វិភាគៈតើសក្តានុពលសេដ្ឋកិច្ចអ្វីខ្លះ ដែលជម្រុញឲ្យកម្ពុជាក្លាយជាខ្លាសេដ្ឋកិច្ច នៅក្នុងតំបន់?

0

  ដោយៈ សហសេវិក

ភ្នំពេញៈ ប្រទេសកម្ពុជាបានក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុតមួយរបស់ពិភពលោក ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ មុនពេលវិបត្តិកូវីដ១៩មកដល់ ប៉ុន្តែនៅឆ្នាំនេះសេដ្ឋកិច្ចប្រទេសនេះបានងើបឡើងយ៉ាងលឿន និងស្ថិតក្នុងសភាពកំណើនធន់ទ្រាំ។

អ្នកជំនាញនានាបានលើកឡើងថា ប្រទេសកម្ពុជាអាចក្លាយជាប្រទេសសេដ្ឋកិច្ចខ្លាមួយ នៅក្នុងតំបន់នាពេលអនាកត ដោយសារកត្តាចម្បងៗមួយចំនួន។

លោក Anthony Galliano ប្រធាន AmCham Cambodia មានប្រសាសន៍បង្ហាញពីជំនឿជាក់ លើកំណើនសេដ្ឋកិច្ចរបស់កម្ពុជាថា ប្រទេសកម្ពុជា ស័ក្តិសមនឹងទទួលបានការទទួលស្គាល់ថាជា “គោលដៅវិនិយោគដ៏ទាក់ទាញបំផុតមួយរបស់ពិភពលោក” ដែលតាមរយៈសមិទ្ធិផលសេដ្ឋកិច្ចជាប្រវត្តិសាស្ត្ររបស់ខ្លួន និងដោយក្លាយជាការរំពឹង ទុកដ៏មានសក្តានុពលបំផុតមួយនៅក្នុងតំបន់។

លោកបានគូសបញ្ជាក់ថា “ក្រោយរបបខ្មែរក្រហម ទោះបីហាក់ដូចជាមិនអាចធ្វើទៅរួច ប៉ុន្តែប្រទេសកម្ពុជាបានកសាងបាន នូវមូលដ្ឋានគ្រឹះរបស់ខ្លួន រហូតដល់ក្លាយជាប្រទេសមួយ ដែលមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតរបស់ពិភពលោក ចាប់តាំងពីឆ្នាំ១៩៩៨មក”។

ប្រធាន AmChamរូបនេះបានកត់សម្គាល់ថា ជាលទ្ធផលនៃការគ្រប់គ្រងជំងឺកូវីដ១៩ របស់រដ្ឋាភិបាលកម្ពុជា ការថែរក្សាតុល្យភាពនៃសុខភាព និងសុវត្ថិភាពសង្គម និងសន្តិសុខ និងស្ថិរភាពសេដ្ឋកិច្ច ប្រទេសកម្ពុជា បានងើបមុខមាត់ជាជាប្រទេស ដែលមានសេដ្ឋកិច្ចប៉ះពាល់ពីវិបត្តិជំងឺទាបបំផុតមួយ ដោយមានអត្រាមរណៈទាបបំផុតពីជំងឺកូវីដ១៩។

លោកមានប្រសាសន៍ថា “កំណើនផលិតផលក្នុងស្រុកសរុប (GDP) ជាប្រវត្តិសាស្ត្រ គឺជាផ្នែកល្អមួយក្នុងសតវត្សទី២១ ហើយទស្សនវិស័យនាពេលអនាគតចង្អុលបង្ហាញថា នឹងបន្តល្អបែបនេះ”។

លោកAnthony Galliano បានលើកជាសុចនាករថា “មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កំពុងព្យាករថា កម្ពុជានឹងក្លាយជាប្រទេស ដែលមានសេដ្ឋកិច្ចលូតលាស់លឿនបំផុត ក្នុងតំបន់នៅឆ្នាំ២០២៥​។ គួរឱ្យកត់សម្គា​ល់ កម្ពុជាមានអត្រាអ្នកអត់ការងារធ្វើស្ទើស្មើសូន្យ ជាមួយនឹងប្រាក់ចំណូលកើនឡើង”។

