GGGIអះអាងថា កម្ពុជាអាចអនុវត្តន៍បាននូវការផ្តល់សេវាកម្ម រថយន្តក្រុងអគ្គិសនី

0

ដោយៈ ច្រាយ ចំណាន

    ភ្នំពេញៈ វិទ្យាស្ថានកំណើនបៃតងសកល (Global Green Growth Institute – GGGI) បង្ហាញទស្សនៈវិជ្ជមានចំពោះកម្ពុជា ដែលកំពុងមាននិន្នាការលើការអភិវឌ្ឍ ក្នុងលក្ខខណ្ឌគិតគូរពីបរិស្ថាន ដែលប្រកបដោយចីរភាព។

ការលើកឡើង​បែបនេះ បានធ្វើឡើងកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ

២០២៣ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារ​ណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូ វិទ្យាស្ថានកំណើនបៃតងសកល (GGGI) ដឹកនាំដោយកញ្ញា Shomi Kim, តំណាង GGGI ប្រចាំកម្ពុជា។

ថ្លែងនៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ តំណាងវិទ្យាស្ថានកំណើនបៃតងសកល (GGGI) បានជម្រាបជូន លោកទេសរដ្ឋមន្ត្រី ឱ្យបានជ្រាបពីគម្រោងដែលវិទ្យាស្ថាន កំពុងអនុវត្តន៍ និងគម្រោងដែលគ្រោងនឹងអនុវត្ត នៅក្នុងប្រទេសកម្ពុជា។ នៅក្នុងនោះការសិក្សាបឋមសមិទ្ធិលទ្ធភាព (Pre-feasibility Study) សេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រា​ស់រថយន្តក្រុងអគ្គិសនី (E-Bus) ត្រូវបានបញ្ចប់ ហើយលទ្ធផលនៃការសិក្សាបានបង្ហាញថា គម្រោងនេះគឺអាចប្រព្រឹត្តទៅបាន ដោយមិនមានបញ្ហាចោទឡើយ។

ជាមួយគ្នានេះ យុទ្ធសាស្ត្រជាតិស្តីពីការគ្រប់គ្រង និងប្រតិបត្តិការសេវាដឹកជញ្ជូនសាធារណៈ ដោយប្រើប្រាស់រថយន្តក្រុងអគ្គិសនី (E Bus) នៅក្នុងក្រុងសៀមរាប គឺកំពុងត្រូវបានសិក្សា ហើយករណីសិក្សានេះ នឹងត្រូវយកទៅធ្វើគម្រូ សម្រាប់ទីក្រុងផ្សេងៗទៀត ប្រសិនបើការសិក្សាសម្រេចបាន លទ្ធផលជោគជ័យតាមការគ្រោងទុក។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល បានសម្តែងនូវសុទិដ្ឋនិយម និងឆន្ទៈក្នុងការគាំទ្រ លើរាល់សកម្មភាពដែលវិទ្យាស្ថានកំពុង ក៏ដូចជាគ្រោងនឹងអនុវត្តនាពេលអនាគត នៅក្នុងប្រទេសកម្ពុជា។

ចំពោះការបន្តជំរុញលើកទឹកចិត្ត ការប្រើប្រាស់យានយន្តដើរដោយ​ថាមពលអគ្គិសនី លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនថា ក្រសួង ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានខិតខំប្រឹងប្រែងកៀរគរដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើន ការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីថែរក្សាបរិស្ថាន ជាមួយយុទ្ធនាការអព្យាក្រឹតកាបូន។

ទេសរដ្ឋមន្ត្រី បានជម្រាបពីទីតាំងស្ថានីយ បញ្ចូលថាមពលអគ្គិសនី ដែលកំពុងដាក់ឱ្យដំណើរការនាពេលបច្ចុប្បន្ន និងផែនការក្នុងការបន្តពង្រាយឱ្យបានច្រើន នៅពាសពេញផ្ទៃប្រទេស ពីសំណាក់ក្រុមហ៊ុនឯកជននានា។

ប្រតិភូGGGI បានសម្តែងនូវចំណាប់អារម្មណ៍ខ្ពស់ លើគម្រោងអភិវឌ្ឍន៍នានា ដែលទាក់ទងនឹងការលើកកម្ពស់អនាម័យ បរិស្ថាន និងបានសម្តែងនូវការកោតសរសើរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងការងារមួយនេះ ក្រោមការខិតខំប្រឹងប្រែងពីសំណាក់ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន។

វិទ្យាស្ថានកំណើនបៃតងសកល (GGGI) គឺជាអង្គការអន្តររដ្ឋាភិបាល អន្តរជាតិ មានមូលដ្ឋានលើសន្ធិសញ្ញា ដែលគាំទ្រ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាបន្ន និងនិរន្តរភាព នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានសេដ្ឋកិច្ចកំពុងរីកចម្រើន។

វិទ្យាស្ថាននេះ ត្រូវបានបង្កើតឡើងដោយផ្អែកលើសុឆន្ទៈថា កំណើនសេដ្ឋកិច្ច និងនិរន្តរភាពនៃបរិស្ថាន មិនគ្រាន់តែជាគោលបំណងដែលស្របនោះទេ ការរួមបញ្ចូលនៃកោលគំនិតទាំងពីរនេះ គឺចាំបាច់ សម្រាប់អនាគតរបស់មនុស្សជាតិ។

វិទ្យាស្ថាន GGGI ធ្វើការជាមួយដៃគូក្នុងវិស័យសាធារណៈ និងឯកជន ក្នុងប្រទេសកំពុងអភិវឌ្ឍន៍ជុំវិញពិភពលោក ដើម្បីជំរុញកំណើនបៃតង ឱ្យទៅជាស្នូលនៃផែនការសេដ្ឋកិច្ច។ កម្ពុជាតាមរយៈក្រសួងបរិស្ថាន គឺជាសមាជិកដំបូងនៃវិទ្យាស្ថានGGGI ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here