NBC កម្ពុជាអាចទទួលបានកំនើនវិនិយោគក្នុងវិស័យកម្មន្តសាលនិងកសិកម្ម

0

ដោយគង់ សូរិយា

ភ្នំពេញ: ការសិក្សាមួយដែលបានធ្វើឡើងដោយធនាគារជាតិនៃកម្ពុជា(NBC)បានឲ្យដឹងថា កម្ពុជាអាចទទួលបានកំនើនវិនិយោគលើវិស័យកម្មន្តសាល​ និងកសិកម្ម ដោយ​សារកម្ពុជាអាចផលិត និងនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក និងប្រទេសចិន។

ការបង្ហាញនូវសញ្ញាសុទិដ្ឋិនិយមនេះ ត្រូវបានបង្ហាញក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីវឌ្ឍនភាពម៉ាក្រូសេដ្ឋកិច្ច និងវិស័យធនាគារឆ្នាំ២០១៨ និងទស្សនវិស័យឆ្នាំ២០១៩ដែលបានចេញផ្សាយនៅដើមសប្តាហ៍នេះ។ របាយការណ៍បានអះអាងថា ជាក់ស្តែងការ​នាំចេញរបស់កម្ពុជាបានកើនឡើងគួរឲ្យកត់សំគាល់ ជាពិសេសផលិតផលកាត់ដេរ ត្រូវ​បានប៉ាន់ស្មានថាកើនឡើង២៤,៧ភាគរយ ស្របពេលដែលការនាំចេញផលិតផលមួយចំនួន បានកើនឡើងក្នុងអត្រាពីរទៅបីខ្ទង់ ដូចជាការនាំចេញអង្ករកើនឡើង២៣ភាគរយ ទោចក្រយានកើនឡើង១២ភាគរយ និងគ្រឿងបន្លាស់យានយន្តកើនឡើងបីដង។

របាយការណ៍ដដែលនេះបានបន្តឲ្យដឹងទៀតថា ថ្វីបើការនាំចេញផលិតផលកាត់ដេរនៅបន្តមានចំណែកធំ ប្រមាណ២ភាគ៣នៃការនាំចេញសរុបក៏ដោយ ក៏ចំណែកនេះ​បានថយចុះគួរឲ្យកត់សំគាល់ បើធៀបនឹងប្រមាណ៩៦ភាគរយនៃការនាំចេញកាលពី១០​ឆ្នាំមុន។

រដ្ឋាភិបាលកម្ពុជាបានដាក់ចេញ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដើម្បីធ្វើពិពីធកម្មសេដ្ឋកិច្ចកម្ពុជា ក្នុងគោលដៅធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា​បន្តមានកំនើនរ៉ឹងមាំ និងធ្វើពិពិធកម្មផលិតផលនានា ដើម្បីនាំចេញទៅកាន់បរទេស។

លោកឧកញ៉ាលឹម ហេងអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានថ្លែងថា រដ្ឋាភិបាល​កម្ពុជា បានដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥

២០២៥ ដើម្បីទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត ដោយសារកម្ពុជាមានសុខ​សន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចល្អប្រសើរ និងលក្ខខ័ណ្ឌអាកាសធាតុ និងផ្ទៃដីកម្ពុជា មានភាពអំណោយផលដល់ការវិនិយោគ ក្នុងវិស័យកម្មន្តសាល និងកសិកម្ម ដើម្បីកែច្នៃផលិតផលកសិកម្ម ដើម្បីនាំចេញទៅបរទេស ដែលបច្ចុប្បន្នយើងឃើញក្រុម​ហ៊ុនជាច្រើនបានចូលមកវិនិយោគក្នុងវិស័យទាំងពីរនេះ។

លោកបន្តថា “ខ្ញុំគិតថានៅបណ្តាឆ្នាំខាងមុខ កម្ពុជានឹងទទួលបានកំណើនវិនិយោគ​ក្នុងវិស័យកសិកម្ម ដោយសារកម្ពុជាមានភាពអំណោយផលជាច្រើន ពិសេសច្បាប់វិនិយោគរបស់កម្ពុជាមានភាពបើកចំហ ដែលអនុញ្ញាត្តឲ្យក្រុមហ៊ុនបរទេសអាចបោះទុន១០០ភាគរយវិនិយោគនៅកម្ពុជា”។លោកបន្តថា “ច្បាប់នេះរួមទាំងកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា បានទាក់ទាញអ្នកវិនិយោគបរទេសយ៉ាងខ្លាំង”។

ទោះជាយ៉ាងណាលោកវេង សាខុនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសា​ទបានថ្លែងឲ្យដឹងនៅថ្ងៃដដែលនេះថា កម្ពុជាមានកំនើនការវិនិយោគក្នុងវិស័យកសិកម្ម មួយៗនៅឡើយ ដោយសារប្រព័ន្ឋហេដ្ឋារចនាសម្ព័ន្ឋរបស់យើងមិនទាន់មានភាពអំណោយ​ផលនៅឡើយ ពិសេសតម្លៃដឹកជញ្ជូន និងថ្លៃទឹក ភ្លើងរបស់កម្ពុជាមានតម្លៃខ្ពស់ធៀបជា​មួយបណ្តាប្រទេសក្នុងតំបន់។

លោកបន្តថា “ទោះជាតម្លៃពលកម្មយើងទាប តែបញ្ហាហេដ្ឋារចនាសម្ព័ន្ឋជារឿងមួ​យដែលត្រូវការពេលវេលាក្នុងការដោះស្រាយ”។

លោកបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់នៃឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបាន​មានប្រសាសន៍ថា សុខភាពសេដ្ឋកិច្ចកម្ពុជានៅតែមានសញ្ញាល្អប្រសើរ តែបញ្ហាប្រឈម​

របស់យើងនៅនៅតែមានភាពដដែលៗ ដូចជា តម្លៃដឹកជញ្ជូនខ្ពស់ កង្វះធនធានមនុស្ស ការិយាធិបេតយ្យ ថ្លៃទឹកភ្លើងនៅមានតម្លៃថ្លៃ និងមិនទាន់មានគុណភាពជាដើម។

ទាក់ទងនឹងគោលនយោបាយឧស្សាហកម្ម លោកបណ្ឌិតបានថ្លែងថា សេដ្ឋកិច្ចរបស់យើងប្រៀបដូចជារថយន្តចាស់ ដែលយើងត្រូវធ្វើការជួសជុល ឬបន្ថែមគ្រឿង ដើម្បីឲ្យរថយន្តរបស់យើងរត់បានលឿន និងឆ្ងាយជាងមុន៕​

LEAVE A REPLY

Please enter your comment!
Please enter your name here