រដ្ឋាភិបាលប្រមូលពន្ធប្រថាប់ត្រាបានជាង៩០០លានដុល្លារអាមេរិក ក្នុងរយៈពេលជាង២០ឆ្នាំ

0

 ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិអចលនទ្រព្យនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ ស្របនឹងការទិញលក់អចលនទ្រព្យក៏មានសន្ទុះ ជាក់ស្ដែ​ងរយៈពេល២០ឆ្នាំចុងក្រោយននេះ ចំណូលបានមកពីពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិអចលនទ្រព្យ មានទំហំរហូតដល់ជាង៩០០លានដុល្លារអាមេរិក ។ នេះបើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

យោងតាមរបាយការណ៍ស្តីពី សមិទ្ធផលសង្ខេបរយៈពេល៥ឆ្នាំ របស់ក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ បានបង្ហាញថា ចំណូលពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធអចលនទ្រព្យ ដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ សម្រេចបានទំហំទឹកប្រមាណ៣,៧ទ្រីលានរៀល ឬប្រហែល៩០០លានដុល្លារអាមេរិក។

ចំណូលដែលប្រមូលបានទាំងនេះ គឺគិតចាប់ពីឆ្នាំ១៩៩៩ រហូតមកដល់ដំណាច់ត្រីមាសទី៣ឆ្នាំ២០២២។

ចំណូលពីពន្ធប្រថាប់ត្រាលើការផ្ទេរអចលនទ្រព្យ គឺជាផ្នែកមួយនៃការងារប្រមូលចំណូលពីសេវាផ្សេងៗ ដែលកត់ត្រាដោយ ក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់។

ចំណូលពីសេវាទាំងនោះរួមមាន សេវាសុរិយោដី សេវាសំណង់ ការជួលទីតាំងរោងចក្រ សេវាព័ត៌មានសុរិយោដីតាម ប្រពន្ធអេឡិចត្រូនិក និងពន្ធលើការផ្ទេរអចលនទ្រព្យ។ ចំណូលដែលប្រមូលបានពីសេវាទាំងនេះបូកបញ្ចូលគ្នា សម្រេចបានទំហំទឹកប្រាក់ប្រមាណ៤,៤ ទ្រីលានរៀល ឬប្រហែ​ល១ប៊ីលានដុល្លារ។ ក្នុងនោះ គ្រាន់តែចំណូលប្រមូលបានពីសេវាផ្ទេរកម្មសិទ្ធអចលនទ្រព្យមានចំណែកដល់៨០ភាគរយ។

ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធអចលនទ្រព្យ មានការកំណត់អត្រាពន្ធ ភាគរយ នៃតម្លៃអចលនទ្រព្យហើយ ពន្ធនេះត្រូវបានប្រមូលលើរាល់ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យ (ដូចជា ការទិញលក់ ឬការដោះដូរ ឬការធ្វើអំណោយ ឬការដាក់ភាគហ៊ុនជាអចលនទ្រព្យ ក្នុងក្រុមហ៊ុន) ទោះបីអចលនទ្រព្យនោះ មានប័ណ្ណកម្មសិទ្ធិជាប្លង់រឹង និងប្លង់ទន់ក្តី។

ក្នុងរយៈពេលប៉ុន្មានកន្លងមកនេះដែរ រាជរដ្ឋាភិបាលបានសម្រេចលើកលែងពន្ធប្រថាប់ត្រា ចំពោះលំនៅឋាន ដែលមានតម្លៃក្រោម៧ម៉ឺនដុល្លារអាមេរិក ដើម្បីសម្រួលដល់ពលរដ្ឋ ដែលមានចំណូលមធ្យមក្នុងការទទួលបានលំនៅឋានសមរម្យ ។

យោងតាមរបាយការណ៍អគ្គនាយកដ្ឋានពន្ធដារ ក៏បានបង្ហាញផងដែរថា ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទិ្ធអចលនទ្រព្យ មានកំណើនខ្ពស់រាល់ឆ្នាំមិនថាឆ្នាំមានវិបត្តិកូវីដ១៩ ឬឆ្នាំមានសកម្មភាពទិញលក់ខ្ពស់នោះទេ។ ការណ៍នេះ បានបង្ហាញពីកំណើននៃការផ្ទេរកម្មសិទ្ធិ តាមការទិញលក់អចលនទ្រព្យនៅកម្ពុជារៀងរាល់ឆ្នាំ នៅតែមានសកម្មភាពផុសផុល៕

LEAVE A REPLY

Please enter your comment!
Please enter your name here