមុទ្រដ៏សម្បូណ៌បែប ហើយចាំបាច់យើងត្រូវការរពារ អភិរក្ស និងដាំស្តារព្រៃកោងកាងឡើងវិញ។

ក្រសួងបរិស្ថានបង្ហាញថា កម្ពុជាមានផ្ទៃដីព្រៃកោងកាងចំនួន៥៨, ៨០០ហិកតា ក្នុងនោះខេត្តកោះកុងមានទំហំ៤៦,៥២៩ហិកតា។ ព្រៃកោងកាង ក្នុងតំបន់ពាមក្រសោប បានចូលរួមចំណែក ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងចូលរួម​ចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ ដោយមានតួនាទីយ៉ាងសំខាន់ ជាកន្លែងរក្សាផលស្តុក ជាដែនជម្រក និងប្រភព​មេពូជ ដែលជាប្រភពធនធានសមុទ្រសម្បូរបែប។

លោននី ផល្លីបានបន្ថែមទៀតថា សហគមន៍ព្រៃកោងកាងពាមក្រសោ​បក្នុងខេត្តកោះកុង កំពុងស្ថិត​នៅក្នុង​ក្រសែភ្នែក របស់មជ្ឈដ្ឋានអន្តរជាតិ ហើយកម្ពុជា នឹងទទួលការផ្សព្វផ្សាយកាន់តែទូលំទូលាយ ប្រាប់​ដល់​មនុស្សលើសកលលោកបានស្គាល់ និងដឹង។

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍ ក៏បានព្យាករណ៍ទុកមុនដែរថា ទៅថ្ងៃអនាគត ខេត្តកោះកុង នឹងទទួលបាន​គម្រោងអភិវឌ្ឍន៍ជាច្រើន តាមតំបន់ឆ្នេរសមុទ្រ និងដែនកោះ តាមរយៈជំនួយគាំទ្រលើក​កម្ពស់ របស់គណៈ​ប្រតិភូក្លិបឆ្នេរសមុទ្រ ដែលស្អាតជាងគេបំផុតលើពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here