ដោយៈ គង់ ម៉ាលីនណា
ភ្នំពេញៈ លោកសុង តុងហាប់ រដ្ឋលេខាធិការក្រសួងទេសចរណ៍បានដឹកនាំកិច្ចប្រជុំអនុគណ:កម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាង “ផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦”។
លោកក៏ជាប្រធានអនុគណៈកម្មការផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ នៃគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ (គ.អ.ទ.ស)។
លោកសុង តុងហាប់ បានលើកឡើងថា ការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៣-២០២៦ គឺឆ្លើយតបនឹងឯកសារផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ ដែលមានរំលេចនៅក្នុងជំពូកទី២ ផ្នែកទី៣ និងតបតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ក្នុងពិធីប្រកាសសមាសភាព និងគណៈកម្មការចំណុះឱ្យគ.អ.ទ.ស កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២។
លោកអូន ព័ន្ឋមុនីរ័ត្នធ្លាប់បានផ្តល់អនុសាសន៍ឲ្យក្រសួងទេសចរណ៍ត្រូវរៀបចំជាបន្ទាន់ នូវយុទ្ធសាស្ត្រផ្សព្វផ្សាយ សម្រាប់គោលដៅទេសចរណ៍ខេត្តសៀមរាបដោយឡែកមួយ ឱ្យបានរហ័ស។
លោករដ្ឋលេខាធិការ និងជាប្រធានអង្គប្រជុំ បានបន្តទៀតថា ជាចក្ខុវិស័យ របស់ផែនការយុទ្ធសាស្រ្តផ្សព្វផ្សាយ និងទាក់ទាញទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២៣ -២០២៦ គឺធ្វើការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងភ្ញៀវទេសចរផ្ទៃក្នុងឱ្យមកកម្សាន្ត ក្នុងខេត្តសៀមរាបឡើងវិញ ឱ្យបានស្មើឬប្រសើរជាងមុនពេលវិបត្តិ (ឆ្នាំ២០១៩) ដោយសម្រេចបាននូវចំនួនភ្ញៀវទេសចរអន្តរជាតិប្រមាណ៣លាននាក់ និងភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ៤លាននាក់ នៅត្រឹមឆ្នាំ២០២៦៕