ដោយ: គង់ លាងហួរ
ហ្សាការតា: ប្រទេសឥណ្ឌូនេស៊ី និងចិនបានព្រមព្រៀងគ្នាលើកញ្ចប់ថវិកាបន្ថែមចំនួន១៨ទ្រីលានរូពៀ (១,២ពាន់លានដុល្លារ) សម្រាប់សាងសង់រថភ្លើងល្បឿនលឿនហ្សាការតា-បានឌុង ដែលត្រូវបានគេកំណត់ថាជាការតភ្ជាប់ផ្លូវដែកល្បឿនលឿន ដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍។
ដើមឡើយ គម្រោងផ្លូវរថភ្លើងនេះត្រូវបានគេរំពឹងថា នឹងចំណាយថវិកាសាងសង់អស់ ប្រហែល៦៦,៧៦ទ្រីលានរូពៀ (៤,៤ពាន់លានដុល្លារ)ប៉ុណ្ណោះនៅពេលដែលគម្រោងនេះ បានចាប់ផ្តើមដំណើរការនៅឆ្នាំ២០១៥។
ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុន PT KCIC ដែលជាសម្ព័ន្ធក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌូនេស៊ី និងចិន ដែលសាងសង់ផ្លូវរថភ្លើងនេះបានអះអាងថា ចាប់តាំងពីពេលនោះមក ការចំណាយបានកើនឡើងរហូត ដល់១១៣ពាន់ពាន់លានរូពៀ(៧,៤៤ពាន់លានដុល្លារ)។
ថ្លែងក្នុងសភាកាលពីថ្ងៃចន្ទ ទី១៣ ខែកុម្ភៈ អនុរដ្ឋមន្ត្រីនៃសហគ្រាសរដ្ឋ លោក Kartika Wirjoatmodjo បានមានប្រសាសន៍ថា ថវិកាដែលត្រូវបន្ថែមចំនួន១,២ពាន់លានដុល្លារ ត្រូវបានព្រមព្រៀងគ្នា ក្នុងអំឡុងកិច្ចប្រជុំនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីមួយរយៈមុន ប៉ុន្តែលោកមិនបានបញ្ជាក់ថា ការប្រជុំបានប្រព្រឹត្តទៅនៅពេលណានោះទេ។
លោក Wirjoatmodjo បានមានប្រសាសន៍ថា “យើងបានយល់ព្រមលើតួលេខចំណាយ លើសចំនួន១,២ពាន់លានដុល្លារអាមេរិក ហើយយើងនៅមានរឿងមួយចំនួនទៀត ដែលកំពុងពិនិត្យឡើងវិញ ទាក់ទងនឹងពន្ធជាដើម”។
បច្ចុប្បន្ននេះ យើងកំពុងស្ថិតក្នុងការចរចា លើលក្ខខណ្ឌនៃប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ចិន (CDB) ដែលរំពឹងថា នឹងត្រូវដោះស្រាយក្នុងរយៈពេលមួយឬពីរសប្តាហ៍។ ដូច្នេះគម្រោងរថភ្លើងលឿននេះ អាចបញ្ចប់ទៅតាមពេលវេលាកំណត់ គឺខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៣នេះ។

ដំបូងឡើយ គម្រោងនេះត្រូវបានគេកំណត់ថា នឹងសាងសង់បញ្ចប់នៅឆ្នាំ២០១៩ ប៉ុន្តែវាត្រូវបានពន្យារពេល ដោយសារបញ្ហាទិញយកដី និងជំងឺរាតត្បាតកូវីដ-១៩។
ខ្សែរថភ្លើងល្បឿនលឿនប្រវែង១៤២គីឡូម៉ែត្រនេះ នឹងកាត់បន្ថយការធ្វើដំណើររវាងទីក្រុងហ្សាការតា និងទីក្រុងបានឌុង មកត្រឹមរយៈពេលប្រហែល៤០នាទីប៉ុណ្ណោះ ខណៈបច្ចុប្បន្ន វាត្រូវចំណាយពេលប្រហែល៣ម៉ោងក្នុងការធ្វើដំណើរលើរថភ្លើងធម្មតា៕