ក្រុមហ៊ុន Huawei រំពឹងរកចំណូលបាន១០៩ពាន់លានដុល្លារនៅឆ្នាំនេះ

0

ដោយ : វុត្ថា
ភ្នំពេញ : ក្រុមហ៊ុន Huawei Technologies ត្រូវបានរំពឹងថា នឹងទទួលបានប្រាក់ចំណូល២១ភាគរយសម្រាប់ឆ្នាំ២០១៨នេះ ពោលគឺក្នុងទំហំទឹកប្រាក់ចំនួន១០៩ ពាន់លានដុល្លារសហរដ្ឋអាមេរិក ខណៈក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ មានការរីកចម្រើនយ៉ាងលឿនក្នុងរយៈពេល២ឆ្នាំកន្លងមក បើទោះបីមានការត្រួតពិនិត្យយ៉ាងតឹងរឹងពីសំណា​ក់ពិភពលោករាល់សកម្មភាពរបស់ខ្លួនយ៉ាងណាក្តី។


ក្រុមហ៊ុនបានប្រកាសកាលពីដើមខែនេះថា ប្រាក់ចំណូលប្រចាំឆ្នាំត្រូវបានគេរំពឹងថានឹងកើនឡើងលើស១០០ពាន់លានដុល្លារជាលើកដំបូង ហើយថាខ្លួនបានទទួលកិច្ចសន្យាពាណិជ្ជកម្មប្រើប្រាស់5Gកាន់តែច្រើនថែមទៀត ដែលនឹងក្លាយជាក្រុមហ៊ុនលក់ 5G ធំជាងគេនៅក្នុងពិភពលោក។ កាលពីខែសីហាឆ្នាំ២០១៨ នេះ ក្រុមហ៊ុន Huawei បានព្យាករណ៍ថា ខ្លួននឹងលក់ទូរស័ព្ទស្មាតហ្វូន បានចំនួនលើស២០០លានគ្រឿងសម្រា​ប់ឆ្នាំនេះ។
ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនផលិតឧបករណ៍ ទូរគមនាគមន៍ដ៏ធំបំផុតរបស់ពិភពលោក និងជាអ្នកលក់ស្មាតហ្វូនធំបំផុតលំដាប់ទីពីរ។ បើទោះបីស្ថិតនៅក្រោមសម្ពា​ធអន្តរជាតិនៅឆ្នាំនេះ បន្ទាប់ពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនរួមទាំងអូស្ត្រាលី និងនូវែលហ្សេឡង់ បានចាប់ផ្តើមរារាំងឧបករណ៍របស់ចិន ចូលទៅក្នុងប្រទេសរបស់ខ្លួនដោយសារតែមានការព្រួយបារម្ភថា ជាចារកម្មរបស់ប្រទេសចិន។
យ៉ាងណាក៏ដោយ ក្រុមហ៊ុន Huawei បានទទូចដដែលៗថា រដ្ឋបាលក្រុងប៉េកាំងមិនមានឥទ្ធិពលអ្វីមកលើក្រុមហ៊ុននោះទេ។

លោកស្រី Sabrina Meng ប្រធានហិរញ្ញវត្ថុ និងជាកូនស្រីរបស់លោក Ren Zhengfei ស្ថាបនិកក្រុមហ៊ុនHauwei ផងដែរនោះត្រូវបានចាប់ខ្លួន និងត្រូវបានដោះលែងឱ្យនៅក្រៅឃុំ នៅប្រទេសកាណាដាកាលពីដើមខែនេះ ដោយសារតែសហរដ្ឋអាមេរិកបានចោទប្រកាន់លោកស្រីថា បានបោកប្រាស់ធនាគារនានាជាមួយប្រតិបត្តិការអ៊ីរ៉ង់។
សារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃព្រហស្បត៍ ដោយដកស្រង់ប្រភពនានាថា សេតវិមានកំពុងពិចារណាលើបទបញ្ជាប្រតិបត្តិមួយ នៅដើមខែមករាដែលនឹងរារាំងក្រុមហ៊ុនអាមេរិក មិនឱ្យប្រើប្រាស់ឧបករណ៍ទូរគមនាគមន៍ ដែលផលិតដោយក្រុមហ៊ុន Huawei និងក្រុមហ៊ុន ZTE ដែលជាការវាយប្រហារចុងក្រោយបំផុតទៅកាន់ក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ធំបំផុតពីររបស់ចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here