ដោយគង់ សូរិយា
ភ្នំពេញ: រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានថ្លែងថា ដោយសារកំនើនសេដ្ឋកិច្ចបានធ្វើឲ្យរដ្ឋាភិបាលមានលទ្ឋភាពបង្កើនការចំណាយសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិចំនួន១២៧លានដុល្លារនៅឆ្នាំ២០១៩ខាងមុខ។
លោកបណ្ឌិតអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងនៅក្នុងការបើកសិក្ខសាលាថ្នាក់ជាតិស្តីពី ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨នេះថា គម្រោងចំណាយថវិកាថ្នាក់ក្រោមជាតិសម្រាប់ឆ្នាំ២០១៩ ខាងមុខនេះកើនឡើង១២៧លានដុល្លារអាមេរិក បើប្រៀបធៀបទៅ
ឆ្នាំ២០១៨។ ការចំណាយកើនឡើងនេះ ដោយសាកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនអត្រាចូលរួមរបស់ថវិការដ្ឋ ទៅក្នុងមូលនិធិឃុំ/សង្កាត់ និងមូលនិធិ ក្រុង/ស្រុក និងការបង្កើនឲ្យមានប្រភពចំណូលផ្សេងៗទៀត សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ តែទោះជាយ៉ាងណាមិញចំនួនថវិកានេះ នៅមិនទាន់គិតបញ្ចូលនូវថវិកា ត្រូវផ្ទេដែលមានលក្ខខ័ណ្ឌ សម្រាប់អនុវត្តន៍មុខងារនានារបស់ក្រសួងមួយចំនួន ដែលបានសម្រេចចិត្តផ្ទេរទៅឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិនោះឡើយ
លោកបន្តថា តាមផែនការសកម្មភាពជាអទិភាពនេះ ត្រូវបានគ្រោងដោយមានការជជែកពិភាក្សាគ្នាជាបឋម ជាមួយស្ថាប័នអនុវត្តន៍នានា និងដោយផ្អែកជាសំខាន់ទៅលើផែនការអនុវត្តន៍ដំណាក់កាលទី៣ នៃផែនការជាតិរយៈពេល១០ឆ្នាំ ស្តីពីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យថ្នាក់ក្រោមជាតិ ក្នុងនោះផែនការទាំងនេះត្រូវបានរៀបចំ ដោយផ្អែកលើគម្រោងថវិកាប្រមាណ៥៩៥លានដុល្លាអាមេរិក ដោយរួមបញ្ចូលនូវថវិការដ្ឋចំនួន៥៥១លានដុល្លាអាមេរិក ក្នុងនោះថវិកាប្រមាណ៥៤៣លានដុល្លាអាមេរិក សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ និងថវិកាចូលរួមចំណែកពីដៃគូអភិវឌ្ឍចំនួន៤៤លានដុល្លាអាមេរិកផងដែរ៕