Hattha top Banner

ក្រុមពាណិជ្ជករលើកសរសើរពីអត្ថប្រយោជន៍ដែលកម្ពុជាទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីRCEP និង CCFTA

1

ដោយៈ សុខុម

ភ្នំពេញ: ក្រុមពាណិជ្ជករនៅកម្ពុជា លើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម “ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់” (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ពាណិជ្ជករ និងអ្នកប្រើប្រាស់។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរនេះ ពោលគឺកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀង CCFTA បានចូលជាធរមាននៅថ្ងៃទី០១ ខែមករា ដើមឆ្នាំ២០២២។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Xinhua ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ។

កិច្ចព្រមព្រៀង RCEP រួមមានសមាជិក១៥ប្រទេស នៅអាស៊ី-ប៉ាស៊ីហ្វិក រួមទាំងអាស៊ាន១០ប្រទេសផង ព្រមទាំងដៃគូពាណិជ្ជកម្មធំៗទាំង៥រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

លោក យីវ ផាន់ណា នាយកប្រតិបត្តិក្រុមហ៊ុន Yadea Cambodia មានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ទាំងពីរនេះបានធ្វើឱ្យក្រុមហ៊ុនរបស់លោក មានលទ្ធភាពនាំចូលកង់អគ្គិសនី ពីប្រទេសចិន មកកាន់កម្ពុជា ជាមួយនឹងពន្ធអនុគ្រោះ។

លោកបានប្រាប់ទីភ្នាក់ងារ Xinhua ថា “កិច្ចព្រមព្រៀង RCEP និង កិច្ចព្រមព្រៀង CCFTA បានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើន ដល់ពាណិជ្ជករ និងអ្នកប្រើប្រាស់នៅកម្ពុជា។ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ យើងបាននាំចូលកង់អគ្គិសនី Yadea ពីប្រទេសចិន មកលក់នៅកម្ពុជា ក្នុងតម្លៃថោកសមរម្យ”។

លោកជឿជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរនេះ គឺជាកត្តាជំរុញកំណើនពាណិជ្ជកម្ម និងការវិនិយោគរយៈពេលវែងរវាងកម្ពុជា និងប្រទេសចិន។

លោក Jack Lee នាយកប្រតិបត្តិ Platform ទីផ្សារអនឡាញ Smile Shop នៅកម្ពុជា មានប្រសាសន៍ថា ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងពីរនេះ កម្ពុជា និងប្រទេសចិន អាចលក់ផលិតផលឱ្យគ្នាទៅវិញទៅមកក្នុងតម្លៃថោកជាងគេច្រើន។

លោកបានប្រាប់តីភ្នាក់ងារព័ត៌មាន Xinhua ថា “ផលិតផលជាច្រើនដែលកម្ពុជា អាចនាំចេញទៅប្រទេសចិន ដោយរួចពន្ធ ហើយផលិតផលល្អ​ៗជាច្រើន ដែលផលិតនៅក្នុងប្រទេសចិន អាចចាំចូលមកកម្ពុជា ជាមួយនឹងពន្ធគយទាប។ កិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀង CCFTA បាននាំមកនូវ ផលប្រយោជន៍កាន់តែច្រើនឡើងដល់ប្រទេសទាំងពីរ”។

លោក Paul Kim នាយកគ្រប់គ្រង Platform ទីផ្សារអនឡាញ Mayura សម្រាប់ផលិតផលគ្រឿងសម្អាង និងសុខភាពបានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរនេះ បានជំរុញបន្ថែមទៀតនូវរំហូរទំនិញ និងសេវាកម្ម ព្រមទាំងការវិនិយោគរវាងប្រទេសទាំងពីរ និងក្នុងចំណោមប្រទេសសមាជិក RCEP ផ្សេងទៀត។

លោកបានប្រាប់ទីភ្នាក់ងារព័ត៌មាន Xinhua ថា “ជាមួយនឹងអត្រាពន្ធអនុគ្រោះក្រោមកិច្ចព្រមព្រៀងទាំងនេះ ប្រជាជននៅគ្រប់ប្រទេសជាសមាជិកនឹងរីករាយ ក្នុងការទិញផលិតផល និងរបស់របរចាំបាច់ផ្សេងទៀតក្នុងតម្លៃថោកសមរម្យ”។

ជាមួយគ្នានេះ លោកឧកញ៉ាលឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសរីទាំងពីរនេះ បានផ្តល់ឱកាសយ៉ាងច្រើនដល់កម្ពុជា ក្នុងការបង្កើន និងធ្វើពិពិធកម្មការនាំចេញរបស់ខ្លួន។

លោកមានប្រសាសន៍ថា “កិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងពីរនេះ បានជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរបស់កម្ពុជា ជាមួយប្រទេសចិន និងជាមួយប្រទេសសមាជិក RCEP ផ្សេងទៀតនៅក្នុងយុគសម័យក្រោយវិបត្តិកូវីដ-១៩”។

លោកបានបន្តទៀតថា “យើងសង្ឃឹមថា កិច្ចព្រមព្រៀងទាំងនេះនឹងជួយឱ្យកម្ពុជា ក្លាយជាមជ្ឈមណ្ឌលចែកចាយផលិតផលចិន ទៅកាន់បណ្ដាប្រទេសជាសមាជិកអាស៊ាន ផ្សេងៗទៀតនាពេលអនាគត”៕ Xinhua៕

1 COMMENT

  1. ដូចកាលកម្ពុជាបានរួមរស់ជាមួយអង្គការ WTO អញ្ចឹងណ៎។ ផលនឹងបាន បើមានយួន និងសៀមមកចាំទទួលទិញ 🤔

LEAVE A REPLY

Please enter your comment!
Please enter your name here