ដោយ: គង់ លាងហួរ
អន្តរជាតិៈ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)បានឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសអាស៊ីកំពុងអភិវឌ្ឍន៍ អាចនឹងងើបឡើងក្នុងកម្រិតខ្សោយជាងការរំពឹងទុកពីមុន ដែលបានបង្ហាញនៅឆ្នាំ២០២២នេះ និងនៅឆ្នាំ២០២៣ខាងមុខ។
យោងតាមរបាយការណ៍ របស់ធនាគារដែលមានមូលដ្ឋាន នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន បានឱ្យដឹងក្នុងរបាយការណ៍ចេញផ្សាយ នៅថ្ងៃទី១៤ ធ្នូនេះថា សេដ្ឋកិច្ចរបស់តំបន់អាស៊ី ត្រូវបានគេមើលឃើញថា នឹងកើនឡើង៤,២ភាគរយនៅឆ្នាំនេះ មុនពេលហក់ឡើងដល់៤,៦ភាគរយ ក្នុងឆ្នាំ២០២៣។
-->
ការព្យាករណ៍ថ្មីរបស់ADB បានបង្ហាញពីសញ្ញានៃការធ្លាក់ចុះពីកំណើន ដែលបានព្យាករណ៍ពីមុន គឺ៤,៣ភាគរយ និង៤,៩ភាគរយរៀងៗគ្នា។

កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំជាងគេនៅអាស៊ី ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះដល់៣ភាគរយ ធៀបនឹងកំណើន៣,៣ភាគរយ ដែលត្រូវបានព្យាករណ៍កាលពីខែកញ្ញា។
ការព្យាករណ៍ដដែលបានបង្ហាញថា ផលិតផលក្នុងស្រុកសរុបរបស់តំបន់អាស៊ីអាគ្នេយ៍ នឹងកើនឡើង៥,៥ភាគរយ នៅឆ្នាំ២០២២នេះ ធៀបនឹងការព្យាករណ៍ចំនួន៥,១ភាគរយ កាលពីលើកមុន ដែលកំណើននេះត្រូវបានជំរុញដោយការប្រើប្រាស់ដ៏រ៉ឺងមាំ និងការងើបឡើងវិញនៃវិស័យទេសចរណ៍។
ចំណែកការព្យាករណ៍ពីអតិផរណានៅឆ្នាំ២០២២ សម្រាប់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍នៅតំបន់អាស៊ី ត្រូវបានបន្ទាបចុះបន្តិចមកនៅត្រឹម៤,៤ភាគរយ ពី៤,៥ភាគរយ ប៉ុន្តែអតិផរណានឹងកើនឡើងដល់៤,២ភាគរយ ពី៤ភាគរយសម្រាប់ឆ្នាំ២០២៣៕