លោកបានបន្តថា ការប្រើប្រាស់រូបិយប័ណ្ណដុល្លារ បានការពារប្រាក់រៀលខ្មែរ និងកម្រិតសម្ពាធអតិផរណា ខណៈដែលរូបិយប័ណ្ណក្នុងតំបន់ផ្សេងទៀតបានធ្លាក់ចុះ ដោយសារប្រាក់ដុល្លារអាមេរិក បានឡើងថ្លៃខ្លាំងបំផុត ក្នុងរយៈពេលពីរទសវត្សរ៍។

ដោយអះអាងថា ប្រទេសកម្ពុជា អាចនឹងក្លាយជាប្រទេសសេដ្ឋកិច្ចខ្លានៅក្នុងតំបន់ នាពេលអនាគត លោកAnthonyបានពន្យល់ថា “ប្រទេសកម្ពុជាមានសេដ្ឋកិច្ចបើកចំហ ហើយរដ្ឋាភិបាលមានស្ថិរភាព”។ លោកបន្ថែមថា “កម្ពុជាបានបន្តផ្តល់ការលើកទឹកចិត្ត ក្នុងការវិនិយោគ ហើយបាន និងបន្តចូលជាសមាជិក នៃសន្ធិសញ្ញាពាណិជ្ជកម្មសំខាន់ៗ ហើយកំពុងបន្តធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ជាពិសេសផ្លូវថ្នល់ និងកំពង់ផែជាដើម”។

លោកក៏បានលើកឡើងពីគុណសម្បត្តិ នៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា រួមមាន ភាពជាម្ចាស់១០០ភាគរយ នៃក្រុមហ៊ុនរបស់អ្នកវិនិយោគបរទេស លើកលែងតែប្រភេទមួយចំនួនដូចជា ការផលិតបារី ការផលិតភាពយន្ត ការកិនស្រូវ ការជីកយករ៉ែត្បូង និងកែច្នៃ។ល។ អត្ថប្រយោជន៍ផ្សេងទៀត រួមមាន ពន្ធសាជីវកម្មទាប តម្រូវការដើមទុនអប្បបរមាត្រឹមតែ១.០០០ពាន់ដុល្លារ ដើម្បីបង្កើតក្រុមហ៊ុន។ ប្រជាជនវ័យក្មេងប្រហែលប្រាំបីលាននាក់មានអាយុក្រោម២៥ឆ្នាំ។

ជាមួយគ្នានេះ លោកឡោ វិចិត្រ ប្រធានសមាគមអចលនទ្រព្យសកល ប្រចាំាំរាជធានីភ្នំពេញ(GRA)បានបង្ហាញការយល់ឃើញរបស់ខ្លួនផងដែរថា ការប្រើប្រាស់ប្រាក់ដុល្លារ បានជួយប្រទេសកម្ពុជា ទាក់ទាញការវិនិយោគធំៗពីបរទេស ដោយសារវាការពារអ្នកវិនិយោគ ពីការប្រែប្រួលរូបិយប័ណ្ណសំខាន់ៗ។ ក្នុងនាមជាប្រទេស ដែលមានសេដ្ឋកិច្ចសេរីពេញលេញ កម្ពុជាអាចទាក់ទាញការវិនិយោគបរទេស មកវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដូចជា ផ្លូវថ្នល់ អាកាសយានដ្ឋាន ការខួងយកប្រេង និងការជីកយករ៉ែ។

លោកបានបន្ថែមថា “ប្រទេសកម្ពុជា ក៏ជាប្រទេសមានកម្រិតពន្ធសាជីវកម្មទាបបំផុតមួយ នៅក្នុងតំបន់អាស៊ី ហើយពន្ធនេះនឹងបន្ត ព្រោះ ជាមួយនឹងការណែនាំអំពីច្បាប់វិនិយោគថ្មី នឹងផ្តល់នូវការលើកទឹកចិត្តពន្ធរហូតដល់ប្រាំបួនឆ្នាំ”។ លោកបន្ថែមថា “ស្ថិរភាពសេដ្ឋកិច្ច ក៏ត្រូវបានគូសបញ្ជាក់ផងដែរ។ ជាក់ស្តែង បំណុលជាតិសរុបមានត្រឹមតែប្រហែល៤០ភាគរយនៃGDP ដែលជំរុញឱ្យស្ថាប័នហិរញ្ញវត្ថុ ដូចជា ADB, IMF និងធនាគារពិភពលោក វាយតម្លៃប្រទេសកម្ពុជាថា “មានសុវត្ថិភាពផ្នែកហិរញ្ញវត្ថុសម្រា​ប់រយៈពេលមធ្យម”។

