ដោយ ស៊ីវ ម៉េង
ភ្នំពេញ៖ ធនាគារអេស៊ីលីដា ភីអ៊ិលស៊ី ដែលជាធនាគារធំជាងគេនៅកម្ពុជាបានសម្រេចបោះទុន៣៦លានដុល្លារអសមេរិក ដើម្បីចូលរួមបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការសាងសង់វិទ្យាស្ថានពាណិជ្ជសាស្ត្ររបស់ខ្លួន ដើម្បីប្រែក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាលមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា-អាស៊ាន។
លោកបណ្ឌិត ផុន ណារិន នាយកវិទ្យាស្ថានពាណិជ្ជសាស្ត្រ អេស៊ីលីដា បានឲ្យដឹងក្នុងពិធីសម្ភោធវិទ្យាស្ថាននេះកាលពីរសៀលថ្ងៃទី២៦ ធ្នូកន្លងមកថា វិទ្យាស្ថាននេះចាប់ផ្តើមចេញពីផ្នែកហ្វឹកហ្វឺន ទៅជានាយកដ្ឋានហ្វឹកហ្វឺន បន្ទាប់បានក្លាយទៅជាមជ្ឈមណ្ឌលបណ្តុះបណ្តាល មីក្រូហិរញ្ញវត្ថុអេស៊ីលីដា-អាស៊ាន បន្ទាប់មកទៀតក្លាយជាអេស៊ីលីដាត្រេននីងសេនធ័រ និងចុងក្រោយនេះក្លាយជាគ្រឹះស្ថានកម្រិតឧត្តមសិក្សា តាមរយះអនុក្រឹត្យសម្រាប់ការបណ្តុះបណ្តាល កម្រិតឧត្តមសិក្សា ដែលរួមមានថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញបត្ររង។
-->
វិទ្យាស្ថានពាណិជ្ជសាស្ត្រអេស៊ីលីដា សាងសង់លើផ្ទៃសរុបទំហំជាង៧ហិចតា ដែលរួមមានអគារសិក្សាចំនួន២ កម្ពស់៥ជាន់ មានបន្ទប់រៀន៨បន្ទប់ ដែលអាចទទួលសិស្សប្រមាណ៨ពាន់នាក់ (សរុបបីវេនសិក្សា) អគាររដ្ឋបាល១ កម្ពស់៣ជាន់ ដែលនៅក្នុងអគារនោះមានអាហារដ្ឋាន១កន្លែង បណ្ណាល័យ១កម្ពស់៣ជាន់ អន្តេវាសិកដ្ឋាន១ កម្ពស់៤ជាន់ មាន៤៧បន្ទប់ ដែលអាចទទួលនិស្សិតស្នាក់នៅសរុបចំនួន១៣៧នាក់ ទីធ្លាសម្រាប់ចតយានយន្តធំទូលាយ ទីលានបាល់ទាត់ បាល់បោះ និងបាល់ទះ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា វិទ្យាស្ថាននេះរៀបចំឡើង ស្របពេលដែលរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់វិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅកម្ពុជា។ ឯកឧត្តមបានបន្តថា វឌ្ឍនភាពគួរឲ្យកត់សម្គាល់ ដែលសម្រេចបានក្នុងវិស័យអប់រំ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មិនមែនកើតឡើងដោយចៃដន្យទេ តែបានស្តែងចេញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្ម ជាមួយនឹងកិច្ចសហការយ៉ាងជិតស្និទ្ធរវាងក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍ និងសហគមន៍ប្រកបដោយស្មារតីទទួលខុសត្រូវតាមតួនាទី និងភារកិច្ចរៀងៗខ្លួនក្នុងការអនុវត្តគោលនយោបាយ ដែលបានដាក់ចេញដោយរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍ និងកសាងធនធានមនុស្សរបស់រដ្ឋាភិបាលកម្ពុជា៕