តើទីផ្សារដីធ្លីនៅតែមានឱកាសក្នុងការវិនិយោគទៀតដែរឬទេក្នុងឆ្នាំ២០២៣នេះ?

0

ដោយៈ សុផារី

ភ្នំពេញ: នៅក្នុងស្ថានភាពពិបាក ទីផ្សារនីមួយៗនៃអចលនទ្រព្យ តែងតែមានទាំងបញ្ហាប្រឈម ឱកាស និងវិបត្តិនៃការវិនិយោគ។

អ្នកជំនាញមើលឃើញថា ទោះយ៉ាងនោះក្តី អ្នកវិនិយោគដីធ្លីនៅតែមានឱកាស ប៉ុន្តែការវិនិយោគត្រូវធ្វើឡើង ប្រកបដោយការពិចារណាសម្រេ​ចចិត្តឲ្យបានច្បាស់លាស់។

លោក ប៉ូវ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន Advance Property បានមានប្រសាសន៍នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ថា ទោះបីក្នុងមួយរយៈពេលចុងក្រោយនេះចរន្តនៃការទិញដីធ្លី មិនសូវមានច្រើនដូចកាលមុនក្តី ប៉ុន្តែការវិនិ​យោគនៅលើដីធ្លី នៅក្នុងតំបន់សក្តានុពល នៅតែជាឱកាសមួយដ៏ល្អនៅក្នុងទីផ្សារអចលនទ្រកម្ពុជាក្នុងឆ្នាំ២០២៣។

អ្នកជំនាញរូបនេះ បានណែនាំដល់អ្នក ដែលចង់វិនិយោគដីធ្លីថា ត្រូវតែពិនិត្យ ឲ្យបានច្បាស់លាស់ទៅលើទីតាំង តម្លៃ ទិសដៅអភិវឌ្ឍន៍ និងសក្តានុពលនៃតំបន់ទាំងនោះ។

លោកក៏បានផ្ដល់យោបល់ថា ចំពោះអ្នកវិនិយោគធំៗ គួរតែស្វែងរកការប្រឹក្សាយោបល់ ពីអ្នកជំនាញនៅក្នុងទីផ្សារអចលនទ្រព្យ ផ្នែកដីធ្លីឲ្យបានច្បាស់លាស់ មុននឹងសម្រេចចិត្តវិនិយោគ។

អ្នកជំនាញរូបនេះបានណែនាំថា អ្នកវិនិយោគត្រូវសិក្សាឱ្យបានច្បាស់​លាស់អំពីចរន្ត នៃទីផ្សារនិងតម្រូវការនៃទីផ្សារ។ ម្យ៉ាងទៀត ការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក៏ពាក់ព័ន្ធជាមួយនឹងការទស្សទាយទុក និងការជ្រើសរើសទីតាំងក្នុងការវិនិយោគផងដែរ ថាតើតំបន់ណាមួយដែលទិញទុកហើយ នឹងផ្ដល់នូវផលចំណេញត្រឡប់មកវិញបានច្រើន។

លោកបញ្ជាក់ថា “អ្នកវិនិយោគដីគួរតែពិចារណា ទៅលើចំណុចទីតាំង ទីកន្លែង តម្លៃ និងទិសដៅវិនិយោគថា តើក្នុងតំបន់នោះនឹងរីកចម្រើនទៅក្នុងទិសដៅច្បាស់លាស់ក្នុងវិស័យណាមួយ?”។

ជាមួយគ្នានេះលោក សន សៀបប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ថា តាមកែសង្កេតរបស់លោ​កគិតត្រឹមចូលឆ្នាំ២០២២ នេះការទិញលក់ដីធ្លីនៅមានកម្រិតនៅឡើយ។

លោកបានបញ្ជាក់ថា “ប្រសិនបើធៀបជាមួយនឹងឆ្នាំ២០២១ ចរន្ត នៃការទាញលក់ដីធ្លីក្នុងឆ្នាំ២០២២ មានការធ្លាក់ចុះប្រមាណពី២០ ទៅ៣០ភាគរយ”។ លោកបន្តថា “សព្វថ្ងៃនេះសកម្មភាព នៃការលក់ចេញមានចំនួនច្រើនជាងការទិញ ដែលនេះគឺជាបញ្ហាលំបាក របស់ភ្នាក់ងារអចលនទ្រព្យកម្ពុជា”។

យ៉ាងណាក៏ដោយ លោកបញ្ជាក់ថា លំហូរចូលឡើងវិញនៃភ្ញៀវទេស​ចរណ៍ចិន នឹងជំរុញឲ្យមានលំហូរថវិកា ក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា ដែលនឹងជំរុញឲ្យកំណើនសេដ្ឋកិច្ចល្អប្រសើរឡើងវិញ។ កាលណាកំណើនសេដ្ឋកិច្ចល្អប្រសើរនោះ សកម្មភាពក្នុងទីផ្សារដីធ្លីក៏ល្អប្រសើរឡើងវិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here