ទំហំទុនបម្រុងអន្តរជាតិរបស់កម្ពុជាកើនឡើងជិត១៨ពាន់លានដុល្លារជាសញ្ញាល្អសម្រាប់សេដ្ឋកិច្ច

0

ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ ទិន្នន័យបានបង្ហាញថា ទុនបម្រុង​អន្តរជាតិ​របស់​កម្ពុជាបាន​កើនឡើង​ជិត១៨ពាន់​លាន​ដុល្លារ​ កាលពី​ឆ្នាំ២០២២ ដែល​អាច​អនុញ្ញាត ឱ្យ​ធ្វើការ​នាំចូល​ទំនិញ និង​សេវាកម្ម​សំខាន់ៗ​សម្រាប់​រយៈពេល៧​ខែ ក្នុងករណី​ប្រទេស​ប្រឈម​នឹង​វិបត្តិ ឬ​គ្រាអាសន្ន​ណាមួយ។

សេដ្ឋវិទូ និង​អ្នកជំនាញបានឱ្យដឹងថា ការរក្សា​ទុនបម្រុង​អន្តរ​​ជាតិ​នេះ គឺ​បង្ហាញ​អំពី​កំណើនសេដ្ឋកិច្ច​ ដ៏​រ៉ឹងមាំ​របស់​កម្ពុជា និង​ការកើនឡើង​ជីវភាព និង​ប្រាក់ចំណូល​របស់​ប្រជាជន​។​

យោងតាម​ទិន្នន័យ​ធនាគារជាតិ​នៃ​កម្ពុជា ទុនបម្រុង​អន្តរ​​ជាតិ​របស់​កម្ពុជា បានថយ​មក​នៅ១៧,៨​ពាន់​លាន​ដុល្លារ​ គិត​ត្រឹម​ចុងឆ្នាំ​ ២០២២ ធ្លាក់ចុះ​ពី២០,៣​ ពាន់​លាន​ដុល្លារ​កាលពីឆ្នាំ​២០២១ ដោយសារ​ការប្រែប្រួល​ទីផ្សារ​ហិរញ្ញវត្ថុ​អន្តរជាតិ ការឡើង​ថ្លៃ​នៃ​ប្រាក់​ដុល្លារ និង​ការ​វិ​និ​​យោគ​ជាមួយ​ស្ថាប័នហិរញ្ញវត្ថុ​អន្តរជាតិ​ធំៗ នៅ​ប្រទេស​ចិន កូរ៉េខាងត្បូង ជប៉ុន និង​តំបន់​អឺរ៉ុប​លើ​សញ្ញា​បណ្ណ​បៃតង បរិ​ស្ថាន សង្គម និង​អភិបាលកិច្ច ​(ESG)​។​

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​​សភា​កម្ពុជា លោក គី សេរី​វឌ្ឍន៍ បាន​បានមានប្រសាសន៍ថា លោក​បាន​សង្កេតឃើញ​ទុន​​បម្រុង​អន្តរជាតិ​របស់​កម្ពុជា​បាន​កើន​​ឡើង​ទ្វេរដង ​បើ​ធៀប​នឹង​រយៈពេល១០​ឆ្នាំមុន ដែល​បង្ហាញថា សេដ្ឋកិច្ចកម្ពុជា​មានកា​រ​កើនឡើង ខណៈ​ប្រាក់ចំណូល និង​ប្រាក់​សន្សំ​របស់​ប្រជាជន​កម្ពុជា​ក៏​កំពុង​កើនឡើង​ដែរ​។​

លោក​ថ្លែងថា ​ទុនបម្រុង​អន្តរជាតិ គឺមាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ប្រទេស ដោយសារ​វា​បង្ហាញឱ្យឃើញថា យើង​មាន​ស្ថានភាព​ហិរញ្ញ​វត្ថុ​ដ៏​រឹងមាំ ដែល​វា​អាចជួយ​សង្គ្រោះ​ប្រទេស​ នៅពេល​មាន​វិបត្តិ​ណាមួយ”​។

ការណ៍​នេះ​មានន័យថា នៅពេល​ដែលមាន​វិបត្តិ​ណាមួយ យើង​អាច​ប្រើប្រាស់​ទុនបម្រុង​នេះ ដើម្បី​នាំចូល​ទំនិញ​មក​ផ្គត់ផ្គង់ ​ក្នុងប្រទេស​រយៈពេល៧ខែ​បាន ហើយ​រដ្ឋា​ភិ​បាល​ក៏មាន​ពេល ​សម្រាប់​ដោះស្រាយ​ស្ថានភាព​លំបាកឬ​វិបត្តិ​ផងដែរ​»​។​

លោក Anthony Galliano អគ្គ​នា​យក​ក្រុមហ៊ុន​សេវាកម្ម​ហិរញ្ញវត្ថុ Cambodian Investment Management Co Ltd បានប្រាប់កាសែតមួយ​ថា ប្រទេស​កម្ពុជា​បាន​រក្សា​កម្រិត​ទុនបម្រុង​ អន្តរជាតិ​ខ្ពស់ជាង​អ្វីដែល​កំណត់​ជាទូទៅ ​សម្រាប់​ប្រ​-​ទេស​កំពុងអភិវឌ្ឍន៍ ដែល​ធ្វើឱ្យ​កម្ពុជា​ស្ថិតក្នុង​ស្ថានភាព​ហិរញ្ញវត្ថុ​ដ៏​រឹងមាំ​។​

លោក​លើកឡើងថា​ “​នេះ​ជាការ​ប្រុង​ប្រយ័ត្ន​ជាពិសេស​ ដោយសារតែ​ការ​​កើនឡើង ​នៃ​ការខ្ចីប្រាក់​ដោយ​ប្រទេស​​កម្ពុជា​។ កម្រិត​ខ្ពស់​នៃ​ទុនបម្រុង​អន្តរ​​ជាតិ​ ជួយ​កាត់បន្ថយ​ហានិភ័យ​សាច់​ប្រាក់​ ទទួលបាន​បំណុល​រយៈពេល​ខ្លី និង​សម្របសម្រួល​អត្រា​ការប្រាក់​កាន់តែ​ទាប”​។លោកបន្តថា “អ្វីៗ​ទាំងអស់នេះ ​គឺ​ផ្តល់​ផល​វិជ្ជមាន ​ដល់​ការចេញ​សញ្ញា​បណ្ណ​រដ្ឋ​នាពេល​ថ្មីៗ​នេះ”។

រូបិយប័ណ្ណ​បរទេស ឬ​ទុនបម្រុង​បរទេស ឬ​គេ​ស្គាល់​ជា​ទុនបម្រុង​បរទេស​រួមមាន​សាច់ប្រាក់ និង​ទ្រព្យសកម្ម​ផ្សេងទៀត​ដូចជា ​មាស ដែល​ត្រូវបាន​តម្កល់ទុក ​ដោយ​ធនាគារកណ្តាល និង​ស្ថាប័នហិរញ្ញវត្ថុ​ផ្សេងៗ​ទៀត ដូចជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ ​(IMF)​។ នេះ​បើតាម World Economic Forum៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here