ដោយ : គង់ សូរិយា
ភ្នំពេញ : អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ថា ប្រទេសកម្ពុជា ជាប្រទេសបើកចំហជាងគេនៅក្នុងតំបន់ និងពិភពលោកដែលបើកឳកាសឲ្យមានការវិនិយោគកាន់តែច្រើនពីបរទេស។
លោកឧកញ៉ាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី៣ មករាកន្លងមកថា ជាមួយនឹងកត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចរ៉ឹងមាំ កម្ពុជាជាប្រទេសបើកចំហបំផុតនៅក្នុងពិភពលោក ដែលប្រទេសខ្លះអនុញ្ញាឲ្យជនបរទេសចូលទៅវិនិយោគ ដោយមានភាគហ៊ុនជាមួយក្រុមហ៊ុនក្នុងស្រុកត្រឹម៤៩ភាគរយ ប៉ុន្តែរាជរដ្ឋា ភិបាលកម្ពុជាក្រោមការដឹកនាំដោយ សម្តេច តេជោ សម្តេចបានបើកចំហ ដែលអនុញ្ញាឲ្យជនបរទេសអាចវិនិយោគ១០០ភាគរយនៅកម្ពុជា។
លោកឧកញ៉ា លឹម ហេង បានបន្តថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ អភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ដើម្បីទាក់ទាញការវិនិយោគពីបរទេសបន្ថែមទៀត ដោយសារកម្ពុជាមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងកំនើនសេដ្ឋកិច្ចល្អប្រសើរ និងលក្ខខណ្ឌអាកាសធាតុ និងផ្ទៃដីកម្ពុជា មានភាពអំណោយផលដល់ការវិនិយោគ ក្នុងវិស័យកម្មន្តសាល និងកសិកម្ម ដើម្បីកែច្នៃផលិតផលកសិកម្ម ដើម្បីនាំចេញទៅបរទេស ដែលបច្ចុប្បន្នយើងឃើញក្រុមហ៊ុនជាច្រើនបានចូលមកវិនិយោគក្នុងវិស័យទាំងពីរនេះ។
លោកបន្តថា “ខ្ញុំគិតថានៅបណ្តាឆ្នាំខាងមុខ កម្ពុជានឹងទទួលបានកំនើនវិនិយោគក្នុងវិស័យកសិកម្ម ដោយសារកម្ពុជាមានភាពអំណោយផលជាច្រើន ពិសេសច្បាប់វិនិយោគរបស់កម្ពុជាមានភាពបើកចំហ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនបរទេសអាចបោះទុន១០០ភាគរយវិនិយោគនៅកម្ពុជា”។លោកបន្តថា “ច្បាប់នេះរួមទាំងកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយនៅកម្ពុជា បានទាក់ទាញអ្នកវិនិយោគបរទេសយ៉ាងខ្លាំង”។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអ៊ិលស៊ី ធ្លាប់បានមានប្រសាសន៍ឲ្យដឹងផងដែរថា ច្បាប់វិនិយោគរបស់កម្ពុជាពិតមានភាពល្អប្រសើរ និងបើកចំហ ដែលជាកត្តាទាក់ទាញការវិនិយោគ ហើយប្រព័ន្ធនៃការបង់ពន្ធរបស់កម្ពុជាក៏មិនមានភាពរើសអើងរវាងអ្នកវិនិយោគក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិឡើយ។ លោកបន្តថា ការឈានពីប្រទេសមានប្រាក់ចំណូលទាប ទៅកាន់ប្រទេសមានប្រាក់ចំណូលមធ្យម ក៏ជាកត្តាទាក់ទាញការវិនិយោគផងដែរ ព្រោះអ្នកវិនិយោគពួកគេចូលទៅវិនិយោគនៅប្រទេសណាមួយ ពួកគេក៏សិក្សាលើអំណាចនៃការទិញផងដែរ ហើយកម្ពុជាបានឈានដល់ប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប មានន័យថាអំណាចនៃការទិញកំពុងកើនឡើង។
លោកបន្តថា “អ្នកវិនិយោគមុនពេលពួកគេឈានចូលប្រទេសណាមួយ ពួកគេមើលទៅលើកត្តាសន្តិភាព ស្ថេរភាពសង្គម កំនើនសេដ្ឋកិច្ច និងប្រព័ន្ធច្បាប់របស់យើងមានភាពរ៉ឹងមាំ និងអាចការពារអាជីវកម្មរបស់ពួកគេឬអត់”។ លោកបន្តថា “ជាលទ្ធផលកម្ពុជាមានលក្ខខ័ណ្ឌអំណោយផលទាំងអស់នេះ ដែលធ្វើឲ្យកម្ពុជាបានក្លាយជាប្រទេសដែលមានការទាក់ទាញការវិនិយោគពីបរទេសកាន់តែច្រើន”៕