អ្នកជំនាញអចលនវត្ថុបង្ហាញកត្តាសំខាន់ៗដែលវិនិយោគិនគួរ វិនិយោគនៅកម្ពុជា

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ កម្ពុជាជាប្រទេសមួយ ដែលកំពុងមានភាពទាក់ទាញការវិនិយោគពីខាងក្នុង និងក្រៅខាងក្រៅ ដោយមានការបណ្ដាក់ទុនវិនិយោគជាបន្តបន្ទាប់ បើទោះបីជាពិភពលោកជួបវិបត្តិយ៉ាងណា ក៏កម្ពុជានៅតែទទួលបានគម្រោងវិនិយោគទាំងក្នុង និងពីខាងក្រៅប្រទេស។

តើកត្តាអ្វីខ្លះ ដែលវិនិយោគិន គួរតែមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា ?

អ្នកស្រីGrace Rachny Fong អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យCentury 21 Cambodia បានមានប្រសាសន៍ថា កម្ពុជាជាប្រទេសមានអំណោយផលខ្ពស់សម្រាប់វិនិយោគិន ក្នុងនោះការធ្វើដំណើររបស់វិនិយោ​គិន ក្រៅប្រទេ​សចូលមកកម្ពុជា កាន់តែមានភាពទូលំទូលាយ ដោយកម្ពុជាបានតភ្ជាប់ជើងហោះហើរ ពីបណ្ដាប្រទេសនានាចូលមកត្រង់ ជាពិសេសពីប្រទេសមានវិនិយោគិនច្រើនជាងគេនៅកម្ពុជា ដូចជា ប្រទេសចិន សិង្ហបុរី ។

អ្នកស្រីនិយាយថា “កម្ពុជា ជាប្រទេសដែលស្ថិតនៅចំណុចកណ្ដាលនៃតំបន់អាស៊ាន ដែលងាយស្រួលសម្រាប់ការតភ្ជាប់ ជើងហោះហើរ ផ្លូវទឹក និងផ្លូវគោក”។

អ្នកស្រីGrace Rachnyបានបន្តថា កត្តាសំខាន់មួយទៀតដែលវិនិយោគិនចាប់អារម្មណ៍ និងពិចារណា ក្នុងការបណ្ដាក់ទុនវិនិយោគនៅកម្ពុជានោះ គឺតម្លៃអចលនទ្រព្យនៅមានភាពប្រសើរ បើធៀបនឹងបណ្ដាប្រទេសជិតខាង ជាក់ស្ដែងបើប្រៀបធៀបនឹងទីក្រុងហូជីមិញ នៃប្រទេសវៀតណាមឃើញថាតម្លៃមានភាពខុសគ្នាឆ្ងាយ ដែលវិនិយោគិននឹងពិចារណាជ្រើសរើសយកប្រទេសណា ដែលមានតម្លៃអចលនទ្រព្យទាប អាចឱ្យពួកគេរកប្រាក់ចំណេញបានខ្ពស់។

អ្នកវិនិយោគខ្លះទៀត ដែលមានចក្ខុវិស័យវែងឆ្ងាយ មានគម្រោងវិនិយោគរយៈពេលវែងនៅកម្ពុជា គឺរឹតតែចង់មកបណ្ដាក់ទុននៅកម្ពុជា ពីព្រោះគេនឹងទទួលបានប្រាក់ចំណេញកាន់តែខ្ពស់នៅពេលអនាគត ។

អ្នកស្រីGrace Rachny Fongបានបន្ថែមថា កត្តាមួយផ្សេងទៀត ដែលវិនិយោគិន បានគិតមកចង់មកកម្ពុជា គឺពន្ធនៃអចលនទ្រព្យក្នុងប្រទេសកម្ពុជាមានកម្រិតទាបនៅឡើយ ធៀបនឹងប្រទេសដទៃទៀតគឺមានតម្លៃពន្ធខ្ពស់។ ដូច្នេះវិនិយោគិនត្រូវចំណាយថ្លៃពន្ធក៏ខ្ពស់ ដែលជាការកាត់បន្ថយនូវប្រាក់ចំណេញមួយកម្រិត។ អ្វីដែលពិសេសសម្រាប់វិនិយោគិនបរទេសចង់មកកម្ពុជានោះ គឺការផ្ដល់ទិដ្ឋាការជូនជនបរទេស មិនមានភាពស្មុគ្រស្មាញ ដូច្នេះជនបរទេសនឹងកាន់តែច្រើនចូលកម្ពុជា ស្វែងរកការវិនិយោគក៏ដូចជាធ្វើដំណើរកម្សាន្តជាដើម ។

រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំ ក្នុងការសម្របសម្រួលឱ្យវិនិយោគិនបរទេស ចូលមកកម្ពុជាបន្ថែមផងដែរ ដូចជាច្បាប់វិនិយោគថ្មីនៃព្រះរាជាណាចក្រកម្ពុជា ការផ្ដល់សិទ្ធិឱ្យជនបរទេស អាចបង្កើតក្រុមហ៊ុនធ្វើអាជីវកម្ម១០០ភាគរយជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here