តើមុននឹងប្រើប្រាស់កម្ចីពិសេសតាមប្រព័ន្ធអនឡាញត្រូវពិនិត្យ លើកត្តាអ្វីខ្លះ?

0

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ អ្នកជំនាញមកពីសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងសមាគមធនាគារនៅកម្ពុជា បានពន្យល់ពីហានិភ័យ នៃការប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលទាមទារឲ្យមានការពិនិត្យច្បាស់លាស់។

កម្មវិធីនេះ បានលើកឡើងសន្និសីទ ដែលរៀបចំដោយសមាគមមីក្រូ​ហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារកម្ពុជា។

សមាគមនេះរៀបចំឡើង មានគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ និងបុគ្គលិកពាក់ព័ន្ធ ដើម្បីឆ្លើយតប និងកាត់បន្ថយការផ្តល់កម្ចីក្រៅផ្លូវការ និងសេវាហិរញ្ញវត្ថុដែលគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវ។ ការបញ្ជ្រាបចំណេះដឹងនេះ បានត្រូវគេរំពឹងថា នឹងជួយឱ្យប្រជាពលដ្ឋ ធ្វើការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ និងចៀសវាងផុត ពីការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការផងដែរ។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងថាបន្ទាប់ ពីសេចក្តីប្រកាសរួមរវាងធនាគារជាតិនៃ​កម្ពុជា និងអគ្គនគរបាលស្នងការជាតិ អំពីកម្ចីក្រៅផ្លូវការ ឬខុសច្បាប់តាមប្រព័ន្ធអនឡាញ យើងនឹងមានការផ្សព្វផ្សាយបន្ថែមទៀត ដល់សហគមន៍ និងអាជ្ញាធរមូលដ្ឋានផងដែរ ដើម្បីឱ្យគាត់យល់ និងជ្រាបច្បាស់អំពីការជ្រើសរើស ឬប្រើប្រាស់កម្ចីពីស្ថាប័ន ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវនិងមាន​ការការពារអតិថិជនច្បាស់លាស់ ដើម្បីចៀសវាងកុំឱ្យអតិថិជនប្រើប្រាស់កម្ចីក្រៅផ្លូវការ និងមិនមានការទទួលស្គាល់ពីអាជ្ញាធរ។

លោកបានបន្តថា សមាគមមីក្រូហិរញ្ញវត្ថុ នឹងមានបញ្ជីឈ្មោះស្ថាប័ន ដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវ ពីធនាគារជាតិដើម្បីចែកជូន ទៅតាម​សហគម​ន៍នីមួយៗ ហើយប្រសិនពួកគាត់ពិនិត្យបញ្ជីឈ្មោះទៅ ហើយមិនឃើញស្ថាប័ន ដែលពួកគាត់មានបំណង ចង់ប្រើប្រាស់កម្ចីនោះវា​អាចមានបញ្ហា ឬពួកគាត់អាចរាយការណ៍ មកកាន់អាជ្ញាធរមានសមត្ថកិច្ច។

លោកបន្តថា ក្នុងន័យនេះ វានឹងអាចជួយប្រជាពលរដ្ឋ ដែលបំណងចង់ប្រើប្រាស់កម្ចី ងាកមកប្រើ​ប្រាស់កម្ចីផ្លូវការពីស្ថាប័ន ដែលទទួលស្គាល់ពីធនាគារជាតិនៃកម្ពុជា និងអាជ្ញាធារមានសមត្ថកិច្ច ហើយចៀសផុតពីកម្ចីក្រៅ ឬខុសច្បាប់ដែលមាន​ហានិភ័យខ្ពស់”។

លោក សុខ វឿន បានបន្តថា សមាគមទាំងពីរ និងភាគីពាក់ព័ន្ធនានា នឹងបន្តផ្សាព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈកម្មវិធី និងមធ្យោបាយនានាជូនប្រជាពលរដ្ឋ និងសាធារណជន ដើម្បីធ្វើយ៉ាងណាឱ្យមានប្រជាពលរដ្ឋ ធ្វើសម្រេចចិត្តផ្នែកហិរញ្ញវត្ថុ ពិសេសការប្រើប្រាស់​កម្ចីបានត្រឹមត្រូវ។

លោកបានបន្តថា ទន្ទឹមនឹងនេះ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេក​វិទ្យានៃកម្ពុជា បានដាក់ចេញក្រមប្រតិបត្តិ សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាវិធានផ្តល់កម្ចី ប្រកបដោយទំនួលខុសត្រូវ (Responsible Lending) ដើម្បីជួយឱ្យវិស័យហិរញ្ញវត្ថុ និងអ្នកប្រើប្រាស់កម្ចី (អតិថិជន) មានការរីកចម្រើនទាំងអស់គ្នា។

ចំណែកលោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានថ្លែងថា នាពេលកន្លងមក សមាគមបានផ្សព្វផ្សាយពីបញ្ជីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុផ្លូវការ ដែលទទួលបានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជាត្រឹមត្រូវជូនសាធារណៈជន ដើម្បីឱ្យពួកគាត់យល់ជ្រៀបអំពីគ្រឹះស្ថានផ្លូវការ ដែលពួកគាត់អាចទទួលបាន ការប្រើប្រាស់កម្ចីផ្លូវការ និងចៀសវាងពីការប្រើប្រាស់កម្ចីក្រៅផ្លូវការ។

លោកបានថ្លែងបន្តថា “កម្ចីក្រៅផ្លូវការ តែងតែមានលក្ខខណ្ឌងាយស្រួល តែបង្កហានិភ័យខ្ពស់ ដូចជាការប្រាក់ខ្ពស់”។ លោកបន្តថា “ដោយឡែកសម្រាប់គ្រឹះស្ថាន​ធនាគារ និងហិរញ្ញវត្ថុផ្លូវការតែងតែពិនិត្យ និងសួរនាំច្រើន មុនផ្តល់កម្ចីដល់អតិថិជន ហើយអ្វីដែលសំខាន់គឺពិនិត្យមើលលទ្ធភាពសង និងគោល​បំណងនៃឥណទាន ហើយទ្រព្យបញ្ចាំគឺស្ថិតនៅចំណុចក្រោយគេនៃលក្ខណៈវិនិច្ឆ័យមុនផ្តល់កម្ចី”។

លោកបន្តថា ដូច្នេះបរិយាបន្នហិរញ្ញវត្ថុ ពិតជាមានសារៈសំខាន់​ណា​ស់ ដែលជំរុញឱ្យប្រជាជនទទួលបាន សេវាហិរញ្ញវត្ថុបានទូលំទូលាយ។

លោក រ័ត្ន សោភ័ណ បានឱ្យដឹងថា បន្ថែមពីលើសនេះ ការផ្សព្វផ្សាយនិងបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមរយៈមធ្យោបាយនានាជូ​ប្រជា​ពលរដ្ឋ និងសាធារណជន គឹស្ថិតនៅក្នុងរបៀបវីវៈសំខាន់ របស់សមាគមទាំងពីរដែលនឹងបន្តផ្សព្វផ្សាយ ជូនប្រជាពលរដ្​ជាយាន ក្នុងការសម្រេចចិត្តផ្នែក​ហិរញ្ញវត្ថុ និងចៀសផុតពីការប្រើប្រាស់ កម្ចីក្រៅផ្លូវការនានា ដែលអាចបង្កហានិភ័យខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here