ធនាគារកណ្តាលចិនបញ្ជាឱ្យធនាគារមួយចំនួនបន្ថយការផ្តល់ប្រាក់កម្ចី ស្របពេលរដ្ឋចិនត្រូវការឥណទានដើម្បីស្តារសេដ្ឋកិច្ច

0

ដោយ: គង់ លាងហួរ

ប៉េកាំងៈ ធនាគារកណ្តាលចិន បានបញ្ជាដល់ធនាគារមួយចំនួនឱ្យបន្ថយល្បឿននៃការផ្តល់ប្រាក់កម្ចី ដើម្បីទប់ទល់នឹងហានិភ័យ បន្ទាប់ពីប្រាក់កម្ចីរបស់ធនាគារថ្មី បានកើនឡើងដល់កំណត់ត្រាមួយ កាលពីខែមករា។

ធនាគារប្រជាជនចិន (PBOC) បានផ្ញើការណែនាំក្រៅផ្លូវការ កាលពីដើមខែកុម្ភៈនេះ ទៅឱ្យធនាគារមួយចំនួន ដែលបានស្នើសុំឱ្យពួកគេផ្តល់ប្រាក់កម្ចីក្រោមអត្រាកំណើនដ៏សមរម្យមួយ។

ធនាគារទាំងនោះ ត្រូវបានបញ្ជាឱ្យគ្រប់គ្រងទំហំប្រាក់កម្ចីថ្មី នៅក្នុងខែកុម្ភៈ ដើម្បីជៀសវាងការចេញប្រាក់កម្ចីថ្មីក្នុងល្បឿនលឿនពេក។

ធនាគារកណ្តាលចិន កំពុងស្ថិតក្រោមសម្ពាធ ក្នុងការពន្លឿនការគាំទ្រឥណទាន ដើម្បីជំរុញសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះ បន្ទាប់ពីវិធានការណ៍សូន្យកូវីដ និងវិបត្តិក្នុងវិស័យអចលនទ្រព្យ បានអូសទាញកំណើន GDP ក្នុងឆ្នាំ២០២២ របស់ប្រទេសចិនធ្លាក់ ចុះដល់កម្រិតមួយដ៏ទាបបំផុតមិនធ្លាប់មានក្នុងរយៈពេលជិតកន្លះសតវត្សរ៍។

ប្រាក់កម្ចីធនាគារថ្មីៗ នៅក្នុងប្រទេសចិន បានកើនឡើងលើសពីការរំពឹងទុកដល់កំណត់ត្រា៤,៩ពាន់ពាន់លានយ័ន (៧១៣,៥១ពាន់លានដុល្លារ) នៅក្នុងខែមករា។

ទោះជាយ៉ាងណាក្តី កំណើនប្រាក់កម្ចីត្រូវបានគាំទ្រ ជាចម្បងដោយគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលគាំទ្រដោយរដ្ឋ ខណៈពេលដែលតម្រូវការអាជីវកម្មជាក់ស្តែងនៅតែមានភាពទន់ខ្សោយ។

លើសពីនេះ សម្ពាធរបស់ធនាគារ ក្នុងការពង្រីកប្រាក់កម្ចីបន្ថែមទៀត ដើម្បីជំរុញការប្រើប្រាស់ បានធ្វើឱ្យការប្រើប្រាស់មូលនិធិទាំងនេះ មានភាពមិនត្រឹមត្រូវ។

ជាឧទាហរណ៍ អ្នកទិញផ្ទះមួយចំនួនបានខ្ចីឥណទាន ប្រើប្រាស់ថោកជាងមុន ដើម្បីទូទាត់សងប្រាក់កម្ចីទិញផ្ទះរបស់ពួកគេ ដែលត្រូវបានហាមឃាត់ដោយនិយតករ។

ក្រុមនិយតករធនាគាររបស់ប្រទេសចិន កាលពីថ្ងៃសុក្រសប្តាហ៍មុន បានធ្វើការផាកពិន័យ លើស្ថាប័នហិរញ្ញវត្ថុចំនួន៥ ជុំវិញភាពមិនប្រក្រតី រួមទាំងប្រាក់កម្ចីអចលនទ្រព្យខុសច្បាប់ និងការប្រើប្រាស់ខុសលើឥណទានប្រើប្រាស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here