ដោយវុត្ថា
សៀមរាប: អាជ្ញាធរខេត្តសៀមរាប បាននិងកំពុងកំពុងរៀបចំផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ឪ្យក្លាយជាផ្សារគំរូមួយសម្រាប់ខេត្តសៀមរាប ដោយផ្តើមចេញពីផ្សារធំទូលាយ មានសណ្ដាប់ធ្នាប់ល្អ បរិស្ថានល្អ អនាម័យល្អ សន្តិសុខល្អ សេវាកម្មល្អ និងតម្លៃសមរម្យ។
លោក ពៅ សារ៉ាវុធឲ្យដឹងកាលពីថ្ងៃទី៣ មករាកន្លងមកថា បច្ចុប្បន្នគណៈកម្មការផ្សារ និងអាជ្ញាធរក្រុងសៀមរាបកំពុងតែខិតខំធ្វើ និងដោះស្រាយបញ្ហាមួយចំនួនដែលនៅសេសសល់ឱ្យបានលឿន ដើម្បីឱ្យអាជីវករទាំងជាន់ក្រោម និងជាន់លើ លក់ដាច់ដូចគ្នា ហើយប្រជាពលរដ្ឋមានការពេញចិត្ត និងមកផ្សារនេះឱ្យបានកាន់តែច្រើនបន្ថែមទៀត។ ជាមួយគ្នានោះ ការងាររៀបចំសណ្ដាប់ធ្នាប់នេះអាជ្ញាធរក្រុងនឹងធ្វើជាប្រចាំ ហើយលោកស្នើឱ្យប្រជាពលរដ្ឋចូលរួមសហការ ដើម្បីធ្វើឱ្យផ្សារមានសណ្ដាប់ធ្នាប់ បរិស្ថាន អនាម័យ ដើម្បីសោភណភាពស្អាត និងក្លាយជាផ្សារគំរូនៅខេត្តសៀមរាប។
ប្រធានគណៈកម្មការគ្រប់គ្រងផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ លោកសុខ តុញបានឱ្យដឹងថា បើតាមគម្រោងប្លង់សាងសង់ផ្សារនេះ គឺសង់ឡើងពីរជាន់ ហើយនៅជាន់ខាងលើកអ្នកទិញអាចជិះម៉ូតូឡើងទៅលើបាន ដោយមានផ្លូវឡើងចុះងាយស្រួល និងមានចំណតនៅជាន់ខាងលើធំទូលាយ។
លោកបន្តថា បច្ចុប្បន្ននេះលោកកំពុងតែស្ថាបនាផ្លូវនៅជុំវិញផ្សារ ដោយចាក់ក្រាលបេតុងទទឹង៦ម៉ែត្រ ដែលអាចឱ្យរថយន្តពន្លត់អគ្គិភ័យចូលប្រតិបត្តិការបាន ក្នុងករណីមានបញ្ហាកើតឡើងជាយថាហេតុ។ ផ្លូវជុំវិញផ្សារនេះមានប្រវែង២៨០ម៉ែត្រ ពេលនេះស្ថាបនាជាផ្លូវបេតុងបាន ៥០ភាគរយហើយ។
អ្នកស្រីឃិត ឃុននី ជាប្រជាពលរដ្ឋម្នាក់នៅក្រុងសៀមរាបបានឲ្យដឹងថា ផ្សារស ម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ និងក្លាយជាផ្សារគំរូ ខណៈផ្សារនេះសាងសង់ឡើងតាមបែបលក្ខណៈស្តង់ដារ មានចំណតរថយន្តនិងម៉ូតូធំទូលាយ បង្កលក្ខណៈស្រួលដល់ប្រជាពលរដ្ឋដែលទៅទិញម្ហូប និងសម្ភារៈប្រើប្រាស់នៅក្នុងផ្សារមួយនេះ ជាពិសេសផ្លូវចាត់បេតុងជុំវិញផ្សារដែលជាកត្តាមួយដ៏សំខាន់ក្នុងការបង្ការពីគ្រោះអគ្គិភ័យ។
ផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ដែលកន្លងមកប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ផ្សារនេះ តែងតែត្អួញត្អែរពីការកកស្ទះចរាចរណ៍នោះ ឥឡូវនេះបានប្រែក្លាយទៅជាផ្សារមួយដែលមានសណ្ដាប់ធ្នាប់ល្អ គ្មានការកកស្ទះនិងមានសោភណ្ឌភាពស្អាត ដែលអាចឈានទៅជាផ្សារគំរូនៅក្នុងខេត្តសៀមរាប បន្ទាប់ពីអាជ្ញាធរក្រុងសៀមរាប និងគណៈកម្មការផ្សារបានរៀបចំសណ្ដាប់ធ្នាប់ ធ្វើការកែលម្អ និងស្ថាបនាផ្លូវចាត់បេតុងនៅជុំវិញផ្សារមួយនេះ៕