ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : ខេត្តចំនួន៣ ក្នុងចំណោមខេត្តជាប់តំបន់ឆ្នេរចំនួន៤ បានទទួលភ្ញៀវទេសចរជាតិ អន្តរជាតិទៅទស្សនាកំសាន្ត ប្រមាណកន្លះលាននាក់សម្រាប់រាត្រីឆ្លងឆ្នាំសាកល ឆ្នាំ២០១៨ ឈានចូលឆ្នាំ២០១៩នេះ។
លោក ស៊យ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានថ្លែងឲ្យដឹងនៅថ្ងៃដដែលថា ចំនួនភ្ញៀវទេសចរទៅទស្សនាខេត្តកំពតជិត១០ម៉ឺននាក់ ដែលមានកំនើនជិត២៧ភាគរយធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន និងភ្ញៀវអន្តរជាតិកើន៣៧ភាគរយ។ លោកបន្តថា ខេត្តកំពត បានស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិពីរមណីយដ្ឋានប្រវត្តិសាស្រ្ត និងធម្មជាតិជាង១០កន្លែង ជាមួយបន្ទប់ស្នាក់នៅជាង៣០០០បន្ទប់។
លោកបន្តថា “បញ្ហាតម្លៃបន្ទប់មិនចោទជាបញ្ហាធំដុំនោះទេ ព្រោះអ្នកផ្គត់ផ្គង់បានចូលរួមជាមួយយើងទាំងអស់គ្នា ដើម្បីនិរន្តរភាពទេសចរណ៍ខេត្ត”។
ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចិន្តា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១ មករា ឆ្នាំ២០១៩នេះថា ចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិទៅទស្សនាខេត្តកែបបានកើនឡើងប្រមាណ៤០ភាគរយ ដោយចំនួនភ្ញៀវបានកើនពី១១ម៉ឺននាក់ មកដល់១៥ម៉ឺននាក់នៅឆ្នាំនេះ។លោកបន្តថា បើគិតពីកំនើនប្រចាំឆ្នាំចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិមានកំនើនប្រមាណ៥ភាគរយ ដោយឆ្នាំ២០១៧ខេត្តទទួលបានភ្ញៀវទេសចរសរុប១,៦២លាននាក់ ប៉ុន្តែឆ្នាំ២០១៨ចំនួនភ្ញៀវបានកើនដល់សរុប១,៦៧លាននាក់។