ធនាគារកណ្តាលចិនគ្រោងជំរុញស្ថាប័នហិរញ្ញវត្ថុឱ្យបង្កើនប្រាក់ កម្ចីដល់ក្រុមហ៊ុនឯកជនដើម្បីជម្រុញសេដ្ឋកិច្ច

0

ដោយ: គង់ លាងហួរ

ប៉េកាំងៈ យោងតាមធនាគារកណ្តាលរបស់ប្រទេសចិន បានឱ្យដឹងថា ខ្លួននឹងលើកទឹកចិត្តស្ថាប័នហិរញ្ញវត្ថុ ឱ្យបង្កើនការផ្តល់ប្រាក់កម្ចី ដល់សហគ្រាសឯកជនដើម្បីទ្រទ្រង់សេដ្ឋកិច្ច។ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយនៅលើគេហទំព័ររបស់ធនាគារ។

ធនាគារប្រជាជនចិន នឹងជំរុញកំណើនជាលំដាប់ នៃប្រាក់កម្ចីដល់អាជីវកម្មខ្នាតតូច និងមធ្យម ហើយនឹងពង្រឹងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ផ្ទះជួល។ នេះបើយោងតាមការលើកឡើង របស់ធនាគារកណ្តាលចិន បន្ទាប់ពីសន្និសីទទីផ្សារហិរញ្ញវត្ថុប្រចាំឆ្នាំ និងការងារគោលនយោបាយឥណទាន កាលពីថ្ងៃទី១០ ខែកុម្ភៈ។

ធនាគារកណ្តាលបានឱ្យដឹងទៀតថា “យើងនឹងគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់ នៃសេដ្ឋកិច្ចពិតប្រាកដ និងការពារយ៉ាងសកម្ម និងគ្រប់គ្រងហានិភ័យនៅក្នុងផ្នែកសំខាន់ៗនៃទីផ្សារហិរញ្ញវត្ថុ”។

ធនាគារកណ្តាលចិនបាន និងកំពុងរៀបចំខ្លួន ក្នុងការបង្កើនការគាំទ្រផ្នែកឥណទាន ដើម្បីជំរុញសេដ្ឋកិច្ច បន្ទាប់ពីវិធានការណ៍កូវីដ និងវិបត្តិអច​លនទ្រព្យ បានអូសទាញកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ក្នុងឆ្នាំ២០២២ ដល់អត្រាដ៏ទាបបំផុតមួយមិនធ្លាប់មាន ក្នុងរយៈពេលជិតកន្លះសតវត្សរ៍។

ធនាគារកណ្តាលចិន គ្រោងនឹងជំរុញអាជីវកម្មហិរញ្ញវត្ថុ របស់បណ្តាក្រុមហ៊ុន Platform នានា ហើយនឹងគាំទ្រដល់ការអភិវឌ្ឍន៍ក្រុមហ៊ុនប្រកបទៅដោយសុខភាពល្អ។

ធនាគារកណ្តាលចិន ក៏នឹងជំរុញឱ្យមានសណ្តាប់ធ្នាប់ ក្នុងការបើកទីផ្សារហិរញ្ញវត្ថុ២ផ្លូវ និងបើកឱ្យស៊ីជម្រៅនូវទីផ្សារមូលបត្របំណុល។

ធនាគារនេះក៏បានបញ្ជាក់ផងដែរថា ខ្លួននឹងជំរុញការចាប់ផ្តើម នៃច្បា​ប់គ្រប់គ្រងសញ្ញាប័ណ្ណសាជីវកម្ម និងការកែប្រែច្បាប់ក្រដាសប្រាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here