លោកឡោ វិចិត្របានលើកឡើងថា លើសពីនេះទៅទៀត ប្រទេសកម្ពុជា ដែលអាចក្លាយជា “ខ្លាអាស៊ី” ដោយសារប្រជាសាស្ត្រ ដែលមានប្រជាជនវ័យក្មេងប្រហែល៧០ភាគរយ មានអាយុក្រោម៤០ឆ្នាំ ហើយអត្រាគ្មានការងារធ្វើ គឺជិតសូន្យ។ ជាពិសេស ប្រជាជនដែលនិយាយពីរភាសា ឬបីភាសានៅក្នុងទីក្រុងភ្នំពេញ កំពុងបង្កើនការប្រកួតប្រជែង និងភាពទាក់ទាញនៃ FDIs។

ប្រធានសមាគមរូបនេះក៏លើកឡើងថា ការមិនសូវរឹតបន្តឹងក្នុងការផ្លាស់ប្តូរ ឬផ្ទេររូបិយប័ណ្ណបរទេស ក៏បានជំរុញជំហររបស់កម្ពុជាទាក់ទាញការវិនិយោគពីបរទេសផងដែរ។ ការប្រមូលពន្ធកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ បានផ្តល់ឱ្យរដ្ឋាភិបាលនូវលទ្ធភាពកាន់តែច្រើន និងភាពបត់បែនក្នុងការវិនិយោគបន្ថែមទៀត នៅក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

លើសពីនេះច្បាប់ស្តីពី ពន្ធដារដែលត្រូវបានរដ្ឋសភាអនុម័ត ក្នុងពេលឆាប់ៗនេះ នឹងពង្រឹងទំនុកចិត្តអ្នកវិនិយោគបន្ថែមទៀតនៅកម្ពុជា។

បន្ថែមពីលើនេះ ទីផ្សារមូលធនដែលកំពុងរីកចម្រើន រួមទាំងផ្សារមូលបត្រកម្ពុជា (CSX) នឹងនាំសេដ្ឋកិច្ចឱ្យកាន់តែរីកចម្រើនឡើង។ ប្រទេសកម្ពុជាក៏មានផ្នែកជាច្រើន ដែលមិនទាន់បានរុករកសម្រាប់កំណើន ដូចជាផ្នែក fintech និង e-commerce ដែលអាចទាក់ទាញការវិនិយោគបន្ថែមទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ។

លោកឡោ វិចិត្របានលើកឡើងដោយសុទិដ្ឋិនិយមទៀតថា គោលនយោបាយតំបន់សេដ្ឋកិច្ចពិសេស (SEZ) របស់កម្ពុជាក៏កំពុងដើរតួនាទីឈានមុខគេ ក្នុងការជំរុញវិស័យផលិតកម្មផងដែរ ដោយសារប្រទេសនេះទទួលបានអត្ថប្រយោជន៍យ៉ាងច្រើន ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួ​យប្រទេសចិន និងកូរ៉េខាងត្បូង ក្រៅពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP)។

ក្រៅពីនេះ មានហេតុផលច្រើនទៀត សម្រាប់ការជំរុញទំនុកចិត្តអ្នកវិនិយោគនៅក្នុងប្រទេសកម្ពុជា ដូចជា ការដាក់សំណើបើកដំណើរការតុលា​ការពាណិជ្ជកម្មនៅឆ្នាំ២០២៣ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម។ ការធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) នៅឆ្នាំ២០២៣ និងការសម្ពោធព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ដែលជាអាកាសយានដ្ឋានធំជាងគេទី៩របស់ពិភពលោក ដែលគ្រោងថានឹងបញ្ចប់នៅឆ្នាំ២០២៣ នឹងពង្រឹងជំហររបស់កម្ពុជា ជាគោលដៅវិនិយោគដែលមានហេ ដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ និង គ្រឿងបរិក្ខារ ដើម្បីសម្រុះសម្រួលសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន។លោកវិចិត្របញ្ជាក់បន្ថែម។

