អ្នកឧកញ៉ា សុខ គង់ ចែករំលែកយុទ្ធសាស្ត្រជោគជ័យជំនួញ៥ចំណុច

0

ដោយ: Property Area

ភ្នំពេញ: អ្នកឧកញ៉ា សុខ គង់ ជាអ្នកជំនួញដ៏ជោគជ័យ និងមានកេរ្តិ៍ឈ្មោះល្បីល្បាញមួយរូបនៅក្នុងប្រទេសកម្ពុជា។

អ្នកឧកញ៉ាបានឆ្លងកាត់បទពិសោធន៍ជាច្រើន ទាំងក្នុងការធ្វើជំនួញ ការដឹកនាំ និងគ្រប់គ្រងការងារ។ អ្នកឧកញ៉ាបានចែករំលែកយុទ្ធសាស្ត្រចំនួន៥ ដើម្បីដឹកនាំអាជីវកម្មមួយឲ្យជោគជ័យ។

១. ដឹកនាំជំនួញកុំរួញជើងដៃ ទោះយប់ទោះថ្ងៃប្រឹងគិតប្រឹងធ្វើ

ដើម្បីផ្ដល់ជំនឿចិត្តដល់អតិថិជន ដើម្បីបង្ហាញពីការទទួលខុសត្រូវ និង កសាងកេរ្តិ៍ឈ្មោះក្នុងវិស័យជំនួញ យើងត្រូវខិតខំប្រឹងប្រែងអស់ពីកម្លាំ ងកាយកម្លាំងចិត្ត។

ក្រៅពីការដឹកនាំ យើងត្រូវចុះអនុវត្តផ្ទាល់ដោយខ្លួនឯងពេញដៃ ពេញជើង ទុកជាបទពិសោធងរៀនពីការងារផង ជាពិសេសការបង្កើតអាជីវកម្ម តូចតាចដំបូងៗ ដែលយើងមិនអាចចំណាយលុយជួលបុគ្គលិក និងខ្លួនឯង អង្គុយចាំធ្វើតែថៅកែនោះទេ។ លើសពីនេះ ក្នុងនាមជាម្ចាស់អាជីវកម្ម យើងមិនត្រូវខ្លាចនឿយហត់ ត្រូវការការសម្រាកសៅរ៍អាទិត្យនោះឡើយ។ ឱ្យតែនៅមានខ្លាំង ម៉ោងណាក៏ជាម៉ោងការងារ ម៉ោងរកលុយចំណេញរបស់យើងដែរ។

២. ច្នៃប្រតិដ្ឋបង្កើតថ្មី រកនឹកប្រឹងច្នៃ ឱ្យប្លែកឱ្យល្អ

ការធ្វើអាជីវកម្ម ត្រូវមានភាពរស់រវើក បត់បែន និងត្រូវមានអ្វីដែលថ្មី សម្រាប់អតិថិជន។ ឆ្លើយតបនឹងកាលៈទេសៈ ឬតម្រូវការអតិថិជន ភាពថ្មីនៃ អាជីវកម្ម គេអាចធ្វើវឌ្ឍនភាពផលិតផលមានស្រាប់ ឬបង្កើតថ្មី។

៣. ព្យាយាមកុំបោះបង់ ពុះពារតម្រង់ សម្រេចគោលដៅ

រាល់កិច្ចការទាំងអស់សុទ្ធតែមានផលលំបាករបស់វា បើជំនួញឬអាជីវកម្មកាន់តែធំ ការលំបាក ភាពស្មុគស្មាញ ក៏អាចកាន់តែធំ កាន់តែច្រើនដែរ ឧបសគ្គ នឹងកើតមាននៅថ្ងៃណាមួយមិនខាន។ ម្ចាស់អាជីវកម្មត្រូវត្រៀមខ្លួនដោះស្រាយ ត្រូវមានការតាំងចិត្តខ្ពស់។

