ដោយៈ សុផារី
ភ្នំពេញៈ នៅក្នុងកំឡុងវិបត្តិ និងភាពមិនច្បាស់លាស់ នៃស្ថានភាពសេដ្ឋកិច្ច បានធ្វើឱ្យអ្នកវិនិយោគមានភាពរួញរា ក្នុងការសម្រេចចិត្តលើការវិនិយោគអចលនទ្រព្យ។
អ្នកជំនាញបានផ្តល់ជាយោបល់ថា មុនវិនិយោគអចលនទ្រព្យនៅក្នុងក្រុងភ្នំពេញ អ្នកវិនិយោគត្រូវពិចារណា លើផលចំណេញពីការវិនិយោគ និងស្ថានភាពចំណូលរបស់ខ្លួន។
លោកបណ្ឌិតBen Li ប្រធានក្រុមហ៊ុនUrban Hub ដែលបាននិងកំពុងវិនិយោគគំរោងUrban Village និងThe Factory Phnom Penh បានមានប្រសាសន៍ នៅក្នុងវេទិកាជជែកពិភាក្សា ដែលរៀបចំឡើងដោយAmCham Cambodia នៅសប្តាហ៍មុនថា ក្នុងកំឡុងពេលនេះ ប្រសិនបើសួរថាតើគួរតែសម្រេចចិត្តជួល ឬទិញអចលនទ្រព្យ យើងត្រូវពិចារណាលើផលចំណេញ ដែលបានមកពីការជួលអចលនទ្រព្យ។
លោកបានបញ្ជាក់ឱ្យដឹងថា នៅមុនពេលមានវិបត្តិកូវីដ១៩ ផលចំណេញបានពីការវិនិយោគអចលនទ្រព្យ នៅក្នុងទីក្រុងភ្នំពេញ បានកើនឡើងដល់អត្រា១៥ភាគរយនៅក្នុងមួយឆ្នាំ។
យ៉ាងណាក្តី ទោះនៅក្នុងឆ្នាំកន្លងទៅ ផលចំណេញពីការជួល នៅក្នុងទីក្រុងភ្នំពេញបានធ្លាក់ចុះពី៨% ទៅ៦%ក្តី ក៏វានៅតែស្ថិតនៅក្នុងអត្រាល្អប្រសើរមួយ បើប្រៀបធៀបនឹងទីក្រុងផ្សេងទៀត ក្នុងតំបន់។ លោក បេន លី បានបញ្ជាក់។

លោកបណ្ឌិតបានបញ្ជាក់ថា កម្ពុជានៅតែមានសក្តានុពល ក្នុងការវិនិយោគអចលនទ្រព្យ ដោយសារការរីកចម្រើនសេដ្ឋកិច្ច កំណើនប្រជាពលរដ្ឋមកពីបណ្តាខេត្តនានា ចូលមករស់នៅរាជធានីភ្នំពេញ មានប្រមាណ១៥០,០០០នាក់ជារៀងរាល់ឆ្នាំ ស្ថេរភាពនយោបាយ និងអ្វីកាន់តែពិសេសគឺប្រទេសនេះ បានប្រើប្រាស់ប្រាក់ដុល្លារយ៉ាងទូលំទូលាយក្នុងប្រទេស។
ជាមួយគ្នានេះ អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុនCBRE Cambodia បានមានប្រសាសន៍នៅក្នុងវេទិកាដដែលថា សម្រាប់ប្រជាពលរដ្ឋកម្ពុជា ការសម្រេចចិត្តទិញអចលនទ្រព្យ ឬជួលវាអាស្រ័យទៅលើហេតុផលរបស់បុគ្គលម្នាក់ៗ និងអាស្រ័យទៅលើប្រភពចំណូលរបស់ម្នាក់ៗ។
យ៉ាងណាក្តីអ្នកនាងយល់ថា ប្រសិនបើប្រជាពលរដ្ឋ កំពុងស្វែងអចលនទ្រព្យ សម្រាប់ការស្នាក់នៅតែម្តង បច្ចុប្បន្ននេះគឺជាពេលវេលាដ៏ល្អប្រសើរ ក្នុងការពិចារណាលើការទិញ ដើម្បីវិនិយោគ។ សម្រាប់ករណី អ្នកវិនិយោគដែលស្វែងរកអចលនទ្រព្យ សម្រាប់ការវិនិយោគក្នុងពេលខាងមុខ វាក៏អាចផ្តល់ផលចំណេញខ្ពស់ផងដែរ៕