ដោយៈ គង់ សូរិយា
ភ្នំពេញៈ ទីផ្សារអចលនទ្រព្យមានសភាពដូចទឹកសមុទ្រ ដែលម្តងជោរ ម្តងនាចចឹង ហេតុនេះតើអ្នកវិនិយោគ គួរធ្វើដូចម្តេចទើបអាចរស់បានក្នុងដំណាក់កាលលិចលង់?។
អ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងអចលនទ្រព្យ លោកង៉ែត ជូបានបង្ហាញពីវិធីវិធីសាស្រ្ត៤យ៉ាង ដើម្បីអាចជួយឲ្យអ្នកឆ្លងផុតពីវិបត្តិនេះ និងអាចចាប់យកឱកាសបានទៀតផង។
-->
ទី១ ច្នៃអចលនទ្រព្យឲ្យមានលំហូរសាច់ប្រាក់
មានវិធីសាស្រ្ត២យ៉ាង ដែលអ្នកអាចច្នៃអចលនទ្រព្យឲ្យទទួលបានលំហូរសាច់ប្រាក់។ វិធីសាស្រ្តទី១ គឺការលក់បង់រំលស់រយៈពេលវែង។ វិធីសាស្ត្រទី២ គឺការដាក់ជួល។
ការដាក់ជួលជាការល្អម្យ៉ាងដែរ ប្រសិនបើអចលនទ្រព្យរបស់អ្នកនៅមានសក្តានុពលខ្ពស់ ក្នុងការកើនតម្លៃនាពេលអនាគត។ វិធីសាស្ត្រនេះ ជាវិធីសាស្រ្តព្រួញ១បាញ់បានសត្វ២។

ទី២ រក្សាលំហូរសាច់ប្រាក់ពីប្រភពផ្សេង
អ្នកគួរមានលំហូរសាច់ប្រាក់ពីប្រភពផ្សេង ដូចជា ប្រាក់ខែ ឬចំណូលពីអាជីវកម្មផ្សេងៗ។ កាលពីអំឡុងឆ្នាំ២០០៧-២០១០ វិស័យនេះមានវិបត្តិធ្លាក់ចុះយ៉ាងខ្លាំង ខ្ញុំបានចាប់យកឱកាសតាមរយៈប្រើប្រាស់លំហូរសាច់ប្រាក់ពីប្រាក់ខែ ដើម្បីទទួលកម្ចីពីធនាគារ មកធ្វើការវិនិយោគដោយមិនញញើតដៃ។ មនុស្សជាច្រើនភ័យខ្លាចមិនហ៊ានវិនិយោគនៅពេលមានវិបត្តិបែបនេះទេ។
ដូចគ្នានេះដែរ មហាសេដ្ឋីអចលនទ្រព្យហុងកុង លោក លីកាស៊ីង សម្រុកទិញដីធ្លីនៅអំឡុងពេលដែលប្រទេសស្ថិតក្នុងវិបត្តិធំៗ ដូចជា នៅពេលមានបដិវត្តន៍វប្បធម៌ និងកុប្បកម្មនៅទីលាន ធានអានមិន។

ប្រភពទុនក្នុងការវិនិយោគ គឺលោកទទួលបានពីផលចំណេញនៃការផលិតផ្កាសិប្បនិម្មិត។ ដូចគ្នានេះដែរ មហាសេដ្ឋីអចលនទ្រព្យថៃ លោក សុងសាក់ឌី អូឡាម បានប្រើចំណូលពីសិប្បកម្ម ផលិតផ្កាសិប្បនិម្មិតទិញដីស្រែប្រាំង និងកសិដ្ឋានចិញ្ចឹមក្រពើនៅជាយក្រុងបាងកក ក្នុងអំឡុងឆ្នាំ១៩៨៥-១៩៨៦ បានចំនួន១៦០ហិកតា។
ប្រមាណ១០ឆ្នាំក្រោយ លោកបានអភិវឌ្ឍជាលំនៅដ្ឋាន និងអគារពាណិជ្ជកម្មដែលមានតម្លៃរាប់ពាន់លានដុល្លារអាមេរិក។
ទី៣ រក្សាបំណុលក្នុងកម្រិតដែលអ្នកអាចគ្រប់គ្រងបាន
លំហូរសាច់ប្រាក់ចូលពីប្រភពទាំងពីរខាងលើ គួរតែស្មើយ៉ាងតិច ១៥០% នៃកាតព្វកិច្ចសងបំណុល និងតម្រូវការចាយវាយក្នុងគ្រួសារប្រចាំខែ។
ទី៤ រៀនរស់ក្នុងជីវិតសាមញ្ញ
បើអ្នកមានទម្លាប់រស់នៅសាមញ្ញ នោះអ្នកនឹងមិនមានសម្ពាធផ្លូវចិត្តនៅពេលទីផ្សារជាប់គាំងនោះទេ ព្រោះអ្នកមិនបានរំពឹងយកប្រាក់ឬផលចំណេញពីការវិនិយោគមកចាយវាយហ៊ឺហារ។ ជារឿយៗ អ្នកខ្លះហៅថា ជាការរស់នៅក្នុងជីវិត “ក្រាំង”៕