លោកបន្តថា អត្រានគរូបនីយកម្មខ្ពស់របស់កម្ពុជា ក៏កំពុងជំរុញឱ្យមានតម្រូវការសម្រាប់ទំនិញ និងសេវាកម្មគ្រប់ប្រភេទ ជាពិសេសលំនៅដ្ឋា​ន ការលក់រាយ និងអគារការិយាល័យលំដាប់ថ្នាក់អន្តរជាតិ និងអគារពាណិ​ជ្ជកម្មចម្រុះ។

លោកវិចិត្របានបន្តទៀតថា “ការកើនឡើងនៃអ្នកមានជីវភាពកណ្តាលនៅកម្ពុជា នឹងបង្កើនតម្រូវការទំនិញប្រណីត និងបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងទីផ្សារធំៗ ដូចជា អឺរ៉ុប អាមេរិក ជប៉ុន កូរ៉េខាងត្បូង និងចិន”។

ប្រទេសកម្ពុជាក៏ជាប្រទេសមួយ ដែលមានស្ថិរភាពនយោបាយបំផុតនៅអាស៊ី ហើយនឹងបន្តសម្រាប់អនាគតដ៏ខ្លីខាងមុខ ដែលកាត់បន្ថយផលប៉ះពាល់ហានិភ័យ និងកាត់បន្ថយហានិភ័យនៃការវិនិយោគក្នុងប្រទេស។កម្ពុជាក៏កំពុងខិតខំប្រឹងប្រែង រៀបចំរចនាសម្ព័ន្ធខ្លួន ឱ្យក្លាយជាគោលដៅទេសចរណ៍ឈានមុខគេ ជាមួយនឹងសណ្ឋាគារលំដាប់ផ្កាយប្រាំ លំដាប់អន្តរជាតិបន្ថែមទៀត ដែលកំពុងវិនិយោគនៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ចរបស់ប្រទេស។

ជាមួយគ្នានេះ លោក Sandeep Majumdar ប្រធានសភាពាណិជ្ជកម្មឥណ្ឌា (InCham) ប្រចាំនៅកម្ពុជាបានបង្ហាញការយល់ឃើញថា ការប្រព្រឹត្តទៅប្រកបដោយជោគជ័យ នៃកិច្ចប្រជុំកំពូលអាស៊ាននាពេលថ្មីៗនេះ ដោយប្រទេសកម្ពុជាបានលើកកម្ពស់មុខមាត់ របស់ប្រទេសជុំវិញពិភពលោក នឹងផ្តល់កាលានុវត្តន៍ភាពដល់កម្ពុជា។

លោកបានចង្អុលបង្ហាញថា តំបន់សេដ្ឋកិច្ចពិសេសរបស់កម្ពុជា ក៏កំពុងទាក់ទាញការវិនិយោគយ៉ាងច្រើនផងដែរ។ លោកបានបន្ថែមថា ឥឡូវនេះ គេអាចមើលឃើញសភាពាណិជ្ជកម្មកម្ពុជា នៅតាមបណ្តាប្រទេសមួយចំនួន សូម្បីតែនៅកន្លែងឆ្ងាយៗ ដូចជា ប្រទេសកាណាដា។

យោងតាមលោកSandeep គណៈប្រតិភូធុរកិច្ចឥណ្ឌាកម្រិតខ្ពស់នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់១៩ ខែមករា ឆ្នាំ២០២៣ ដោយរំពឹងថានឹងមានតំណាងក្រុមហ៊ុនជាង២០០ ក្រៅពីរដ្ឋមន្ត្រីខុទ្ទកាល័យ និងសមាជិករាជវង្សក្នុងគណៈប្រតិភូ ដែលនឹងមានកិច្ចប្រជុំជាមួយរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំធុរកិច្ចកម្ពុជា។

