ដោយវុត្ថា
ភ្នំពេញ៖ គិតត្រឹមឆ្នាំ ២០១៨កន្លងទៅនេះ ការនាំចេញពីតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុមានទឹកប្រាក់ប្រមាណ ៣៧២លានដុល្លារអាមេរិក ពោលកើនឡើងប្រមាណ ៦៨ភាគរយ បើធៀបនឹងការនាំចេញនៅក្នុងឆ្នាំ ២០១៧ ។ នេះ បើយោងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិឌ្ឍន៍កម្ពុជា (CDC) នៅក្នុងកិច្ចប្រជុំលើកទី ៣ នៃគណៈកម្មាធិការសម្របសម្រួលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នៅថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៩ នេះដែលដឹកនាំដោយ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Qian Keming អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មចិន។
ប្រភពដដែលបន្តថា បច្ចុប្បន្ន នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានក្រុមហ៊ុនចំនួន ១៦១ បានចុះបញ្ជីវិនិយោគដែលមានដើមទុនសរុប ចំនួន ៩១៨លានដុល្លារអាមេរិក និងបានស្រូបយកកម្លាំងពលកម្មចំនួន ២២.៤៩៥ នាក់ ក្នុងមុខសញ្ញាផលិតកម្មនានាដូចជា៖ គ្រឿងអេឡិចត្រូនិក ខ្សែបង្គុំអគ្គិសនី សំបករថយន្ត គ្រឿងបន្លាសរថយន្ត ស៊ីមទូរទស្សន៍ សម្ភារៈបរិក្ខារបន្ទប់ទឹក ផលិតផលក្តារប៉ាកេ និងក្តារបន្ទៈ សម្ភារៈការិយាល័យ វត្ថុអនុស្សាវរីយ៍ សម្ភារៈបរិក្ខារកីឡា សម្លៀកបំពាក់ ស្បែកជើង កាបូប និងវ៉ាលីស និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ។ល។
ប្រភពដដែលបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសមួយនេះ បានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក៏ដូចជា ពង្រឹងចំណងទាក់ទងរវាងប្រទេសទាំងពីរ កម្ពុជា-ចិន ស្របតាមគោលនយោបាយចតុកោណ និងគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មឆ្នាំ ២០១៥-២០២៥ របស់រាជរដ្ឋាភិបាលកម្ពុជា និងគោលនយោបាយខ្សែក្រវ៉ាត់មួយផ្លូវមួយរបស់រដ្ឋាភិបាលចិន។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទីតាំងស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានចម្ងាយប្រមាណ១៣ គីឡូម៉ែត្រពីកំពង់ផែក្រុងព្រះសីហនុ ត្រូវបានបង្កើតឡើងតាមរយៈអនុក្រឹត្យលេខ ២៤ អនក្រ.បក ចុះថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០០៨ លើទំហំដី ១១១៣ ហិកតា ។ បច្ចុប្បន្នក្រុមហ៊ុនរៀបចំហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់លើផ្ទៃដីចំនួន ៦២៨ ហិកតា ដូចជា ផ្លូវថ្នល់ បណ្តាញអគ្គិសនី ទឹកស្អាត ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ អគារការិយាល័យរដ្ឋបាល មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ៕