ដោយគង់ សូរិយា
ភ្នំពេញ: ស្ថាប័នមីក្រូហិរញ្ញវត្ថុនានាបានចាប់ផ្តើមដាក់ចេញនូវផែនការយុទ្ឋសាស្រ្តថ្មី ដើម្បីធ្វើពិពីធកម្មទីផ្សាររបស់ខ្លួន ដើម្បីពង្រីកទីផ្សារ និងឈានទៅរកការប្រកួតប្រជែងនៅក្នុងទីផ្សារ។
អគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រិត លោកជា ផល្លារិនបានមានប្រសាស៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី២ មករាកន្លងមកថា អម្រិតទទួលបានភាពរីកចម្រើនទាំងផ្នែកឥណទាន និងប្រាក់បញ្ញើរកាលពីឆ្នាំមុន ប៉ុន្តែទីផ្សារហាក់កាន់តែមានការប្រកួតប្រជែងគ្នាតានតឹងជាងមុន ដែលតម្រូវឲ្យលោកត្រូវធ្វើពិពិធកម្មសេវាកម្ម និងផលិតផលរបស់ខ្លួននាឆ្នាំ២០១៩នេះ។
លោកបន្តថា “យើងនឹងវិនិយោគទៅលើធនាគារចល័ត និងសហការក្នុងភាពជាដៃគូជាមួយស្ថាប័នដៃគូជាច្រើនទៀត ដើម្បីពង្រីកទីផ្សារនិងផ្តល់ជូនអតិថិជនប្រើប្រាស់សេវាកម្មរបស់យើងកាន់តែងាយស្រួលជាងមុន”។លោកបន្តថា “យើងត្រូវវិនិយោគច្រើនលើប្រព័ន្ឋបច្ចេកវិទ្យា ដើម្បីបង្កើនការគ្របដណ្តប់ទីផ្សារ និងពង្រីកសក្តានុពលទីផ្សាររបស់យើង”។
ជាមួយគ្នានេះ លោក សាយ សូនីប្រធាននាយកដ្ឋានប្រតិបត្តិទីផ្សារនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់បានមានប្រសាសន៍ឲ្យដឹងផងដែរថា ក្នុងឆ្នាំ២០១៩នេះ យើងមានផែនការអនុវត្តយុទ្ធសាស្រ្ត នៃការរីកចម្រើនជាមួយគ្នារបស់យើង ជាមួយនឹងអតិថិជនសហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងខ្នាតមធ្យម ដែលមានស្រាប់ និងការបង្កើនអត្ថប្រយោជន៍ជាអតិបរមា និងការផ្តល់ភាពងាយស្រួលដល់ដៃគូអាជីវកម្ម និងអតិថិជនប្រាក់បញ្ញើសន្សំ តាមរយៈការវិនិយោគទៅលើបច្ចេកវិទ្យាហិរញ្ញវត្ថុ FinTech ដូចជាពង្រីកការផ្តល់សេវាទូទាត់រហ័ស, CSS, បន្ថែមម៉ាស៊ីនឆូតកាត បន្ថែមអេធីអឹម និងសេវាធនាគារចល័ត និងពង្រីកសាខាឱ្យច្រើនបន្ថែមទៀតនៅទូទាំងប្រទេស។
លោកបន្តថា “យើងក៏ប្តេជ្ញាចិត្តក្នុងការកែលំអសេវាអតិថិជន នាំមកនូវនាវនុវត្តន៍ និងការផ្ដល់ជូនសេវានិងផលិតផលថ្មីៗ ដើម្បីបម្រើអតិថិជនរបស់យើងឱ្យកាន់តែប្រសើរឡើង”។
លោកឧកញ៉ាហួត អៀងតុងអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកសិករលីមីតធីតបានមានប្រសាសន៍ឲ្យដឹងផងដែរថា សុខភាពក្នុងវិស័យនេះ មានភាពល្អមែនទែនសម្រាប់ឆ្នាំ២០១៨ ដែលទើបបញ្ចប់នាពេលថ្មីៗនេះ ហើយឆ្នាំ២០១៩ លោករំពឹងថា វិស័យនេះនឹងបន្តមានភាពល្អប្រសើរ ដោយសារកត្តាសុខសន្តិភាព ស្ថេរភាព នយោបាយ កំនើនសេដ្ឋកិច្ចរ៉ឹងមាំរបស់កម្ពុជា។លោកបន្តថា ស្ថានភាពបែបនេះ បានគាំទ្រដំនើររីកចម្រើនក្នុងវិស័យនេះ ដោយសារចំនួនអតិថិជនមិនមានការប្រែប្រួលទេ។
សម្រាប់គោលដៅនៅឆ្នាំថ្មីនេះ លោកឧកញ៉ាហួត អៀងតុងបានឲ្យដឹងថា សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកសិករ នឹងផ្តោតលើគោលដៅអតិថិជនថ្មីៗ និងឆ្លើយតបតាមតម្រូវការអតិថិជន ដោយយើងបានសិក្សាពីទីផ្សាររួចហើយ ហេតុនេះ ក្រុមហ៊ុននឹងពង្រីកសក្តានុពលរបស់ខ្លួននៅឆ្នាំ២០១៩នេះ”៕