ប្រទេសកម្ពុជា បានបំប្លែងពីប្រទេសក្រីក្រ កាលពីប៉ុន្មានទសវត្សរ៍មុន ទៅជាប្រទេស ដែលមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងឆាប់រហ័ស ក្នុងរយៈពេលដ៏ខ្លីនេះ មានភាពគួរឱ្យកត់សម្គាល់ និងជារឿងមួយដែលស្ទើរតែមិនធ្លាប់មានពីប្រទេសផ្សេងទៀតក្នុងពិភពលោក។ កម្ពុជាបានឈានដល់ឋានៈជាចំណូលមធ្យមកម្រិតទាបក្នុងឆ្នាំ២០១៥ ហើយបានកំណត់ទិសដៅរបស់ខ្លួន ក្នុងការទទួលបានឋានៈជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។

លោកបន្តថា “ម្យ៉ាងវិញទៀត ការនាំចេញរបស់កម្ពុជា កំពុងកើនឡើង មិនថាសម្លៀកបំពាក់ អង្ករ និងកង់។ ប្រទេសនេះ តែងតែស្វាគមន៍អ្នកវិនិយោគ ហើយច្បាប់វិនិយោគថ្មី បានបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគយ៉ាងខ្លាំង”។

យោងតាមរបាយការណ៍របស់ធនាគារពិភពលោក កម្ពុជាបានកំណត់ខ្សែបន្ទាត់ភាពក្រីក្រឡើងវិញនាពេលថ្មីៗនេះ ដោយប្រើប្រាស់ការស្ទង់មតិសេដ្ឋកិច្ច សង្គមកម្ពុជាថ្មីបំផុតសម្រាប់ឆ្នាំ២០១៩/២០។ ខ្សែបន្ទាត់ភាពក្រីក្ររបស់ជាតិ ឥឡូវនេះគឺ១០.៩៥១រៀល ក្នុងមនុស្សម្នាក់ក្នុងមួយថ្ងៃ ឬស្មើនឹង២,៧ដុល្លារ។

នៅក្រោមខ្សែបន្ទាត់ភាពក្រីក្រថ្មី ប្រហែល១៨ភាគរយនៃចំនួនប្រជាជនត្រូវបានកំណត់ថាជាក្រីក្រ។ អត្រានៃភាពក្រីក្រ ត្រូវបានរកឃើញថា ទាបបំផុតនៅក្នុងរាជធានីភ្នំពេញ (៤,២ភាគរយ) និងតំបន់ទីក្រុងផ្សេងទៀត (១២,៦ភាគរយ) និងខ្ពស់បំផុតនៅតំបន់ជនបទ(២២,៨ ភាគរយ)។

ក្នុងកំឡុងឆ្នាំ២០០៩ ២០១៩ ឬ២០២០ អត្រានៃភាពក្រីក្របានធ្លាក់ចុះ១,៦ភាគរយក្នុងមួយឆ្នាំ ដែលជំរុញយ៉ាងខ្លាំង ដោយការកើនឡើងនៃប្រាក់ឈ្នួល។ ការកើនឡើងនៃជំនួយសង្គមដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលបានចាប់ផ្តើមនៅក្នុងខែមិថុនា ឆ្នាំ២០២០ បានកាត់បន្ថយការខាតបង់ប្រាក់ចំណូលក្នុងកំឡុងជំងឺរាតត្បាត។

ការស្ទង់មតិលើគ្រួសារក៏បានបង្ហាញផងដែរថា ការងារបានត្រលប់ទៅកម្រិតមុនការរាតត្បាត។ ឥទ្ធិពលអវិជ្ជមាន នៃជំងឺរាតត្បាតលើអាជីវកម្មគ្រួសារ មិនប្រកបរបរកសិកម្មមានស្ថេរភាព។

របាយការណ៍របស់ធនាគារពិភពលោកបាននិយាយថា ទោះជាយ៉ាងណាក៏ដោយ តម្រូវការអ្នកប្រើប្រាស់ទាប នៅតែជាកត្តាជំរុញចម្បងនៃការខាតបង់ប្រាក់ចំណូល។