ការងារចាប់ផ្តើម បើជួបស្ថានភាពតានតឹង ក៏មិនត្រូវបោះបង់ទេ ត្រូវតែព្យាយាម និងរកដំណោះស្រាយ ត្រួសត្រាយបន្តដំណើរទៅមុខ ដើម្បីសម្រេចគោលដៅ។ បញ្ហាអ្វីក៏មានច្រកចេញដែរ គ្រាន់តែពេលខ្លះ យើងរកមិនទាន់ជួបប៉ុណ្ណោះ។ ត្រូវគិតវិជ្ជមាន ជឿជាក់លើខ្លួនឯងថាយើងអាច ធ្វើបានសម្រេចគោលដៅឱ្យបាន នោះយើងនឹងជោគជ័យ នឹងជួបផលវិជ្ជមាន ទទួលបានផ្លែផ្កាមិនខាន។ ដូច្នេះសេចក្ដីព្យាយាមដោយគិតវិជ្ជមាន គឺជាចំណុចសំខាន់ក្នុងការបំបែកឧបសគ្គ។

៤- កាំបិតមិនមុតត្រូវប្រឹងសំលៀង សំលៀងរឿយៗគង់តែនឹងមុត

គ្មាននរណាកើតមកចេះនោះទេ ហើយក៏គ្មានការចាប់ផ្តើមណា ចេញពី ភាពជោគជ័យនោះដែរ អ្វីៗវានឹងចាប់ផ្ដើមពីការត្រួសត្រាយ ការខិតខំប្រឹងប្រែងដុសខាត់។ ចំណេះដឹង ដែលមានកម្រិត ត្រូវប្រឹងរៀនសូត្រ រៀនសូត្រពីសាលា រៀនសូត្រពីសង្គម រៀនសូត្រពីបទពិសោធទាំងល្អ ទាំងមិនល្អរបស់ខ្លួនឯង របស់អ្នកដទៃ នោះគឺសុទ្ធតែជាគ្រូ។

មនុស្សចាស់ នៅតែជួបបទពិសោធថ្មី ការស្រាវជ្រាវរកឃើញថ្មី ការវិវឌ្ឍគ្មានទីបញ្ចប់។ ដូច្នេះយើងមិនអាចសំលៀងកាំបិតម្តង ប្រើមួយជីវិតនោះទេ គឺត្រូវសំលៀងផង ប្រើផង បើមិនទាន់មុត ត្រូវសំលៀងទៀត។

៥. ចាត់ទុកបុគ្គលិក គឺជាសមាជិកគ្រួសារ

បុគ្គលិកដែលធ្វើការឱ្យយើង គឺរួមចំណែករកប្រយោជន៍ឱ្យយើងជាម្ចាស់អាជីវកម្ម ម្ចាស់ក្រុមហ៊ុន។ ការស្រឡាញ់រាប់អាន ការយកចិត្តទុកដាក់ ការផ្តល់ កម្លាំងចិត្ត ផ្តល់ផលប្រយោជន៍ ផ្តល់ឱកាសរស់ ផ្ដល់ការអប់រំណែនាំ ការអធ្យាស្រ័យ ការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់ពួកគេ គេនឹងស្រឡាញ់ក្រុមហ៊ុនដូច ជាគ្រួសារ ចាត់ទុកថ្នាក់ដឹកនាំគឺជាឪពុកម្តាយ មិត្តរួមការងារ គឺជាបងប្អូន នោះគឺជាកម្លាំងសាមគ្គី។

ទោះយ៉ាងណា លក្ខន្តិកៈផ្ទៃក្នុងស្ថាប័ន ច្បាប់ប្រទេស ច្បាប់ការងារ យើងនៅតែត្រូវយកមកអនុវត្ត ទាំងពេលសេចក្តីសុខ ទាំងពេលមានបញ្ហា។

ថៅកែល្អត្រូវការបុគ្គលិកល្អ បុគ្គលិកល្អក៏ត្រូវការថៅកែល្អដែរ ហេតុនេះត្រូវចិត្តទូលាយកុំចង្អៀតចង្អល់ពេក តែមិនខ្ជះខ្ជាយត្រូវចេះថ្លឹងថ្លែង។ ម្យ៉ាងទៀត ក្នុងនាមជាថៅកែ ត្រូវស្គាល់និស្ស័យកូនចៅ ស្គាល់ជំនាញបុគ្គលិក និងប្រើគេឱ្យបានសមស្រប គេក៏សប្បាយចិត្ត នោះការងារមានប្រសិទ្ធភាពកាន់តែខ្ពស់៕

LEAVE A REPLY

Please enter your comment!
Please enter your name here