ដោយ: លាងហួរ
ភ្នំពេញ: យោងតាមព្រឹត្តិបត្រស្ថិតិ បំណុលសាធារណៈរបស់កម្ពុជា ដែលចេញផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃអង្គារ ទី១៣ ខែធ្នូ បានឱ្យដឹងថា បំណុលសាធារណៈសរុប របស់កម្ពុជាមានចំនួន៩,៤៧ពាន់លានដុល្លារអាមេរិក គិតត្រឹមខែកញ្ញា ឆ្នាំ២០២២នេះ។
ក្នុងចំណោមបំណុលសាធារណៈសរុប មាន៦៨ភាគរយ ទទួលបានពីដៃគូអភិវឌ្ឍន៍ទ្វេរភាគី (DPs) និង៣២ភាគរយទៀតពី DPs ពហុភាគី។
-->
សមាសភាពនៃបំណុលសាធារណៈ រួមមាន រូបិយប័ណ្ណបរទេស ដែលក្នុងនោះ៤៣ភាគរយ ជាប្រាក់ដុល្លារអាមេរិក ២០ភាគរយគឺជាSDR (សិទ្ធិដកប្រាក់ពិសេស) ១២ភាគរយគឺជាCNY (ប្រាក់យ័នចិន) ១០ភាគរយគឺជា JPY (ប្រាក់យ៉េនជប៉ុន រីឯ៦ភាគរយគឺជាប្រាក់អឺរ៉ូ ហើយចំនួនដែលនៅសល់ គឺជារូបិយប័ណ្ណក្នុងស្រុក និងរូបិយប័ណ្ណផ្សេងទៀត។
នៅក្នុងអំឡុងខែមករា ដល់ខែកញ្ញាឆ្នាំ២០២២នេះ រដ្ឋាភិបាលកម្ពុជាបានចុះហត្ថលេខា លើប្រាក់កម្ចីសម្បទានថ្មីជាមួយ DPs ក្នុងទំហំទឹកប្រាក់សរុបចំនួន១,២១ពាន់លានដុល្លារអាមេរិក ។
គោលបំណងនៃប្រាក់កម្ចី ដែលបានចុះហត្ថលេខាថ្មីទាំងនេះ គឺដើម្បីផ្តល់ហិរញ្ញប្បទាន ដល់គម្រោងវិនិយោគសាធារណៈ នៅក្នុងវិស័យអាទិភាព ដែលគាំទ្រ ដល់កំណើនសេដ្ឋកិច្ច ប្រកបដោយនិរន្តរភាពរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច។

យោងតាមព្រឹត្តិបត្ររបស់ក្រសួងខាងលើនេះបានឱ្យដឹងថា នៅក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ រដ្ឋាភិបាលបានបង់សេវាបំណុលដល់ DPs ចំនួន៤០៤,៥លានដុល្លារ ដែលក្នុងនោះ៣១១,៦លានដុល្លារជា DPs ទ្វេរភាគី និង៩២,៩លានដុល្លារជា DPs ពហុភាគី។
របាយការណ៍ខាងលើបានអះអាងថា ស្ថានភាពបំណុលសាធារណៈ របស់ប្រទេសកម្ពុជា នៅតែមាននិរន្តរភាព និងហានិភ័យទាប នៃវិបត្តិបំណុល ទោះបីជាប្រទេសនេះបានរងផលប៉ះពាល់ ដោយជំងឺរាតត្បាត និងកត្តាខាងក្រៅផ្សេងទៀតក៏ដោយ៕