សេដ្ឋវិទូជាន់ខ្ពស់ និងជានាយកវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិ​ត្យសភាកម្ពុជា លោកគី សេរីវឌ្ឍន៍ បានមានប្រសាសន៍ថា អនុបាតផលិតភាពការងារ- ប្រាក់ឈ្នួលខ្ពស់ បានធ្វើឱ្យប្រទេសនេះ ទាក់ទាញFDIs ក្នុងបរិមាណដ៏ច្រើន ហើយនេះបានបង្កើនល្បឿន កំណើនសេដ្ឋកិច្ចរបស់ប្រទេ​សឱ្យកាន់តែរីកចម្រើន។

លោកបានមានប្រសាសន៍ថា “ការបន្ថែមអត្ថប្រយោជន៍របស់ប្រទេស គឺស្ថិរភាពនយោបាយ និងសន្តិភាព ដែលកំពុងមាននៅក្នុងប្រទេស ដែលបានជំរុញតម្រូវការ និងការប្រើប្រាស់សរុប”។

ទន្ទឹមនឹងនោះ លោកក៏បានចង្អុលបង្ហាញថា សមាហរណកម្មសេដ្ឋកិច្ចរបស់កម្ពុជា ទៅនឹងសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោកតាមរយៈ WTO អាស៊ាន RCEP និង FTAs បានបង្កើតវេទិកា សម្រាប់កំណើនយ៉ាងឆាប់រហ័ស។

ជាមួយគ្នានេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក្នុងពេលចូលរួមកិច្ចពិភាក្សា លើច្បាប់ថវិកាឆ្នាំ២០២៣ បា​នមានប្រសាសន៍ថា ដោយសារតែការកើនឡើងនៃតម្រូវការសកល ទំនុកចិត្តរបស់អ្នកវិនិយោគបរទេស និងការបើកច្រកព្រំដែនឡើងវិញ ទាំងស្រុងរបស់កម្ពុជា ត្រូវបានគេរំពឹងថានឹងមានការកើនឡើង ដើម្បីទទួលបានកំណើនសេដ្ឋកិច្ច៥,៤ភាគរយនៅឆ្នាំនេះ និង៦,៦ភាគរយនៅឆ្នាំក្រោយ។

លោករដ្ឋមន្ត្រីបាននិយាយថា GDP សម្រាប់មនុស្សម្នាក់នឹងកើនឡើងដល់១.៧៨៥ដុល្លារនៅឆ្នាំ២០២២ និងកើនឡើងដល់១.៩២៤ដុល្លារក្នុងឆ្នាំ២០២៣។ វិស័យឧស្សាហកម្ម ជាពិសេសកាត់ដេរ និងសំណង់ ត្រូវបានព្យាករណ៍ថា នឹងកើនឡើង៩,២ភាគរយនៅឆ្នាំក្រោយ ខណៈដែលវិស័យសេវាកម្ម ទេសចរណ៍ ដឹកជញ្ជូនទូរគមនាគមន៍ ពាណិជ្ជកម្ម និងអចលនទ្រព្យ៦,៦ភាគរយ និងកសិកម្ម១,១ភាគរយ។

លោកបានបន្ថែមថា អតិផរណារបស់ប្រទេស ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះ មកត្រឹម២,៥ភាគរយក្នុងឆ្នាំ២០២៣ ពីប្រហែល៥ភាគរយក្នុងឆ្នាំ២០២២។

ចំណែកលោក លី សុដេត សេដ្ឋវិទូជាន់ខ្ពស់ប្រចាំប្រទេសរបស់ធនាគារពិភពលោកបានថ្លែងថា សេដ្ឋកិច្ចកម្ពុជាកំពុងងើបឡើងវិញយ៉ាងល្អ បន្ទាប់ពីជំងឺកូវីដ-១៩។

លោកបន្តបញ្ជាក់ថា “ការកើនឡើងនៃផលិតកម្ម ជាពិសេសការនាំចេញសម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ និងកង់ ការងើបឡើងវិញនៃឧស្សាហកម្មធ្វើដំណើរ និងទេសចរណ៍ និងការត្រឡប់មកវិញនៃលំហូរ FDI បានជួយឱ្យសេដ្ឋកិច្ចងើបឡើងវិញនៅឆ្នាំ២០២២”៕

LEAVE A REPLY

Please enter your comment!
Please enter your name here